ក្រោយខ្នងនៃការបង្កើតអង្គការសហប្រជាជាតិ (United Nations)

មុននឹងមានការបង្កើត United Nations ក្នុងឆ្នាំ១៩៤៥ ពិភពលោកមានអង្គការអន្តរជាតិមួយបង្កើតមុនអង្គការសហប្រជាជាតិរួចទៅហើយ។ អង្គការនោះមានឈ្មោះថា League of Nations (សម្ព័ន្ធប្រជាជាតិ)។ ដោយសារមូលហេតុដែល League of Nations ដួលរលំ ហើយមិនអាចទប់ស្កាត់សង្គ្រាមលោកលើកទី២បាន ទើបបណ្តាប្រទេសសម្ព័ន្ធមិត្តមាន សហរដ្ឋអាមេរិច អង់គ្លេស បារាំង សហភាពរុស្ស៊ី និងចិន ប្តេជ្ញាបង្កើត United Nations ឡើងដើម្បីទប់ស្កាត់ប្រទេសមហាអំណាចលោភលន់ឈ្លានពានដូចជា អាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលី បន្ទាប់សង្គ្រាមលោកលើកទី២បានបញ្ចប់។ ដូចនេះ គោលបំណងចម្បងនៃការបង្កើតអង្គការសហប្រជាជាតិ គឺដើម្បីមានសន្តិភាពពិភពលោក។

ប៉ុន្តែបន្ទាប់ពីបានបង្កើតអង្គការអន្តរជាតិនេះឡើងមក អ្នកនយោបាយជាច្រើនថ្វីត្បីតយល់ស្របនឹងមូលហេតុទប់ស្កាត់សង្គ្រាមនិងរក្សាសន្តិភាព ក៏មានការបកស្រាយជាច្រើនទៀតដែរ។

ទី១៖ អំណាចលើប្រទេសដទៃ

ការបង្កើតអង្គការសហប្រជាជាតិ ត្រូវបានផ្តួចផ្តើមដោយប្រទេសសហរដ្ឋអាមេរិច អង់គ្លេស បារាំង សហភាពរុស្ស៊ី និងចិន។ ដូចនេះប្រទេសទាំង៥ បានក្លាយទៅជាសមាជិកអចិន្ត្រៃយ៍ (5 permanent members) ដែលមានសិទ្ធវេតូ (veto) រាល់ការសម្រេចចិត្តលើកិច្ចការពិភពលោកបាន។ រហូតមកដល់ពេលនេះ ប្រទេសទាំង៥មិនមានឆន្ទះ បន្ថែមសមាជិកអចិន្ត្រៃយ៍ទៀតឡើយ។ នេះបង្ហាញថាប្រទេសទាំង៥ អាចប្រើប្រាស់អង្គការសហប្រជាជាតិដើម្បីបំរើផលប្រយោជន៍សន្តិសុខ និងនយោបាយរបស់ប្រទេសខ្លួន។

ទី២៖ បំរើមនោគមន៍វិជ្ជារបស់ប្រទេសមហាអំណាច

ក្រោយចប់សង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥ សង្គ្រាមត្រជាក់បានកើតឡើងក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ ដោយមានសហរដ្ឋអាមេរិច អង់គ្លេស បារាំងខាងមនោគមន៍វិជ្ជាប្រព័ន្ធសេរី និងសភាពរុស្ស៊ី និងចិនខាងមនោគមន៍វិជ្ជាកុម្មុយនីស។ ចុងក្រោយអង្គការសហប្រជាជាតិនៅតែមិនអាចទប់ស្កាត់សន្តិភាពបាន ដោយសង្គ្រាមត្រជាក់ត្រូវបានប្រើប្រាស់ដោយប្រទេសមហាអំណាចទាំងនោះ លើប្រទេសតូចៗដែលបង្ករអោយមានសង្គ្រាមក្នុង ប្រទេសវៀតណាម កម្ពុជា កូរេ បណ្តាប្រទេសនៅអឺរ៉ុបខាងកើត អាមេរិចឡាទីន និងតំបន់អាហ្រិក ជាដើម។ ដូចនេះ អស់ជាច្រើនទសវត្ស អ្នកសិក្សានយោបាយបានឃើញថា ប្រទេសសមាជិកអចិន្ត្រៃយ៍ បានប្រើប្រាស់អង្គការសហប្រជាជាតិបម្រើផលប្រយោជន៍របស់ពួកគេប៉ុណ្ណោះ។ នៅពេលអង្គការសហប្រជាជាតិបញ្ចេញសកម្មភាព នោះបានន័យថាសកម្មភាពជួយពិភពលោកមិនមានផលប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសទាំង៥នោះទេ។ នៅពេលដែលអង្គការសហប្រជាជាតិ មិនអាចសម្រេចចិត្តលើកិច្ចការណាមួយ បានន័យថាកិច្ចការនោះប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសទាំង៥។ នៅក្នុងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាកំពុងជួបប្រទះអំពើប្រល័យពូជសាសន៍ ប៉ុន្តែមិនមានប្រទេសសមាជិកអចិន្ត្រៃយ៍មួយណាចេញមុខការពារឡើយ ព្រោះវាមានជាប់ពាក់ព័ន្ធនឹងសហភាពរុស្ស៊ី និងប្រទេសចិន រីឯអាមេរិចទើបតែចាញ់សង្គ្រាមវៀតណាមលែងសំលឹងមើលផលប្រយោជន៍លើតំបន់ឥណ្ឌូចិនទៀត។​

ទី៣៖ ជួយកសាងរដ្ឋអោយប្រទេសតូច

មានប្រទេសជាច្រើនដែលទើបរួចផុតពីអាណានិគម និងប្រទេសដែលត្រូវបានបំផ្លាញដោយសង្គ្រាមលោកលើកទី២។ យើងអាចនិយាយបានថា នេះជាភាពជោគជ័យជាងគេរបស់អង្គការសហប្រជាជាតិលើការជួយបង្កើតរដ្ឋាភិបាលថ្មីដល់ប្រទេសទន់ខ្សោយទាំងនោះ។ ប្រទេសទន់ខ្សោយទាំងនោះភាគច្រើនមាននៅអឺរុបខាងកើត អាស៊ី និងអាហ្រិក។ ប្រទេសកម្ពុជាក៏ទទួលបានការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិបង្កើតរដ្ឋាភិបាលដោយមានការបោះឆ្នោតសេរីក្នុងឆ្នាំ១៩៩៣​ផងដែរ (សម័យ UNTAC)។

ទី៤៖ ផលប្រយោជន៍ សេដ្ឋកិច្ច vs បរិស្ថាន និងសិទ្ធិមនុស្ស

បន្ទាប់ពីសង្គ្រាមត្រជាក់បញ្ចប់នៅឆ្នាំ១៩៨៩ កិច្ចការពិភពលោកបានប្តូរទិសដៅពីបញ្ហាសន្តិសុខ និងនយោបាយខ្លាំង ទៅរកបញ្ហាថ្មីៗដូចជា ការផ្តោតសំខាន់លើអំណាចសេដ្ឋកិច្ច កត្តាធនធានដូចជា រ៉ែ ប្រេង ព្រៃ និងបញ្ហាសិទ្ធមនុស្សវិញម្តង។ ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងត្រូវការប្រើប្រាស់ឧស្សាហកម្មខ្លាំង ហើយប្រទេសដែលបំពុលបរិស្ថានច្រើនជាងគេគឺប្រទេសចិន និងសហរដ្ឋអាមេរិច ដែលជាប្រទេសផ្តោតលើឧស្សាហកម្មផលិតកម្មច្រើន ដើម្បីនាំចេញ។ ដោយសារផលប្រយោជន៍សេដ្ឋកិច្ចនេះ ទើបប្រទេសសមាជិកអចិន្ត្រៃយ៍ទាំងនោះមិនសូវមានឆន្ទះក្នុងការដោះស្រាយវិបត្តិបរិស្ថាន ដូចជាការ​កើនឡើង​កំ​ដៅ​ភព​ផែនដី ជាដើម ហើយផលប៉ះពាល់អាចជះដល់ពិភពលោកទាំងមូល។ បើនិយាយពីបញ្ហាសិទ្ធមនុស្ស ប្រទេសចិន និងរុស្ស៊ី មិនសូវអើពើឡើយ ព្រោះរដ្ឋាភិបាលទាំង២ ក៏មានការប្រើប្រាស់កំលាំងយោធាដើម្បីទប់ស្កាត់ជនជាតិដែលចង់រើបំរាស់ពីការគ្រប់គ្រងរបស់ខ្លួនដែរ។ នៅក្នុងឆ្នា២០០៣ សហរដ្ឋអាមេរិចបានចូលឈ្លានពានប្រទេស អ៊ីរ៉ាក់ ដោយគ្មានសេចក្តីយល់ព្រមពីអង្គការសហប្រជាជាតិ ហើយអ្នកនយោបាយជាច្រើនបានលើកឡើងថា ប្រេង គឺជាកត្តាចម្បងដែលសហរដ្ឋអាមេរិចលើកទ័ពពលីក្នុងប្រទេអ៊ីរ៉ាក់។ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ាក់នោះ ក៏មានការលើកឡើងនូវបញ្ហាបំពានសិទ្ធមនុស្សដោយសហរដ្ឋអាមេរិចផងដែរ ដូចជា ធ្វើទារុណកម្មសួរចម្លើយ និងការប្រើប្រាស់ដ្រូនបញ្ជាបាញ់គ្រាប់ដែលអាចសម្លាប់ប្រជាជនធម្មតាផងដែរ។

Facebook Comments