ខ្លែងឯក៖ មានឈ្មោះដើម ខ្លែងមេកូន ឬ ខ្លែងព្នងលេចរូបរាងឡើងតាំងពី ៤០០ឆ្នាំមុនគ.ស

តើខ្លែងឯកមានប្រវត្តិ និងជំនឿសម្រាប់ពិធីបង្ហោះខ្លែងដូចម្តេចខ្លះ?

ខ្លែងខ្មែរ by Roeung Sareth, Deputy Director of Department of Culture Development

ដូនតាខ្មែរយើងបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ភាសា អក្សរ សម្លៀកបំពាក់ សំណង់អគារល្បីៗ ព្រមទាំងកេរមរតកយ៉ាងច្រើនសម្បូរបែបទំាងរូបី និងអរូបីទុកដល់កូនចៅជំនាន់ក្រោយសម្រាប់ប្រត្តិបត្តិ និងជួយថែរក្សា។ ក្នុងនោះខ្លែងឯកត្រូវបានរាប់បញ្ចូលថាជាកេរមរតករបស់ប្រជាជនខ្មែរដែលមិនអាចកាត់ថ្លៃបានដែលចូលរួមចំណែកឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែររួមទាំងជួយអោយខ្មែរមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិក៏ដោយសារតែខ្លែងឯកមួយនេះ។

ដើមឡើយ “ខ្លែងឯក” មានឈ្មោះថាជា “ខ្លែងមេកូន ឬ ខ្លែងព្នង” ដែលបានលេចរូបរាងឡើងតាំងពី ៤០០ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ(សម័យមុននគរភ្នំ)។   ខ្លែងឯកត្រូវបានបង្កើតឡើងសម្រាប់ពិធីបង្ហោះខ្លែងនារដូវច្រូតកាត់ ដែលពិធីនេះមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ កាលនោះ បុព្វបុរសខ្មែរមានជំនឿលើអ្នកតា ដូចនេះហើយពិធីបង្ហោះខ្លែងក៏ធ្វើឡើងដើម្បីសម្តែងការដឹងគុណចំពោះអ្នកតាដែលបានជួយផ្គត់ផ្គង់ទឹកភ្លៀងគ្រប់គ្រាប់សម្រាប់ការបង្កបង្កើនផល និងជួយអោយផលដំណាំលូតលាស់បានផលល្អ។ រហូតមកដល់សម័យនគរភ្នំ ខ្មែរចាប់ផ្តើមទទួលវប្បធម៌ និងជំនឿសាសនាពីឥណ្ឌា ដូច្នេះហើយពិធីបង្ហោះខ្លែងប្រហែលត្រូវរៀបចំឡើងតាមលក្ខណៈព្រហ្មញ្ញសាសនា។ ដោយសារខ្មែរប្រកាន់យករបបមាតាធិបតេយ្យ ទើបពេលនោះខ្លែងឯក ឬខ្លែងព្នង ត្រូវបានគេស្គាល់ឈ្មោះថា “ខ្លែងមេកូន” ដែលមេគឺជាព្រះមហាក្សត្រិយានី ហើយកូនជាប្រជារាស្ត្រ។ គួរអោយសង្វែក ខ្លែងឯក បានបាត់រូបរាង និងលេចរូបរាងឡើងជាច្រើនលើកច្រើនសារដោយសារតែសង្គ្រាមរ៉ាំងរៃពីសម័យកាលមួយទៅសម័យកាលមួយទៀត។ ជាក់ស្តែង ក្នុងរជ្ជកាលព្រះបាទអង្គឌួងជាក្សត្រដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា ទ្រង់តែងប្រារព្ធព្រះរាជពិធីបង្ហោះខ្លែងតាមបែបព្រះពុទ្ធសាសនាជារៀងរាល់ឆ្នាំ គឺចាប់ថ្ងៃ១២ កើតដល់ថ្ងៃ ១៥កើត ខែមិគសិរ នៅឯរាជធានីឧដុង្គ ដោយមានសង់រោងពិធី ៥ អន្លើ ព្រមទាំងនិមន្តព្រះសង្ឃជារាជគណៈ ចម្រើនព្រះបរិត្តនៅគ្រប់រោងទាំង ៥ ដែលមានតាំងគោម និងខ្លែងចំនួន៥។  ព្រះរាជពិធីនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសដល់ព្រះចូឡាមណីចេតិយ និងបួងសួងកុំអោយមានភ្លៀង ឬទឹកជំនន់ក្នុងរដូវច្រូតកាត់ ព្រមទាំងដើម្បីសុភមង្គល និងសុខសន្តិភាព សម្រាប់ប្រជាជនខ្មែរ។ ពេលព្រះអង្គសោយទីវង្គតពុំមានព្រះមហាក្សត្រណារៀបចំពិធីនេះទៀតទេ។

រហូតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៤ ដោយសារមានការផ្តួចផ្តើមគំនិតពីលោកអ៊ំព្រឹទ្ធាចារ្យ ស៊ឹម សារ៉ាក់ បានប្រមូលបានអ្នកស្នេហាខ្លែងចំនួន ២៧នាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំអោយមានមហោស្រពខ្លែងលើកទី១។ ចាប់តាំងពីពេលនោះមក ខ្លែងឯក ក៏បានចាប់លេចរូបរាងឡើងជាថ្មីម្តងទៀត ហើយមហោស្រពបង្ហោះខ្លែងក៏បានរៀបចំឡើងរហូតមកដល់បច្ចុប្បន្ន។ ខ្លែងឯក បានចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិតាមបណ្តាប្រទេសនានាដូចជា ប្រទេសកូរ៉េ ជប៉ុន បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អង់គ្លេស ។ល។

Image may contain: text
មហោស្រពបង្ហើរខ្លែងខ្មែរលើកទី២០ ឆ្នាំ២០១៦, taken from នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ Fb page

សេដ្ឋកិច្ចប្រទេសកម្ពុជាតែងពឹងផ្អែកលើវិស័យកសិកម្ម ដូចនេះហើយរាល់ជំនឿ និងពិធីបុណ្យនានាតែងតែមានទំនាក់ទំនងនឹងវិស័យកសិកម្ម។ ជំនឿក្នុងការបង្ហោះខ្លែងតាមបែបព្រះពុទ្ធសាសនា គឺដើម្បីឧទ្ទិសដល់ព្រះចូឡាមណីចេតិយ៍ដែលតំកល់ព្រះកេសាព្រះពុទ្ធនាស្ថានត្រ័យត្រឹង្ស ជាស្ថានរបស់ទេព្តា៣៣អង្គគង់នៅ។ ចំណែកឯពិធីបង្ហោះខ្លែងតាមជំនឿបែបព្រហ្មញ្ញសាសនាវិញ គឺដើម្បីឧទ្ទិសចំពោះព្រះអាទិទេញធំៗ ដូចជា ព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្ម ព្រះអាទិត្យ ព្រះច័ន្ទ ព្រះភិរុណ ព្រះធរណី ព្រះអាគ្គី និងព្រះពាយជាដើម។ ម៉្យាងទៀត ការប្រារព្ធនេះគឺគេមានជំនឿថា នាំអោយមានសន្តិភាព និងសុភមង្គលដល់ប្រជាជនខ្មែរទូទាំងប្រទេស និងដើម្បីអបអរសាទរទេព្តាឆ្នាំថ្មី ក៏ដូចជាការសាទររីករាយនឹងការប្រមូលភោគផលដំណាំបានល្អផងដែរ។

ដូចនេះ យើងជាកូនខ្មែរជំនាន់ក្រោយគួរគប្បីយល់ដឹងអោយបានពិស្តារពីប្រវត្តិរបស់ខ្លែងខ្មែរ ជាពិសេស គឺខ្លែងឯកនេះតែម្តង ព្រមទាំងជំនឿក្នុងការប្រារព្ធពិធីបង្ហោះខ្លែងផងដែរ។

យល់ដឹងពីលក្ខណៈពិសេសនិងសារៈសំខាន់របស់ខ្លែងឯក

ខ្លែងឯក ដែលជាខ្លែងមួយក្នុងចំណោមប្រភេទខ្លែងខ្មែរជាង២០ប្រភេទ មានឈ្មោះល្បីល្បាញដល់ឆាកអន្តរជាតិ ដោយវាត្រូវបានយកទៅចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិ ចាប់ពីឆ្នាំ១៩៩៤ នៅប្រទេសជាច្រើនដូចជា បារាំង អ៊ីតាលី អង់គ្លេស ចិន ជប៉ុន កូរ៉េ ឥណ្ឌា ឥណ្ឌូណេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាមជាដើម។តោះ! អញ្ចឹងមកស្គាល់ឲ្យច្បាស់ពីខ្លែងឯកខ្មែរទាំងអស់គ្នា!ពត៌មានលំអិត៖ http://news.sabay.com.kh/article/879100

Posted by Sabay News on Sunday, 30 October 2016

រាល់ឧបករណ៏ ឬ វត្ថុនានាដែលមាននៅលើសកលលោកយើងនេះ វាតែងតែមានលក្ខណៈពិសេសរបស់វារៀងៗខ្លួន។ ចំណែកឯខ្លែងឯក ក៏មានលក្ខណៈពិសេសរបស់វាផងដែរ។ ជាក់ស្តែង “ឯក” ជាឧបករណ៍តន្រ្តីដែលបំពាក់លើខ្លែងឯកហើយវាក៏មានលក្ខណៈពិសេសរបស់វាដូចតទៅ “ដងឯក” ធ្វើឡើងពីឬស្សីមួយដើមប្រវែងប្រហែលពី ១ម ទៅ ២មជាងតែប៉ុណ្ណោះ

គួបផ្សំនឹង “អណ្តាតឯក” ដ៏ស្តើងធ្វើពីផ្តៅ ដែលបិតដោយដៃយ៉ាងស្តើងសឹងតែស្មើនឹងកម្រាស់ក្រដាស A4មួយសន្លឹកហើយផ្នែកទាំងពីរនេះជាផ្នែកដ៏សំខាន់បំផុតហើយត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុតក្នុងការធ្វើទើបអាចធ្វើអោយឯកមួយអាចលឺសម្លេងបានពិរោះនៅលើអាកាសបាន។អ្វីដែលំខាន់នោះគឺរូបធាតុដើមសំខាន់ៗទាំងពីរយ៉ាងនេះហើយ ដែលអាចជួយអោយខ្លែងមួយដែលបំពាក់ទៅដោយឯក ពេលហើរទៅលើអាកាស ឬប៉ះនឹងទម្ងន់ខ្យល់ដែលសមរម្យ បូកផ្សំនឹងទឹកដៃនៃការធ្វើដ៏ផ្ចិតផ្ចង់ ជាមួយនឹងប្រណិតភាពរបស់ឬស្សី អាចធ្វើអោយសម្លេងរបស់ឯកបន្លឺឡើងដល់ទៅ ៩ប្រភេទខុសៗគ្នា។ លើសពីនេះទៅទៀត ការបង្ហើរខ្លែងភាគច្រើនគេធ្វើឡើងជាក្រុម ឬដោយសហគមន៍ដែលសកម្មភាពបែបនេះសបង្ហាញអោយឃើញពីការរឹតបណ្តឹងចំនងមិត្តភាពរវាងប្រជាជនខ្មែរជុំវិញផ្ទៃប្រទេសក៏ដូចជាស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អក្នុងការធ្វើការងាររួមគ្នាជាក្រុមក្នុងគោលបំណងជួយលើកស្ទួយមរតកខ្លែងខ្មែរជាពិសេសគឺខ្លែងឯក។ជាងនេះទៅទៀត ការបង្ហើរខ្លែងជានិមិត្តរូបប្រាប់អោយដឹងថា ប្រទេសជាតិមានសន្តិភាព មានស្ថេរភាព និងភាពរុងរឿង។ ហេតុនេះហើយបានជាគេចំណាំថា ពេលអ្នកស្រុកបង្ហើរខ្លែងម្តងៗ គឺបង្ហាញអោយដឹងថា អ្នកស្រុកមានសេរីភាព មានសុភមង្គល និងប្រទេសជាតិមានសន្តិភាព។ ចំណុចសំខាន់ចុងក្រោយ ខ្លែងឯកតំណាងអោយមាតា ឬភាពជាអ្នកដឺកនាំ ពីព្រោះកាលពីសម័យនគរភ្នំ ក្នុងស.វទី១ ដល់ស.វទី៦ ខ្មែរប្រកាន់យកនូវរបបមាតាធិបតេយ្យ ទើបខ្លែងត្រួវបានចាត់ទុកថាជាមេ ឬព្រះមហាក្សត្រិយានី។ អ្នកស្រុកបានហៅខ្លែងឯកថា ខ្លែងមេកូន គឺមេជាព្រះមហាក្សត្រិយានី ហើយកូនជាប្រជារាស្រ្ត។ បើតាមសៀវភៅ Khmer kite រៀបរៀងដោយលោក ស៊ឹម សារ៉ាក់ បានប្រៀបធៀបខ្លែងទៅនឹងប្រទេសមួយ ហើយសន្មតស្លាបខ្លែងប្រៀបបានជាមហាក្សត្រិយានី។ ចំណែកឯ ឯក នៅខាងលើអំណាចរបស់រាជវង្សដែលបញ្ជាទៅកាន់ប្រជារាស្រ្តរបស់ទ្រង់។

មួយវិញទៀតបើយោងតាមរឿង ធញ្ជ័យ វាជាមោទនភាពមួយរបស់ប្រជាជាតិខ្មែរមួយផងដែរ ដែលមានលោកបណ្ឌិត ធញ្ជ័យបានធ្វើអោយប្រទេសចិនស្គាល់អំពីខ្លែងឯកមួយនេះ ខណៈពេលដែលគាត់ជាប់គុកសំរឹទ្ធនៅប្រទេសចិន។

តាមរយ:ខ្លែងឯកបានសបញ្ជាក់ថាសណ្តានខ្មែរ យើងមានការច្នៃប្រឌិតខ្ពស់ និងមានភាពអត់ធ្មត់ហ្មត់ចត់ខ្លាំងគ្រប់ភារកិច្ច ។ ជាការពិតណាស់ ខ្លែងអាចនិយាយបានថាជាឧបករណ៍ដែលធ្វើចេញពីឬស្សី  និងផ្តៅតែប៉ុណ្ណោះ គឺទាមទារអោយមានការច្នៃប្រឌិតខ្ពស់ និងមានចិត្តអត់ធ្មត់ ព្រមទាំងផ្ចិតផ្ចង់ខ្លាំងជាទីបំផុត ដើម្បីអោយខ្លែងនោះហោះបានល្អឥតខ្ចោះ និងបញ្ចេញសម្លេងបានពិរោះរណ្តំ។ ដូច្នេះយើងអាចសន្និដ្ធានបានថាខ្មែរដែលជាអ្នកបង្កើតខ្លែងឯក ក៏ដូចជាអ្នកពូកែក្នុងការធ្វើវា គឺជាប្រភេទមនុស្សប្រកបដោយអត្តចរិតអត់ធ្មត់ខ្លាំង និងមានភាពច្នៃប្រឌិតខ្ពស់ផងដែរ។

ខ្លែងឯកជារបស់មួយសាមញ្ញប៉ុន្តែមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិខ្មែរ។ ដោយហេតុថារូបធាតុដែលគេយកមកផលិតខ្លែងនេះសុទ្ធសឹងតែជាវត្ថុធាតុដើមរបស់ខ្មែរដែលមានពសសពេញប្រទេសកម្ពុជា ហើយមានភាពងាយស្រួលក្នុងការស្វែងរក ព្រមទាំងឧបករណ៍ដែលយកមកប្រើដូចជា ពូថៅ កាំបិត រណាជាដើម ដែលជាប្រដាប់ប្រដារបស់ប្រជាជនខ្មែរសុទ្ធតែមាន និងប្រើប្រាស់ប្រចាំថ្ងៃ។

ខ្លែងឯកជាក៏ផ្នែកមួយនៃប្រវត្តិសាស្រ្ត និងជាបេតិកភ័ណ្ឌរបស់ខ្មែរដែល ប៉ុន្តែគួរអោយសោកស្តាយដែលប្រជាជនខ្មែរមួយចំនួនធំមើលរំលងនិងបណ្តាមនុស្សនៅលើសកលលោកជាច្រើនមិនទាន់បានស្គាល់ ពីសមិទ្ធផលតាំងពីបុរាណកាលនេះមក។ “ខ្លែងឯក” ជាវត្ថុដ៏មានតម្លៃសម្រាប់អត្តសញ្ញាណជាតិខ្មែរព្រមទាំងជាតួអង្គមួយវប្បធម៌ខ្មែរដែលតែងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមប្រទេសកម្ពុជាប៉ុន្តែវានឹងប្រឈមមុខក្នុងការបាត់បង់ប្រសិនបើយើងមើលរំលងនិងមិនយកចិត្តទុកដាក់ពីវា។

"ខ្លែងខ្មែរ មានប្រវត្តិជាង២ពាន់ឆ្នាំមកហើយ" លោក រឿង សារ៉េត បុរសដែលបានធ្វើការងារអំពីខ្លែងខ្មែរជាង២០។ #proudcambodian

Posted by មោទនភាពកូនខ្មែរ / Proud to be Cambodian on Thursday, 15 December 2016

ជោគវាសនាកេរ្តិ៏ឈ្មោះនៃកេរមរតកខ្លែងឯកមួយនេះអាចគង់វង្សទៅបាន គឺអាស្រ័យលើភាពយកចិត្តទុកដាក់ និងស្មារតី រួមទាំងសកម្មភាពក្នុងការថែរក្សារបស់អ្នកទាំងអស់គ្នា។

Facebook Comments