តើសិស្សនិស្សិតគួរចំណាយពេលទៅលើការងារស្ម័គ្រចិត្តដែរឬទេ?

សិ្ថតនៅក្នុងវ័យសិក្សាសិស្សនិងនិសិ្សតមួយចំនួនតែងតែយកចិត្តទុកដាក់ផោ្តតទៅលើការសិក្សារបស់ពូកគេជាចំបងគោលបំណងគឺដើម្បីទទួលបានការងារល្អប្រាក់ចំនូលខ្ពស់និងក្លាយជាបុគ្គលដែលមានសមត្ថភាពមួយដើម្បីប្រកួតប្រជែងនៅក្នុងសង្គមប៉ុន្តែការសិក្សានៅក្នុងសាលាតែមួយផ្នែកមិនអាចជួយឬក៏អភិវឌ្ឍ ខ្លួនឯងឲ្យទៅជាបុគ្គលឆ្នើមនោះទេ កត្តាផ្សេងៗជាច្រើនត្រូវបានរួមផ្សំ ក៍ដូចជាបទ ពិសោធន៏ក្នុងការងារឬស្ថានភាពផ្សេងៗដែលបានអនុវត្តន៏នៅក្នុងជីវិតប្រចាំថ្ងៃ គួបផ្សំជាមូយចំនេះដឹងទើបជម្រុញឲ្យបុគ្គលនោះឲ្យក្លាយទៅជាមនុស្សជោគជ័យនៅក្នុងជីវិត ។

បែរចំណាប់អារម្មណ៏មកមើលស្ថានភាពសិស្សនិងនិសិ្សតដែលកំពុងក្រេបជញ្ជក់ចំណេះដឹងនៅក្នុងសង្គមវិញតើពួកគេត្រូវធ្វើយ៉ាងដូចម្តេចដើម្បីទទួលបានបទពិសោធន៍ក្រៅពីសាលារៀនយកមកពង្រឹងសមត្ថភាពខ្លួនឯងដោយហេតុថាខ្លួនពុំទាន់អាចមានជីវះវិជ្ជាដែលសមស្របទៅនឹងតម្រួវការរបស់ការងារ?

ជាការពិតណាស់សិស្សនិងនិសិ្សតអាចអភិវឌ្ឍសមត្ថភាពព្រមទាំងបទពិសោធន៏របស់ខ្លួនតាមរយះការចូលរួមក្នុងការងារស្ម័គ្រចិត្តឬការងារសង្គម។

អី្វទៅជាការងារសង្គមឬការងារស្ម័គ្រចិត្ត?

ការងារសង្គមឬការងារស័្មគ្រចិត្តគឺជាការងារមួយដែលបុគ្គលចូលរួមទទួលយកដោយគ្មានប្រាក់កម្រៃពោលគឺស្ម័គ្រចិត្ត។ សិស្សនិងនិសិ្សតជាច្រើនតែងតែខ្វាយខ្វល់ចំពោះពិន្ទុរបស់ខ្លួននៅក្នុងសាលាដោយឡែកការខ្វាយខ្វល់ហួសហេតុរបស់ពួកគេមិនអាចជួយឲ្យពួកគេស្វែងយល់ឬសិក្សាពីអ្វីថ្មីនៅជុំវិញខ្លួនឯងឡើយ។ ពួកគេយល់ថាការងារផ្សេងៗក្រៅពីសាលារៀបចំឲ្យពួកគេដូចជា ការងារ ស្ម័គ្រចិត្តគឺជាការងារខាតបង់ពេលវេលានិងមិនផ្តល់សារៈប្រយោជន៏ដល់ពួកគេនោះទេផ្ទុយទៅវិញបើសិនជាអ្នកចង់មានភាពលេចធ្លោក្នុងស្ថានភាពណាមួយ អ្នកត្រូវមានអ្វីដែលផ្លែកនិងពិសេសជាងគេ។

គុណសម្បត្តិនៃការងារស្ម័គ្រចិត្ត

ដោយយល់ឃើញថាសិស្សនិស្សិតបច្ចុប្បន្នហាក់ដូចជាមានចំណាប់អារម្មណ៍លើការងារស្ម័គ្រចិត្តច្រើនហើយក៏មានការងារស្ម័គ្រចិត្តជាច្រើនសម្រាប់ផ្តល់ឲ្យសិស្សនិស្សិតហ្វឹកហាត់ ផ្តល់ឳកាសឲ្យពួកគេស្គាល់អ្វីទៅជាការងារ និងសង្គមខាង ក្រៅ វានឹងផ្តល់សារៈសំខាន់ដល់ពួកគេ ឲ្យផ្សាំខ្លួនក្នុងបរិយាកាសក្នុងសង្គម ទទួលបានបទពិសោធន៍ ស្គាល់មនុស្សជាច្រើនពីមនុស្សដែលមានសក្តានុពលក្នុងសង្គម។ ខាងក្រោមជាគុណសម្បត្តិនៃការស្ម័គ្រចិត្ត។

បង្កើតទំនាក់ទំនងជាមួយអ្នកដទៃ

ការងារស្ម័គ្រចិត្តអាចផ្តល់នូវចំណេះដឹងទូលំទូលាយដែលយើងមិនធ្លាប់ជួបប្រទះ ជាពិសេសវាផ្ដល់ឱកាសឲ្យយើងប្រាស័យទាក់ទងជាមួយមនុស្សនៅក្នុងសង្គមដែលមានជំនាញចំណេះដឹងចំណង់ចំណូលចិត្តខុសៗគ្នារាប់អានមិត្តថ្មី បង្កើតចំណងមិត្តភាពនិងសមត្ថភាពការងារជាក្រុមចែករំលែកចំណេះដឹងថ្មីបទ ពិសោធន៏ដែលខ្លួនមិនធ្លាប់មានតាមរយៈការចូលរួមសកម្មភាពដោះស្រាយបញ្ហា និងការសិក្សាកែលម្អគ្នាទៅវិញទៅមក។

អភិវឌ្ឍអាកប្បកិរិយាល្អចំពោះខ្លួនឯង

បន្ថែមពីលើនេះ ការងារស្ម័គ្រចិត្តអាចពង្រឹងការទទួលខុសត្រូវចំពោះការងារពេលវេលានិងកាតព្វកិច្ចបស់អ្នកឲ្យកាន់តែល្អជាងមុនរួមទាំងទំនុកចិត្តក្នុងការបញ្ចេញមតិនិងដោះស្រាយបញ្ហាជាក់ស្ដែងនៅក្នុងសង្គមព្រោះថានៅពេលដែលយើងធ្វើការងារដោយស្ម័គ្រចិត្តយើងធ្វើដោយមិនមានសម្ពាធពីអ្នកដទៃ ការចូលរួម សកម្មភាពការងារស្ម័គ្រចិត្តនេះទៀតសោតក៏ជួយឲ្យយើងកាត់បន្ថយនូវស្រ្តេស កំហឹង ការធុញថប់ ការបាក់ទឹកចិត្តផ្សេងៗដោយហេតុថា យើងបានធ្វើរឿងល្អដល់សង្គម។ ការងារស្ម័គ្រចិត្តជាការងារមួយដែលអាចធ្វើឲ្យអ្នករកឃើញនូវចំណង់ចំណូលចិត្ត ទេពកោសព្យជាមួយគ្នាផង ដែលការងារស័្មគ្រចិត្តនឹងធ្វើឲ្យអ្នកមានអារម្មណ៏សប្បាយរីករាយនៅពេលអ្នកក្លាយជាកោសិកាមួយផ្នែកតូច សម្រាប់អភិវឌ្ឍសង្គមឲ្យរីកចម្រើន។

បង្កើនឱកាសការងារ

ការងារស្ម័គ្រចិត្តក៍អាចជាគន្លឹះមួយសម្រាប់ឲ្យអ្នកទាញយកនូវទាំងជំនាញរឹង (Hard-skill) និងជំនាញទន់ (Soft-skill) ផ្សេងៗដូចជាផ្ដល់ឱកាសឲ្យអ្នកអនុវត្ត ការងារជាក់ស្ដែង ដោះស្រាយបញ្ហា ទំនាក់ទំនង បង្កើតឬរៀបចំ Project ភាពជាអ្នកដឹកនាំ។ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចស្វែងរកបទពិសោធន៍ តាមរយៈការចុះកម្មសិក្សា (Internship) ដោយស្ម័គ្រចិត្តដើម្បីក្រេបយកនូវបទពិសោធន៏ និងតៀមខ្លួនទៅជាបុគ្កលិកដែលប្រកបទៅដោយវិជា្ជជីវៈ។ ឧទាហរណ៏៖ បើសិនជាអ្នកចង់ធ្វើការខាងផ្នែកវិស័យសុខាភិបាលអ្នកត្រូវតែចូលរួមចំណាយពេលធ្វើការស្ម័គ្រចិត្តតាមរយៈមន្ទីរពេទ្យនានាដែលអ្នកអាចរកបាន ការងារស្ម័គ្រជាទុនសម្រាប់ភ្ជាប់ជាមួយប្រវតិ្តរូបរបស់អ្នកឆ្ពោះទៅថ្ងៃអនាគតផង។

គុណវិបត្តិនៃការធ្វើការងារស្ម័គ្រចិត្ត

ទន្ទឹមនឹងនេះការងារស្ម័គ្រចិត្តក៏ផ្តល់នូវគុណវិបត្តិមួយចំនួនដែរប្រសិនបើយើងមិនចេះបែងចែកចាត់ចែងពេលវេលាឲ្យបានច្បាស់លាស់។ ខាងក្រោមនេះគឺជាគុណវិបត្តិ ដែលប៉ះពាល់នៃការធ្វើការងារស្ម័គ្រចិត្ត។

ប៉ះពាល់ដល់ពេលវេលារៀនសូត្រឬធ្វើការ

វាអាស្រ័យទៅលើការងារដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ន មានន័យថាវាផ្តោត ទៅលើការ ប្រើប្រាស់ពេលវេលាអោយបានសមរម្យ ឬអត់។ ជាតួយ៉ាង ការងារស្ម័គ្រចិត្តខ្លះត្រូវចំណាយពេលយូរ អាចមានផលប៉ះពាល់ទៅលើការងាររៀនសូត្រ បើមិនបែកចែកពេលវេលាឲ្យដាច់ស្រេច។ ការងារស្ម័គ្រចិត្តទាមទារឲ្យ មានការធ្វើការជាក្រុម ពេលប្រជុំ ចុះតាមខេត្ត។ល។ ហេតុនេះបើសិនជាអ្នកធ្វើការ ពេញម៉ោង ឬកាលវិភាគសិក្សាពេញហើយ មិនគួរទៅធ្វើការងារស្ម័គ្រចិត្តទេ ព្រោះវាមានផលប៉ះពាល់ទៅលើការសិក្សាជាមិនខាន ។

ការប៉ះទង្គិចផ្លូវចិត្ត

ការងារស្ម័គ្រចិត្តគឺត្រូវមានការសហការគ្នាឲ្យបានល្អ ចុះសម្រុងជាមួយគ្នាដើម្បីឲ្យ ការងារដំណើរការល្អប្រសើរ ។ មិនថាការងារនោះក្នុងអង្គការតូច ឬ ជាការងារសប្បុរសធម៌ថ្នាក់ជាតិ អ្នកនឹងមិនអាចជៀសរួចពីការទាក់ទងនឹងនរណាម្នាក់ឡើយ ពេលខ្លះអាចមានបញ្ហាក្នុងក្រុមដោយសារមានអត្តចរិកមិនល្អជាមួយគ្នា។ ការធ្វើការជាមួយមនុស្សដែលមានអត្តចរិកមិនត្រូវ ជាមួយយើងគឺពិបាកដំណើរការមិនល្អ ផ្ទុយគំនិតគ្នា បង្ករឲ្យគោលដៅរួមគ្នា បែរជាបែកខ្វែងគ្នាទៅវិញ ធ្វើឲ្យការងារមានភាពស្មុគស្មាញ នោះអ្នកនឹងបាត់បង់ការអារម្មណ៍បន្តការងារដែលត្រូវធ្វើ  ។

ប៉ះពាល់ដល់សុខភាព

ការងារ ស្ម័គ្រចិត្តទាមទារឲ្យមានការប្រើប្រាស់កម្លាំងកាយ និងប្រាជ្ញាដើម្បីធ្វើការ ការងារត្រូវផ្ចង់ស្មារតី ប្រើប្រាស់អារម្មណ៍សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ អ្នកប្រើប្រាស់ ពេលទៅលើការងារស្ម័គ្រចិត្តកាន់តែច្រើន នោះអ្នកនឹងមានអារម្មណ៍តានតឹង អន្ទះសារ បង្កើតជាអារម្មណ៍អវិជ្ជមាន ហើយអាចជះឥទ្ធិពលដល់សុខភាពផ្លូវ កាយ។ ការងារស្ម័គ្រចិត្តខ្លះត្រូវឲមានការចុះតាមខេត្តជិះឡានផ្លូវឆ្ងាយ វាក៏អាចមានផល ប៉ះពាល់ដល់សុខភាពផងដែរ។

ជា រួម មក បើ ទោះ បី ជាការងារស្ម័គ្រចិត្តមានផលវិបាកខ្លះៗ ប៉ុន្តែភាគច្រើនវាអាស្រ័យទៅលើបុគ្គលម្នាក់ៗចេះកែប្រែស្ថានការណ៍ទាំងនោះដោយចេះសម្របខ្លួន និង លៃលកពេលវេលាឲ្យបានច្បាស់លាស់។

តើមានវីធីសាស្ត្រអ្វីខ្លះដើម្បីឲការងារស្ម័គ្រចិត្ត និង ការសិក្សាមានដំណើរ ការល្អ ព្រម គ្នា?

ក្នុងនោះមានសំនួរមួយលើកឡើងថា ហេតុអ្វីត្រូវចូលរួមការងារស្ម័គ្រចិត្ត? មាន កត្តា ជាច្រើនដែលសិស្សនិស្សិតសម្រេចចិត្តចូលរួមក្នុងការងារសង្គមក៏ដោយសារតែពួកគេចង់ក្លាយជាចំណែកមួយជាអ្នកជួយសង្គមអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំទទួលបានបទពិសោធន៍ថ្មី ដែលមិនធ្លាប់មានពីមុនមក។ មានការលើកទឹកចិត្តជាច្រើនដែលធ្វើឲ្យពួកគេសម្រេចចិត្តធ្វើការងារសង្គម វាបានបង្រៀនពួកគេឲ្យចេះ ស្រលាញ់សហគមន៍ សង្គម ចេះសហការ ធ្វើការជាក្រុមបានស្គាល់មនុស្សមកពីមជ្ឃដ្ឋានផ្សេងៗគ្នា។ល។

ទន្ទឹមនឹងការចូលរួមការងារសង្គម សិស្សនិស្សិតត្រូវមានពេលវេលាច្បាស់លាស់ក្នុងការ រៀនសូត្រ ក្នុងសាលា មិនអាចទោរទន់លើការងារស្ម័គ្រចិត្តទាំងស្រុងទេ។ របស់ទាំងពីរនេះ សុទ្ធតែសំខាន់សម្រាប់អនាគតពូកគេ ចំណេះ ដឹងក្នុងនិងក្រៅផ្សំបញ្ជូលគ្នា បង្កើតបានជាបទពិសោធន៍ និងសមត្ថភាពពោរពេញទៅដោយសក្តានុពល។ មានវិធីសាស្ត្រមួយចំនួនដែលអាចឲ្យសិស្សនិស្សិតលៃលក និងដំណើរការទាំងការងារសង្គមនិង ការសិក្សាក្នុងសាលាមានប្រសិទ្ធភាព និងដំណើរការល្អព្រមគ្នា ។  កត្តាដែលសំខាន់ ជាងគេនោះគឺររៀបចំពេលវេលា វាពិតជាមានសារៈសំខាន់បើយើងចេះលៃលកពេលវេលាបានល្អ ពេលណាគួរឆ្លៀតធ្វើការងារស្ម័គ្រចិត្តពេលណាមិនគួរធ្វើ ។

បែងចែកពេលវេលា៖  ក្នុងការធ្វើអ្វីមួយដោយមានពេលច្បាស់លាស់ច្បាស់ជា មាន ប្រសិទ្ធភាព បើទោះបីមានការងារច្រើនយ៉ាងណាក៏ដោយ។ កត់ទុករាល់ ព្រឹត្តការណ៍ សំខាន់នៅសាលា និងពេលសម្រាប់ការងារសង្គម។ ដឹងពីពេលវេលាត្រៀមប្រលងក្នុងសាលា ដូចនេះមិនអាចឆ្លៀតធ្វើការងារផ្សេងបានទេ។

មិនទម្លាប់ពន្យាពេល៖ ត្រូវធ្វើការងារដែលនៅសល់ ឬនៅតិច កុំចាំការងារគរទើបធ្វើ វាអាចឲ្យមានអារម្មណ៍ខ្ជិល មិនចង់ធ្វើចេះតែពន្យាពេល (Procrastination) ក្នុងនេះក៏ សំដៅទៅលើការងារក្នុងសាលា ទាំង Homework Assignment ត្រូវឆ្លៀតធ្វើឲ្យ ចប់ នោះវានឹងមិនមានសម្ពាធពេលមកធ្វើការងារស្ម័គ្រចិត្ត។

មិនចំណាយពេលអត់បានការ៖ យើងដឹងហើយថាការសិក្សាទាំងក្នុងសាលានិងការងារសង្គមត្រូវចំណាយពេលនិងបែកចែកពេលច្បាស់លាស់ ហេតុនេះត្រូវធ្វើ ឲ្យ ពេលវេលា មានប្រយោជន៍ទៅលើការងារ ទាំងពីរនេះ  ( productive time)។ ឆ្លៀត ពេលធ្វើកិច្ចការសាលា ប្រសើរជាងទុកការងារចោលទៅធ្វើរឿងអត់បានការផ្សេងៗ ។ អនុវត្ត ពាក្យមួយលើកឡើង ថា “ទំនេរមានពេលរៀន កុំរៀនមាន ពេលទំនេរ” ហេតុនេះវានឹងធ្វើឲ្យទាំងការសិក្សា និងការងារស្ម័គ្រចិត្តរបស់យើងមានដំណើរការល្អព្រមគ្នា។

ជារួមមកដើម្បីឲ្យការងារទាំងពីរនេះមានដំណើរការល្អព្រមគ្នា យើងត្រូវចេះបែកចែក ពេលវេលាឲ្យបានច្បាស់ មានការកំណត់ខ្លួនឯង នូវព្រឹត្តការណ៍សំខាន់ទាំងសម្រាប់ការសិក្សានិងការងារសង្គម ។ ពេលវេលាពិតជាសំខាន់ បើ ចេះចាត់ចែងនោះ អ្វីៗក៏ល្អប្រសើរទៅតាមនោះដែរ។ សរុបសេចក្តីមក ការងារ ស្ម័គ្រចិត្តពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ជាពិសេសគឺសិស្ស និស្សិត វាជាការងារដ៏ល្អដើម្បីឲ្យពួកគេទទួលបាននូវបទពិសោធន៍ថ្មីៗ ជួបមនុស្សផ្សេងៗដែលមានសក្តានុពល និងអភិវឌ្ឍជំនាញទន់របស់ពួកគេ។ វាជាការចួលរួមចំណែកយ៉ាងធំធេងរបស់យុវជនដើម្បីបង្កើតនូវធនធានដ៍ល្អសម្រាប់សង្គមជាតិ ដោយហេតុនេះហើយយុវជនត្រូវចេះរៀបចំគ្រប់គ្រងពេលវេលាខ្លួនឯងទាំងការរៀនសូត្រ ជីវិតផ្ទាល់ខ្លួនឲ្យសមមូលទៅនឹងការចូលរួមការងារស្ម័គ្រចិត្តផងដែរ។

Facebook Comments