ក្មេងប្រុសម្នាក់ដើរទៅសាលាចម្ងាយ៤.៥គ.ម ក្រោមអាកាសធាតុក្រោម០°C

Yunnan ដែលមានអាយុទើបតែមានអាយុ៨ឆ្នាំ ជាក្មេងប្រុសរៀនថ្នាក់ទី៣។ សក់ និងចិញ្ចើមរបស់​ក្មេង​នោះបានកកដូចបានឃើញក្នុងរូប ក្រោយពីបានដើរទៅសាលារៀនមួយចម្ងាយ៤.៥គ.ម ក្រោមអា​កាស​ធាតុដ៏ត្រជាក់ ដែលជាថ្ងៃ​ប្រឡងបញ្ចប់ឆ្នាំរបស់គាត់។ ហេតុការណ៍នេះបានកើត​ឡើង​កាល​ពី​ថ្ងៃ​៨​មករា នៅស្រុក Ludian ប្រទេសចិន។

ក្នុងការដកស្រង់សម្ដីនាយកសាលាដោយសារព័ត៌មាន People’s Daily បានអោយដឹងថា “វាជាថ្ងៃ​ចាប់​ផ្ដើម​នៃថ្ងៃប្រឡងបញ្ចប់ឆ្នាំ ហើយសីតុណ្ហភាពនាព្រឹកនោះធ្លាក់យ៉ាងគំហុក។ ពេលគឺធ្លាក់រហូតដល់ -9°C ត្រឹមតែរយៈពេលកន្លះម៉ោង។ នេះជាមូលហេតុដែលធ្វើអោយសក់ និងចិញ្ចើមក្មេងប្រុស​នោះ​កក់​ពេល​មកដល់សាលា។” លោកបានបន្តថា “មុខរបស់ក្មេងនោះមានពណ៌ក្រហមគួរអោយស្រលាញ់។ ហើយគាត់បានធ្វើអោយមិត្តរួមថ្នាក់របស់គាត់ផ្ទុះសំណើចនៅពេលដែលគាត់ចូលមកដល់ថ្នាក់។”

ជាទូទៅ Yunnan ចំណាយពេល១ម៉ោងកន្លះដើម្បីដើរពីផ្ទះទៅដល់សាលា។

ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយកាសែត ក្មេងប្រុសដែលមានរហ័សនាម “ក្មេងទឹកកក” បានអោយ​ដឹង​ថា វាមានពន្លឺថ្ងៃ និងមានអាកាសធាតុធម្មតានៅពេលដែលគាត់ចេញពីផ្ទះ។ ហេតុនេះហើយទើបគាត់​សម្រេចចិត្តស្លៀកពាក់ខោអាវស្ដើង។

Yunnan រស់នៅក្នុងផ្ទះដីឥដ្ឋជាមួយលោកយាយ និងបងស្រីរបស់គាត់។ ឪពុក Yunnan បានធ្វើ​ចំ​ណាក​​ស្រុកដើម្បីរកការងារធ្វើ ខណៈពេលដែលម្ដាយបានចាកចេញពីគ្រួសារ។

ក្រៅពីទៅសាលារៀន Yunnan បានជួយធ្វើស្រែចំការលោកយាយរបស់គាត់ ដែលជាហេតុ​ធ្វើអោយ​ដៃ​របស់គាត់មានសភាពក្រិន។

អ្នកលេងបណ្ដាញអ៊ីធើណេត Webibo បានសម្ដែងក្ដីអាណិតអាសូរ និងអ្នកខ្លះបញ្ចេញមតិថា “ឧបសគ្គ​ដែលក្មេងនេះកំពុងតែពុះពារ នឹងក្លាយជាពន្លឺដ៏ត្រជាក់ត្រចងនាពេលអនាគត។”

Wang Yuman មានក្ដីស្រមៃចង់ក្លាយជាប៉ូលីសដើម្បីចាប់ជនអាក្រក់។ គាត់បានបន្ថែម​ទៀតថានៅ​ក្នុង​ឆ្នាំ​ថ្មីនេះ គាត់នឹងខិតខំសិក្សាដើម្បីរកលុយទៅជួយព្យាបានលោកយាយរបស់គាត់ ដែលកំពុង​តែ​មាន​ជម្ងឺ៕

ប្រភព៖ Channelnewsasia

Facebook Comments