សត្វ និងរុក្ខជាតិជានិមិត្តរូបនៃប្រទេសកម្ពុជា

នៅតាមប្រទេសនីមួយៗ យើងអាចសម្គាល់អត្តសញ្ញាណជាតិរបស់គេបានតាមរយៈការសង្កេតមើលវត្ថុដែលជារបស់តំណាងជាតិ។​ តួយ៉ាងក្នុងប្រទេសកម្ពុជា  ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិអាចឲ្យជាតិដទៃកំណត់បានថាជាជាតិខ្មែរ។​ ក្រៅពីនេះ គេអាចកំណត់អត្តសញ្ញាណជាតិខ្មែរបានយ៉ាងច្បាស់តាមរយៈសត្វ និងរុក្ខជាតិមួយចំនួនមានដូចជា គោព្រៃ សត្វត្រយ៉ង អណ្ដើកហ្លួង ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងចេកពងមាន់។

១. គោព្រៃ​ (Bos sauveli)

  • សត្វចតុប្បាទដែលត្រូវបានចាត់ទុកជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាដោយបានទទួលស្គាល់ដោយព្រះរាជក្រឹត្យ។
  • ឈ្មោះជាភាសាជាតិ៖ គោព្រៃ​
  • ឈ្មោះជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង៖ Kouprey
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Bos sauveli
  • លក្ខណៈ​ ៖ ប្រវែងដងខ្លួនពី ២,១ ទៅ ២,៣ ម៉ែត្រ កម្ពស់ពី ១,៧ ទៅ ១,៩ ម៉ែត្រ និងមានទម្ងន់ពី ៧០០​ ទៅ ៩០០គីឡូក្រាម។​ គោព្រៃ​មាន​រូបរាង​ស្រ​ដៀង​នឹង​ទន្សោង មាន​បួរ​វែង​ធ្លាក់​ចុះ​ដល់​ជង្គង់ និង​ហៀរ​ស្ទើរតែ​ដល់​ដី​ចំពោះ​គោ​ឈ្មោល។ ស្នែង​គោព្រៃ​ឈ្មោល​ និង​ញី មាន​លក្ខណៈ​ប្លែក​គ្នា ដោយ​ស្នែង​ឈ្មោល​ធំ​ជាង ដុះ​ចេញ​កោង​ទៅ​មុខ និង​ងើបឡើង​លើ​ព្រមទាំង​មាន​ព្រុយ​ចុង​ស្នែង។ ស្នែង​ញី​ដុះ​មក​ខាង​មុខ​រាង​ងើប​បន្តិច ហើយ​កួច​រមួល​ឡើង​លើ​។ ចាប់ពី​ជើង​ក្រោម​ជង្គង់​ចុះ​មក​មាន​ពណ៌​ស ឬ ​ប្រផេះ និង​ប្រផេះ​ចាស់ នៅ​ពេល​មាន​អាយុ​ច្រើន។

ការយកគោព្រៃមកធ្វើជាសត្វនិមិត្តរូបរបស់ប្រទេសកម្ពុជា គឺដើម្បីចង់បង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិ។​ វា​ត្រូវបានប្រទះឃើញជាលើកដំបូងនៅឆ្នាំ ១៩៣៧។​ គោព្រៃភាគច្រើនរស់នៅតាមវាល និងព្រៃភ្នំនៃភាគខាងជើងនៃប្រទេសកម្ពុជា។ គោព្រៃ​ជា​ថនិកសត្វ​ស្លូត រស់នៅ​ជា​ហ្វូង​ៗ  អាច​ឃើញ​មាននៅ​លាយ​ជាមួយ​ហ្វូង​ទន្សោង ខ្ទីង ឬ ប្រើស។ វាជា​សត្វ​វាងវៃ រហ័សរហួន​ ឆាប់​ភ្ញាក់ផ្អើល​ជាង​ប្រភេទ​សត្វ​ក្នុង​ត្រកូល​គោ​សាទិសដូច​គ្នា​ ពូកែ​ស្រង់ក្លិន និង​គេចវេស​ចេញពី​មនុស្ស មាន​កម្លាំង​ខ្លាំងពូកែ ធន់​នឹង​កម្ដៅថ្ងៃ អត់ធន់​នឹង​ចំណីអាហារ​ដែល​មានគុណ​ភាព​ទាប និង​ធន់​នឹង​ជំងឺ​គោ​ឆ្កួត។ កាលពី​សម័យ​មុន​សង្គ្រាម គោព្រៃ​ត្រូវ​ហាម​បរបាញ់​តាម​រយៈ​ប្រកាស​លេខ​១៩១ ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​១៩៦០។ ក្រោយ​របប​ប៉ុ​លពត គោព្រៃ​ក៏​ត្រូវ​ហាម​បរបាញ់​ម្តងទៀត តាម​រយៈ​ប្រកាស​លេខ​៣៥៩ ក​សក​.​ប្រក ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​១៩៩៤ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ គោព្រៃ​ត្រូវ​ហាមឃាត់​មិន​ឲ្យធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​បាន​ចុះ​ក្នុង​បញ្ជី​ឧ​ប​សម្ព័ន្ធ I នៃ​អនុ​សញ្ញា CITES និង​អនុសញ្ញា Convention on Migratory Species។ ពិភពលោក​បាន​ចាត់​ទុក​គោព្រៃ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត (Critical Endangered) ដោយ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម IUCN។

២.​ សត្វត្រយ៉ង (Pseudibis gigantean)

  • បក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ ត្រយ៉ង​ ឬ ក្ងយក្ស ឬ ឪលើក
  • ឈ្មោះភាសាអង់គ្លេស៖ Giant Ibis
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Pseudibis gigantean​
  • លក្ខណៈ​ ៖ សម្បុរប្រផេះក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និងប្រវែងដងខ្លួន ១០៦ សង់ទីម៉ែត្រ។​

សត្វត្រយ៉ង ​ត្រូវ​បានការពារ​ដោយ​ប្រកាស​លេខ ​៣៥៩ ក​សក​.​ប្រក ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​១៩៩៤ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ពិភពលោក​ក៏​បាន​ចាត់​ទុក​ត្រយ៉ង​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត (Critical Endangerd) ដោយ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម IUCN ដូច​គ្នា​នឹង​គោព្រៃ​ដែរ​។ សត្វត្រយ៉ងដើមឡើយមានរាយប៉ាយនៅតាមទូទាំងតំបន់អាស៊ីអាគ្នេយ៍​ ប៉ុន្តែបច្ចុប្បន្ននេះមាននៅតែក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជាប៉ុណ្ណោះ។ ចំណីរបស់សត្វនេះគឺសត្វឥតឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជា ជន្លេន​ ខ្យង​ ក្ដាម ។ល។ វាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត មានតំបន់ដីសើមច្រើន (ទន្លេ បឹង​ ត្រពាំង)។​ វារកចំណីលើដី និងទំលើដើមឈើដើម្បីសម្រាក និងគេចពួនពីសត្រូវ។ សត្វនេះត្រូវបានរកឃើញថ្មីៗនៅខេត្តព្រះវិហារមិនតិចជាង ១០០​ ក្បាលឡើយ ដែលជារបាយច្រើនជាងគេ បន្ទាប់ពីពិភពលោកអះអាងថាបានផុតពូជ។ ប្រទេសកម្ពុជា ជាប្រទេសទីមួយក្នុងពិភពលោក ដែលបានផ្ដល់រូបថតនៃប្រភេទសត្វត្រយ៉ងនេះ​ ហើយត្រូវបានទស្សនាវដ្ដី National Geographic Magazine នៃសហរដ្ឋអាមេរិក ផ្សព្វផ្សាយទូទាំងពិភពលោក។ អនុក្រឹត្យបានចែងឲ្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ ខេត្តព្រះវិហារ ក្នុងគោលបំណងអភិរក្សសត្វត្រយ៉ងនេះជាចម្បង។​ សត្វនេះជាប្រភេទជិតផុតពូជបំផុត ដែលត្រូវបានអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ផ្ដល់ជំនួយការពារ។

៣. អណ្ដើកហ្លូង (Batagur baska)

  • ឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ អណ្ដើកសរសៃ ឬ អណ្ដើកហ្លួង
  • ឈ្មោះជាភាសាអង់គ្លេស៖ Royal Turtle
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Batagur baska
  • លក្ខណៈ ៖ ភ្នែកពណ៌ស និងច្រមុះបះឡើង ស្នូករបស់វាមានប្រវែងរហូតដល់ ៦០ សង្ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬ ខ្មៅទាំងអស់។ ម្រាមជើងមុខធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំ​៤ ខុសពីអណ្ដើតធម្មតាមានក្រញាំ៥។

អណ្ដើកហ្លួងត្រូវបានហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្ដរជាតិ ដោយបានចុះក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ អណ្ដើកនេះត្រូវបានចាត់ទុកជាប្រភេទសត្វទទួលការគំរាមកំហែងជាសកល (Globally Threaten) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហមរបស់ IUCN។​ អណ្ដើកនេះត្រូវបានចាត់ទុកជាសម្បត្តិរាជវង្ស និងមានប្រវត្តិការពារដោយរាជក្រឹត្យកាលពីបុរាណ។ គេហៅអណ្ដើកនេះថា អណ្ដើកហ្លួង មកដល់សព្វថ្ងៃ ដោយសារតែពេលប្រមូលបានពងអណ្ដើកនេះ គេយកទៅថ្វាយតែចំពោះរាជរង្សសោយតែប៉ុណ្ណោះ។ ក្រោយមក ពេលប្រជារាស្រ្ដចាប់បានអណ្ដើកនេះ គេតែងយកមកតុបតែង លាបម្សៅ និមន្ដព្រះសង្ឃមកសូត្រធម៌បួងសួងសុំសេចក្ដីសុខ រួចដោះលែងទៅវិញ។ វាចូលចិត្តរស់នៅតាមពាមសមុទ្រ មានព្រែកតូចៗ ឬ មានព្រៃកោងកាង និងស៊ីអាហារគ្រប់យ៉ាង មានស្លឹកឈើ ពន្លករុក្ខជាតិ ផ្លែកោងកាង និងសត្វតូចៗផ្សេងទៀត។ អណ្ដើកនេះត្រូវបានគេជឿថាផុតពូជពីកម្ពុជាទៅហើយក្នុងអំឡុងសតវត្ស៍ទី ៨០​ និង ៩០ តែត្រូវបានរកឃើញវិញក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងអំឡុងឆ្នាំ ១៩៩៥ ហើយនៅឆ្នាំ ២០០២​​ នាយកដ្ឋានជលផលសហការជាមួយអង្គការ WCS ភ្ញាស់បាន ៣២ ក្បាល ហើយលែងទៅក្នុងធម្មជាតិវិញ។

៤. ត្រីគល់រាំង (Catlocarpio Siamensis)

  • មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ ត្រីកាហោ ឬ ត្រីក្បាលឡាន ឬ ត្រីគល់រាំង
  • ឈ្មោះជាភាសាអង់គ្លេស៖ Giant Mekong Barb
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Catlocarpio Siamensis
  • លក្ខណៈ ៖ ប្រភេទត្រីធំជាងគេក្នុងប្រទេសកម្ពុជា មានស្រកាធំៗគ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយ។ សម្បុរលើដងខ្លួនមានពណ៌ ២ ដាប់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ស្រកានៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។

ប្រភេទត្រីគល់រាំងនេះជាប្រភេទត្រីទឹកសាប មានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងរស់នៅតាមដងទន្លេមេគង្គ ពិសេសសម្បូរជាងគេនៅបឹងទន្លេសាប ហើយត្រូវបានការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្ដីពីការគ្រប់គ្រងវិស័យជលផល ក្នុងជំពូក២ មាត្រា១៨។ ចាប់ពីឆ្នាំ ២០០០​ មក នាយកដ្ឋានជលផលបានសហការជាមួយគម្រោងគ្រប់គ្រងនេសាទទឹកសាបកម្ពុជា ធ្វើការលែងត្រីគល់រាំងដែលនេសាទបាន ដោយដាក់សញ្ញាសម្គាល់ដើម្បីតាមដានចរាចរណ៍ និងការលូតលាស់របស់វា។ ត្រីគល់រាំងត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ កាលពីបុរាណ ស្រការបស់វាត្រូវបានគេយកមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរ។

៥. ​ដើមត្នោត (Borassu flabellier)

  • រុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ ត្នោត
  • ឈ្មោះជាភាសាអង់គ្លេស៖ Sugar Palm
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Borassu flabellier
  • លក្ខណៈ ៖ ប្រភេទរុក្ខជាតិស្ថិតក្នុងតាលព្រឹក្សខ្ពស់ មានដើមទាល គល់ធំ ដុះត្រង់ឡើងទៅលើ កម្ពស់ពី ១០-២៥ម៉ែត្រ ឫសវាមានលក្ខណៈជាឫសយោង និងគ្មានឫសកែវ។ តួដើមមានភាពគគ្រើមពណ៌ក្រម៉ៅ អង្កត់ផ្ចិតពី ២០-៦០ សង្ទីម៉ែត្រ ដោយប្រែប្រួលទៅតាមគុណភាពដី។ កន្សោមស្លឹកមានរាងដូចផ្លិត ប្រមូលផ្ដុំគ្នានៅផ្នែកចុងកំពូលនៃដើម។​ ធាងត្នោត​រលោង​ក្រាស់ មាន​ពណ៌​លឿង​បៃតង​ពេល​នៅ​ខ្ចី និង​លឿង​ត្នោត​ពេល​មាន​អាយុ​ចាស់ ព្រមទាំង​មា​នប​ន្លា​នៅ​គែម​សងខាង​​ សណ្ឋាន​ដូច​ជា​ធ្មេញរណារ​។ ត្នោត​ញី ​និង​ឈ្មោល​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា តាម​ការ​សម្គាល់​លើ​ផ្កា​របស់​វា។ ផ្កាត្នោត​ឈ្មោល​មាន​រាង​មូល​ទ្រវែង ទំហំ​ពី ​២-៤​សង្ទីម៉ែត្រ ប្រវែង​ពី​ ៣០-៥០​សង្ទីម៉ែត្រ។ រីឯ​ផ្កាត្នោត​ញី​មាន​សណ្ឋាន​ជា​ពក​មូល​ៗ​ប្រវែង​ពី​ ៥០-៧០​សង្ទីម៉ែត្រ ដែល​អាច​ផ្តល់​ផ្លែ​ចំនួន​ពី ​២០-៥០​គ្រាប់។ ផ្លែ​ត្នោត​មាន​រាង​មូល​ពណ៌​ត្នោត​ក្រមៅ នៅ​ភាគ​ខាងក្រោម និង​ពណ៌​បែ​តង​នៅ​ភាគ​ខាងលើ​នៃ​ផ្លែ ហើយ​ប្រែ​ពណ៌​ទៅ​ជា​លឿងទុំ​ក្រមៅ​ពេល​វា​ចាស់ទុំ។ ផ្លែ​ត្នោត​មាន​អង្កត់ផ្ចិត​ប្រមា​ន ​១៣-២០​សង្ទីម៉ែត្រ ដែល​ប្រែប្រួល​ទៅ​តាម​គុណភាព​ដី ការ​កៀប​យក​ទឹក និង​អាយុ​កាល​របស់​ដើម។

ត្នោតជារុក្ខជាតិប្រជាប្រិយតំណាងឲ្យសង្គមខ្មែរ និងជាអត្តសញ្ញាណដែលប្រជាជនខ្មែរសម្គាល់នូវទេសភាពទឹកដីរបស់ខ្លួន តាំងពីបុរាណមកដល់បច្ចុប្បន្នស្របតាមពាក្យស្លោកថា “ដើមត្នោតជាជម្រកផ្ទះខ្មែរ”។ កាលពី​ឆ្នាំ​២០០៣​កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​វិធានការ​ទប់ស្កាត់​កុំ​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ធម្មជាតិដែលមានដើម​ត្នោត​ជាដើម ​បន្ទាប់​មក ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​នូវ​សារាចរ​ណែនាំ​លេខ​៤៨១ សរណ​ន​. ក​សក ចុះ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០០៣ ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន និង​ធ្វើ​អាជីវកម្ម​ដើម​ត្នោត។ ដើម​ត្នោត​មាន​សារសំខាន់​ច្រើន​យ៉ាង​ណាស់​ដូច​ជា ឫស​ត្នោត និង​ផ្កាត្នោត​ឈ្មោល​ជា​ឱសថ​បុរាណ​សម្រាប់​កែរោគ។ ដើម​ត្នោត​អាចយ​កមក​ប្រើប្រាស់​នៅ​ក្នុង​សំណង់​។ ស្លឹក​សម្រាប់​ប្រក់ និង​ធ្វើ​ជញ្ជាំង​ផ្ទះ ត្បាញកន្ទេល មួក ស្មុគ និង​ពេល​ខ្លះ​អាច​ប្រើប្រាស់​ស្លឹក​ត្នោត​សម្រាប់​ចារ ឬ ​សរសេរ​ជំនួស​ស្លឹក​ទ្រាំង​បាន​ទៀត​ផង។ ផ្លែ​ត្នោត និង​ទឹកត្នោត មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ពិសា។ ការ​ផលិត​ស្ករត្នោត​ដោយ​រំងាស់​ពី​ទឹកត្នោត គឺជា​ប្រពៃណី​របស់​ប្រជារាស្ដ្រ​ខ្មែរ​តាំងពី​បុរាណ​រហូត​ដល់​បច្ចុប្បន្ន ។

៦. ផ្ការំដួល (Mitrella mesnyi)

  • ផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ រំដួល
  • ឈ្មោះជាភាសាអង់គ្លេស៖ Rumdul
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Mitrella mesnyi
  • លក្ខណៈ ៖ មានកម្ពស់ពី ៨-១៣ម៉ែត្រ និងមានអង្កត់ផ្ចិតពី ២០-៣០សង្ទីម៉ែត្រ។ ដើមមានសម្បកពណ៌ត្នោត-លឿង ស្លឹកជាប្រភេទ​ស្លឹក​ទោល​ដុះ​ឆ្លាស់​គ្មាន​ខ្នាយ​ស្ទប ទម្រង់​បន្ទះ​ស្លឹក​រាង​ទ្រវែង មាន​ទំហំ​២-៤ x ៦-១០​សង្ទីម៉ែត្រ​។ ផ្ការំដួល​មាន​ពណ៌​លឿង​-​ស មាន​ក្លិនក្រអូប​សាយ​បាន​ឆ្ងាយ ចោល​ក្លិន​នៅ​ពេល​រសៀល និង​ពេល​ព្រ​លប់​។ ផ្លែ​ជា​ចង្កោម ពេល​ទុំ​មាន​ពណ៌​ក្រហម​ក្រម៉ៅ​អាច​បិ​រ​ភោគ​បាន។

រំដួល​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ប្រជាជននិយម​យក​មក​ដាំ​លម្អ​តាម​គេហដ្ឋាន និង​សួន​សាធារណៈ​។ ដោយ​មាន​ក្លិន​ប្រ​អូ​ប​ ខ្មែរ​​ពី​បុរាណកាល​និយម​ប្រើប្រាស់​វា​ជា​គ្រឿងផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី។ ដើម​រំដួលក៏​អាច​កែ​ច្នៃ​ប្រើប្រាស់​ជា​គ្រឿងសំណង់​បន្ទាប់បន្សំ និង​ប្រើ​ជា​អុស​សម្រាប់​ដុត។ នៅ​រដូវ​ផ្លែ​រំដួល​ទុំ ប្រជាជន​តែងតែ​បេះ​ផ្លែ​រំដួល​យក​មក​លក់​។ ដោយសារ​ផ្ការំដួល​មាន​ក្លិន​ដ៏​ក្រអូប ជាទី​ទាក់ទាញ​អារម្មណ៍​របស់​មហាជន​ទូទៅ ហេតុនេះ​បានជា​គេ​ច្រើន​ប្រដូច​នារី​ខ្មែរ​ទៅ​នឹង​ផ្ការំដួល រហូត​ដល់​មាន​កវីនិពន្ធ​ខ្មែរ​ខ្លះ​បាន​បន្សល់​ទុក​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជាៈ រំដួល​ក្រចេះ និង​រំដួល​ពោធិ៍សាត់​ជាដើម។

៧.​ ចេកពងមាន់ (Musa aromatica)

  • ផ្លែឈើនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ ចេកពងមាន់
  • ឈ្មោះជាភាសាអង់គ្លេស៖ Chicken Egg Banana
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Musa aromatica

ចេក​ត្រូវ​គេ​និយម​បរិភោគ និង​ប្រើប្រាស់​ជា​ទូទៅ​ដោយ​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ។ គេ​អាច​បរិភោគ​ផ្លែ​ចេកទុំ ឬ ​កែ​ច្នៃ​ជា​តំណាប់ ចេក​បន្ទះ ចេកឆាប​ជាដើម។ ក្រៅពី​នេះ អាចយក​ប្រើប្រាស់​ជា​សំណែន ឬ​ ជំនូន​គ្រប់​ពិធី​ផ្សេង​ៗ ដែល​សូ​ម្បី​តែ​សម្រាប់​ថ្វាយ​គោរព​បូជា​ទេវតា​រាល់​ថ្ងៃសីល​ផង​ដែរ។ ចេកពងមាន់​ភាគច្រើន​ត្រូវ​គេ​ដាំ​នៅ​តាម​ដីសណ្ដ​ទន្លេមេគង្គ ជា​ពិសេស​នៅ​តំបន់​កោះ​ដុះ​ថ្មី។ ចេក​គេ​ដាំ​នៅ​កម្ពុជា​ជា​យូរលង់​ណាស់​មក​ហើយ ថ្វី​ដ្បិតតែ​ជា​ដំណាំ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​ក៏​ដោយ ។ ដំណាំ​ចេក​ជា​ដំណាំ​ប្រើ​បាន​ច្រើន​មុខ​ទៀត​ដូច​ជា គល់​របស់​វា​ជា​ប្រភព​ជាតិ​ម្សៅអាមីដុង ​ដើម​វា​អាច​ហាន់​ជា​ចំណី​ជ្រូក គោ ក្របី។​ល​។ ធ្វើ​ជា​បាយសី​ក្នុង​ពិធីសែនព្រេន​នានា ស្លឹក​ប្រើ​ជា​សម្ភារៈ​វេច​ខ្ចប់​នំចំណី និង​ត្រយូង​ប្រើ​ជា​បន្លែស្រស់ ឬ​​ យកមកស្ល។

ឯកសារយោង

  1. https://law-asia.blogspot.com/2017/03/animals-and-plants-as-national-symbols.html
  2. https://kohsantepheapdaily.com.kh/article/128748.html
  3. http://cambodiadocument.blogspot.com/2017/10/blog-post_49.html
  4. http://www.everyday.com.kh/mobile/article/32449.html
Facebook Comments