សែលកាត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសកីឡាបាល់ទាត់ 2017

ភ្នំពេញថ្ងៃ 19 វិច្ឆិកា2017– កម្មវិធីប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសកីឡាបាល់ទាត់2017 បានធ្វើពិធីបើកជាផ្លូវការនៅ កីឡាដ្ឋានខេត្តកំពត ។កម្មវិធីត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានភាគហ៊ុនរបស់ខ្មែរ 100%។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង សែលកាតបានចុះកុងត្រាចាប់ដៃគូសហការលើគម្រោងនេះចាប់តាំងពីខែឧសភាដើម្បីផ្សព្វផ្សាយពីកីឡា ផ្តល់ការហ្វឹកហាត់បាល់ទាត់ ការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ និងការស្វែងរកតារាបាល់ទាត់ជំនាន់ថ្មីសម្រាប់ការប្រកួត កីឡាស៊ីហ្គេមឆ្នាំ 2023  ខាងមុខនេះ។

 

កាលពីពេលថ្មីៗ យើងបានហ្វឹកហ្វឺនកីឡាករដែលមក ពីសាលា 12 ខេត្តផ្សេងៗគ្នា ឥលូវនេះដល់ពេលដែលពួកគេបញ្ចេញសមត្ថភាពក្នុងការប្រកួតនេះដើម្បីស្វែងរកជើងឯក។

កម្មវិធីនេះកាន់តែរំជើបរំជួលជាមួយការប្រគំតន្រ្តី និងសកម្មភាពសប្បាយៗជាច្រើន។

កម្មវិធីនេះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី រដ្ឋមន្ត្រីក្រសួងអប់រំ​​ យុវជន និងកីឡាឯកឧត្តមបណ្ឌិតសភាចារ្យ​​​​​ ហង់ជួន ណារ៉ុន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ ​​សុខា លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ និង ឯកអគ្គរដ្ឋទូតសុឆន្ទះរបស់សែលកាត​​​ ក្រុម Polarix ដែលនឹងទៅអង្រូនកម្មវិធីបើកនេះ​ជាមួយនឹងការសម្តែងរបស់ពួកគេ ជាពិសេសបទ​ #LightUpKH។

ក្រុមចំនួន 32 ក្រុមដែលមកពី25 ខេត្តក្រុង នឹងចូលរួមការប្រកួតជម្រើសជើងឯកយុវ​​​​​​​ជនអាយុក្រោម 14 ឆ្នាំ និង16  ឆ្នាំនេះ ដែលសរុបមាន21 ប្រកួត ចាប់ពីខែវិច្ឆិកា រហូតដល់ខែ មីនា 2018

លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ របស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា៖យើងពិតជារីករាយណាស់ ដែលបានក្លាយជាដៃគូឧបត្ថម្ភក្នុងកម្មវិធីនេះ ដែលជាឱកាសឲ្យយើងអាចកាន់តែខិតទៅជិតអតិថិជនគោលដៅរបស់យើង ផ្សព្វផ្សាយពីកីឡា និងជាប្រយោជន៍ដល់យុវជនយើង។​  យើងសង្ឃឹមថា ការចាប់ដៃគូនេះអាចធ្វើឲ្យយុវជនកម្ពុជាបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការលេងបាល់ទាត់ និងទាក់ទាញការចាប់អារម្មណ៍លើវិស័យកីឡារបស់ពួកគេ។មិនតែប៉ុណ្ណោះ យើងសង្ឃឹមថា យុវជនរបស់យើង អាចពង្រឹងសមត្ថភាពមិនចាញ់ប្រទេសជិតខាង សម្រាប់ការចូលរួមកីឡាស៊ីហ្គេមនាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា ការចាប់ដៃគូសហការលើគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ឆ្នាំ2017 នេះ គឺជាគម្រោងដំបូងដ៏សំខាន់នៃទំនួលខុសត្រូវសង្គមរបស់យើង (CSR) ដែលយើងមានគោលបំណងលើកស្ទួយការរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈ ការអប់រំ សុខភាព និងលំនៅស្ថាន។

អ្នកអាចតាមដានកាលវិភាគនៃការប្រកួត និងលទ្ធផលលើទំព័រ Facebook  របស់សែលកាត។

Facebook Comments