អាហារូបករណ៍ MEXT តាមរយៈ University Recommendation ទៅប្រទេសជប៉ុន

ថ្ងៃនេះ អាឡាដាំងសូមណែនាំត្រួសៗអំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនមួយរបស់រដ្ឋាភិបាលប្រទេសជប៉ុន ដែលមានឈ្មោះថា “Monbukagakusho: MEXT – University Recommendation” ។ ខាងក្រោមនេះ ជាអ្វីដែលអាឡាដាំងបានសាកសួរពីនិស្សិតខ្មែរមួយរូបដែលបានទទួលអាហារូបករណ៍នេះកាលពីឆ្នាំកន្លងទៅនេះ។

យុវជនឈ្មោះ លី ស្ទីវិន ជាអតីតនិស្សិតវិស្វកម្មនៃដេប៉ាតឺម៉ង់ទេព្យកោសល្យជនបទ (Department of Rural Engineering) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយបានទទួលអាហារូបករណ៍ផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងកសិកម្មតូត្យូ (TUAT) នៃប្រទេសជប៉ុន។ បច្ចុប្បន្ន យុវជននេះជានិស្សិតថ្នាក់អនុបណ្ឌិតនៃសាកលវិទ្យាល័យក្យូតូ (Kyoto University) នៃប្រទេសជប៉ុន។

តើអ្វីទៅជាអាហារូបករណ៍ “Monbukagakusho: MEXT”?

អាហារូបករណ៍ “Monbukagakusho: MEXT” គឺជាប្រភេទកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីអាហារូបករណ៍នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ ដោយក្រសួងអប់រំ (MEXT) ក្រោមកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន។

ការដាក់ពាក្យសម្រាប់អាហារូបករណ៍នេះ បែងចែកជាពីប្រភេទ រួមមាន៖

 1. ការដាក់ពាក្យតាមរយៈ ស្ថានទូត – Embassy Recommendation
 2. ការដាក់ពាក្យតាមរយៈសាកលវិទ្យាល័យ – University Recommendation

មុខវិជ្ជាសិក្សា និងកំរិតនៃកម្មវិធីអាហារូបករណ៍

កម្មវិធី Monbukagakusho: MEXT ផ្តល់អាហារូបករណ៍ សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត (Master’s Degree) និងថ្នាក់បណ្ឌិត (Ph.D.)។ មុខវិជ្ជាសិក្សាមានច្រើន និងខុសគ្នាទៅតាមសាកលវិទ្យាល័យនិមួយៗ។

លក្ខខណ្ឌនៃការជ្រើសរើស

 1. សញ្ជាតិ៖ បេក្ខជនត្រូវតែមានសញ្ជាតិនៃប្រទេសដែលមានទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលប្រទេសជប៉ុន។
 2. អាយុ៖ បេក្ខជនត្រូវមានអាយុក្រោម ៣៤ឆ្នាំ។
 3. កំរិតសិក្សា៖ បេក្ខជនបានបញ្ចប់ការសិក្សា ឬនឹងបញ្ចប់ការសិក្សាក្នុងពេលឆាប់ៗនៃថ្នាក់បរិញ្ញាបត្រ (សំរាប់ការដាក់ពាក្យថ្នាក់អនុបណ្ឌិត) ឬអនុបណ្ឌិត (សំរាប់ការដាក់ពាក្យថ្នាក់បណ្ឌិត)។
 4. សុខភាព៖ បេក្ខជនត្រូវមានកាយសម្បទានគ្រប់គ្រាន់ និងសុខភាពរឹងមាំ។
 5. កំរិតភាសាអង់គ្លេស៖ បេក្ខជនត្រូវមានកំរិតភាសាអង់គ្លេសល្អ (IELTS 5.5 or above)

របៀបដាក់ពាក្យតាមរយៈ University Recommendation

កាលបរិច្ឆេទនៃការទទួលពាក្យ អាស្រ័យទៅតាមសាកលវិទ្យាល័យនិមួយៗ។ និស្សិតដែលមានបំណងចង់ដាក់ពាក្យ គួរតែតាមដានព័ត៌មានអាហារូបករណ៍នេះ តាមរយៈវេបសាយរបស់សាកលវិទ្យាល័យផ្ទាល់។ ជាទូទៅ ការទទួលពាក្យនឹងចាប់ផ្តើមក្នុងខែធ្នូ ជារៀងរាល់ឆ្នាំ។

ដំណើរការនៃការដាក់ពាក្យតាមរយៈ University Recommendation ៖

 1. ជំហានដំបូង បេក្ខជនត្រូវស្វែងរក Supervisor ដោយខ្លួនឯងពីសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត តាមរយៈការផ្ញើរ Email ដោយផ្ទាល់។
 2. បេក្ខជនត្រូវទទួលបានការយល់ព្រមពី Supervisor ដើម្បីអាចសុំ Admission និង Scholarship នៅជំហានបន្ទាប់។
 3. បន្ទាប់ពីទទួលបានការយល់ព្រមពី Supervisor បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសពី Supervisor ឬ Graduate School។
 4. បន្ទាប់ពីឆ្លងកាត់ការសម្ភាស បេក្ខជននឹងទទួលបានពាក្យអាហារូបករណ៍ MEXT University Recommendation ពី Supervisor។
 5. ការដាក់ពាក្យ និងការប្រកាសលទ្ធផលនឹងធ្វើឡើងតាមរយៈ Supervisor ដោយផ្ទាល់។

កាលបរិច្ឆេទសំរាប់ សាកលវិទ្យាល័យក្យូតូ (Kyoto University)

Link: http://www.kyoto-u.ac.jp/en/education-campus/international/students1/mext.html#university_recommendation

 1. December: Application
 2. Early January: Screening by Graduate School
 3. Late January: Screening by Kyoto University
 4. February-March: Screening by MEXT
 5. May-July: Notification of result

អាហារូបករណ៍ផ្តល់នូវ៖

 1. សំបុត្រយន្តហោះទៅមក
 2. ថ្លៃសម្រាប់សាកលវិទ្យាល័យ
 3. ថ្លៃរស់នៅប្រចាំខែ ¥144 000 (បន្ថែម ¥2 000 ឬ ¥3 000 ទៅតាមតំបន់រស់នៅ)

Facebook Comments