អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតរបស់ប្រទេសហ្វីលីពីន

ក្រសួងអប់រំ យុវជន និងកីឡា បានជំរាបជូនដំណឹងសាធារណៈជនទាំងពីរភេទថា ក្នុងឆ្នាំ២០១៧នេះ ប្រទេសហ្វីលីពីនបានផ្ដល់អាហារូបករណ៍ ០៥កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលមាន​រយៈពេល០២ឆ្នាំ និង០៥កន្លែងទៀតសម្រាប់ថ្នាក់បណ្ឌិតដែលមានរយៈពេល០៣ឆ្នាំ លើមុខជំនាញវិទ្យាសាស្ត្រ និងវិស្វកម្ម (Science and Engineerring)។

១. អត្ថប្រយោជន៍នៃអាហារូបករណ៍

បេក្ខជនដែលបានទទួលអាហារូបករណ៍នេះនឹងទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម៖

 • ថ្លៃសិក្សា និងការចំណាយចាំបាច់ផ្សេងៗទៀត
 • សំបុត្រយន្តហោះទៅមក កម្ពុជា-ហ្វីលិពីន-កម្ពុជា
 • ប្រាក់អាហារូបករណ៍ប្រចាំខែ
 • ថ្លៃសៀវភៅសិក្សា
 • ការធានារ៉ាប់រងសុខភាព និងការធ្វើដំណើរ

២. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនទាំងពីរភេទត្រូវ៖

 • មានសញ្ជាតិខ្មែរ
 • មានសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់បណ្ឌិត ដែលពាក់ព័ន្ធនឹងមុខជំនាញខាងលើ (BS in Engineering or Science and MS in Engineering or Science)
 • មានអាយុមិនលើសពី៤៥ឆ្នាំ
 • មានការបញ្ជាក់ពីក្រសួងសាមី ឬស្ថាប័ន (Be endorsed by Sending Institution)
 • ជាអតីតនិស្សិតឆ្នើមពេលកំពុងសិក្សា (The Certified Letter on Academic Standing is required)
 • មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ
 • មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទាន និងសតិបញ្ញា

៣. កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ

បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើត្រូវ៖

ក. ទាក់ទងរកពាក្យសុំអាហារូបករណ៍ និងបំពេញសំណុំបែបបទផ្សេងៗ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អាគារលេខ៨០ មហារិថីព្រះនរោត្តម (ស្ថិតក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧

ខ. ទាក់ទងជាមួយសាកលវិទ្យាល័យដែលចង់ទៅសិក្សា ដើម្បីស្នើរុំលិខិតទទួលយល់ព្រម (Acceptance Letter)។ បញ្ជីឈ្មោះ និងអាសយដ្ឋានរបស់សាកលវិទ្យាល័យដែលទទួលបណ្ដុះបណ្ដាលនិស្សិតអាចរកបាននៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សាតាមរយៈអាស័យដ្ឋានខាងលើ។

ព័ត៌មានបន្ថែម បេក្ខជនអាចសាកសួរតាមរយៈទូរស័ព្ទលេខ ០២៣ ៧២៤ ៨៧៤ រាល់ម៉ោងបំពេញការងារ។

Facebook Comments