តើមូលហេតុអ្វីដែលធ្វើឲ្យសិស្សនិស្សិតជាច្រើនយកហាងកាហ្វេទំនើបៗដើម្បីស្វ័យសិក្សា?

នៅក្នុងសម័យសកលភាវូបនីយកម្មនេះ យើងបានសង្កេតឃើញថាពិភពលោកមានការវិវត្ត និង រីកចម្រើនជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស។ ហេតុដូចនេះហើយ បានជាយើងឃើញមានបរិបទសង្គមជាច្រើនមានការផ្លាស់ប្តូរ ជាពិសេសទាក់ទងទៅនឹងរបៀបនៃការសិក្សាថ្មី នៃសតវត្សទី២១របស់សិស្សនិសិត្ស។ របៀបថ្មីក្នុងការសិក្សានោះ គឺកើតឡើងស្របគ្នាទៅនឹងយុគសម័យឌីជីថល ឬ សម័យអ៊ីនធើណេត ដែលសិស្សនិសិត្សជាច្រើនគាត់អាចប្រើប្រាស់នូវវិធីសាស្ត្រផ្សេងៗគ្នាជាច្រើនដើម្បី ធ្វើស្វ័យសិក្សា និង ស្រាវជ្រាវជាដើម។​ ពីមុនយើងធ្លាប់តែ សង្កេតឃើញថា វិធីសាស្ត្រនៃការធ្វើស្វ័យសិក្សា ដែលសិស្សនិសិត្សភាគច្រើនធ្វើនោះគឺ មានសិស្សនិស្សិតខ្លះគាត់ចូលចិត្តធ្វើស្វ័យសិក្សានៅផ្ទះ នៅក្នុងថ្នាក់រៀន​ នៅក្នុងប័ណ្ណល័យ នៅក្រោមដើមឈើ នៅតាមសួនសាលា និងកន្លែងផ្សេងៗជាច្រើនទៀតដែលមានសភាពស្ងប់ស្ងាត់។ រាល់វិធីសាស្រ្តទាំងអស់នេះគឺយើងសុទ្ធតែបានឃើញ បានជួនប្រទះ ក៏ដូចជាបានអនុវត្តខ្លះៗពីមុនមកផងដែរ ប៉ុន្តែរយៈពេលប្រមាណជា៤ឆ្នាំចុងក្រោយ សន្ទុះនៃការសិក្សាមានការកើនឡើងនេះ ក៏ដូចជាមានការចាប់អារម្មណ៍ជាច្រើនអំពីសំណាក់មិត្តៗ សិស្សនិស្សិតទៅលើកន្លែងថ្មីមួយ ដែលពួកយើងមិនដែលធ្លាប់ជួបពីមុនមក ដែលកន្លែងថ្មីនោះ គឺជាហាងកាហ្វេទំនើបៗជាច្រើនដែលនៅជុំវិញខ្លួនយើង។

យើងប្រាកដជាឆ្ងល់ខ្លាំងណាស់មែនទេ ដែលសិស្សនិសិត្សបច្ចុប្បន្នភាគច្រើនជ្រើសយកហាងកាហ្វេទំនើបដើម្បីស្វ័យសិក្សា? តើវាមានលក្ខណៈពិសេសអ្វីខ្លះទៅ?

ដើម្បីស្រាយចម្ងល់នេះ យើងបានធ្វើការសម្ភាសន៍ ចំពោះសិស្សនិសិត្ស​ចំនួន១៥ រូបផ្សេងគ្នា​(សុំមិនបញ្ចេញឈ្មោះ) ដែលពួកគាត់សុទ្ធតែជាអ្នកចូលចិត្តស្វ័យសិក្សានៅក្នុងហាងកាហ្វេ៖ ”ហេតុអ្វីបានជាប្អូនសំរេចចិត្តជ្រើសរើសយកហាងកាហ្វេដើម្បីស្វ័យសិក្សា?”

  • ដោយយោងទៅលើន័យជារូមរបស់អ្នកទាំង១៥រូបបានឲ្យដឹងថា៖​ នៅក្នុងហាងកាហ្វេទំនើប អ្វីដែលសំខាន់សម្រាប់ពួកគេគឺ មានអ៊ីនធើណេតប្រើប្រាស់គ្រប់គ្រាន់ និង ឥតគិតថ្លៃ ហើយមួយវិញទៀតនៅទីនេះគឺមាន ផាសុកភាព អនាម័យ ក៏ដូចជាគ្រឿងបរិក្ខារប្រើប្រាស់ សមរម្យ និង អាចទទួលយកបាន។
  • សិស្សនិសិត្សមួយចំនួនធំ ក៏បានឲ្យដឹងបន្ថែមទៀតថា៖ នៅហាងកាហ្វេទំនើប មានភាពងាយស្រួលជាងកន្លែងផ្សេងៗ ដូចជាងាយស្រួលដាក់ឡាន ម៉ូតូ និងអាចអង្គុយដល់យប់ៗបាន។
  • ចំណែកឯសិស្សនិស្សិតខ្លះ ក៏បានប្រាប់ទៀតថា៖​ ពេលខ្លះយើងមកទីនេះដើម្បីផ្លាស់ប្តូរ បរិយាកាសនៃការសិក្សា ដែលពេលខ្លះវាក៏អាចជួយឲ្យយើងមានអារម្មណ៍ល្អបានផងដែរ។
  • ចំពោះនិសិ្សតផ្សេងទៀតបានបន្ថែមទៀតថា៖ យើងមកទីនេះគឺវាមានភាពងាយស្រួលក្នុងការជុំគ្នា ព្រោះពេលខ្លះយើងរៀនសាលាផ្សេងពីគ្នា ពិបាករកកន្លែងជួបគ្នា ដូច្នេះមានតែសម្រេចជ្រើសរើសយកហាងកាហ្វេ ជាជម្រើសប្រសើរ។
  • សិស្សម្នាក់នៅក្នុងចំណោមសិស្សនិសិត្សទាំង១៥រូប បានប្រាប់ថា៖ នៅទីនេះស្រួលរៀន ហើយអាចហៅភេសជ្ជៈ ឬអាហារញ៉ាំបានទៀត ខុសពីកន្លែងដទៃដែលស្រួលរៀន តែពិបាករកអីញ៉ាំ ចំណែកក្នុងបណ្ណាល័យវិញ ពេលខ្លះសូម្បីតែទឹកក៏មិនអាចយកចូលបានផង ពីព្រោះខ្លាចសើម ឬប្រឡាក់សៀវភៅជាដើម។
  • រីឯនិសិត្សម្នាក់ទៀតក៏បានប្រាប់ដែរថា៖ ខ្លួនមិនមែនជាអ្នកនិយមយកហាងកាហ្វេជាកន្លែងស្វ័យសិក្សាប៉ុន្មាននោះទេ គឺខ្លួនមកទីនេះតែនៅថ្ងៃឈប់សម្រាកដែលជាពេលសាលាបិទ ឬបណ្ណាល័យបិទតែប៉ុណ្ណោះ ហើយមួយវិញទៀតបើទោះបីជាសាលាគេបើកឲ្យចូលក៏ពិបាកដែរ ពីព្រោះនៅថ្ងៃសម្រាកគឺមិនសូវមានមនុស្សនោះទេ ដូចនេះបញ្ហាសុវត្ថិភាពសម្រេចឲ្យគាត់ជ្រើសរើសទីនេះដើម្បីធ្វើស្វ័យសិក្សាបន្ថែម។
  • ហើយក្នុងចំណោមអ្នកទាំង១៥រូប ក៏មានអ្នកនិយាយបែបលេងសើចថា៖ គាត់អត់ខ្វល់ថារៀនក្នុងសាលា បណ្ណាល័យ ក្រោមដើមឈើ នៅហាងកាហ្វេ ឬរៀននៅទីណានោះទេ ឲ្យតែគ្នាគាត់ទៅណាគឺគាត់ដឹងតែទៅតាមគេរហូត។

រួមមកវិញ យើងបានដឹងនៅចម្លើយអ្នកនិយមស្វ័យសិក្សានៅហាងកាហ្វេរួចហើយ ដូច្នេះយើងអាចនិយាយបានថា ពួកគាត់មិនសូវជាមានគំនិតខុសពីគ្នាច្រើនប៉ុន្មាននោះទេ ដោយហេតុផល និង អំណះអំណាងរបស់ពួកគាត់សុទ្ធតែត្រឹមត្រូវ សមហេតុផលដូចគ្នាទាំងអស់។ តែទោះជាយ៉ាងណាពួកគាត់ក៏មិនបោះបង់ការស្វ័យសិក្សានៅផ្ទះ សាលា ឬ បណ្ណាល័យនោះទេ គឺពួកគាត់គ្រាន់តែបានបន្ថែមយកនូវជម្រើសថ្មីមួយថែមទៀតប៉ុណ្ណោះគឺ ហាងកាហ្វេទំនើបនេះ​ឯង។ មិនថាយើងជ្រើសយកនូវទីតាំងណាមួយក៏ដោយ វាពិតជាមានប្រយោជន៍ដែលយើងចេះជ្រើសយកកន្លែងមួយសម្រាប់ស្វ័យសិក្សា ស្របទៅនឹងកាលៈទេសៈរបស់យើងរៀងៗខ្លួន៕

អត្ថបទនេះត្រូវបានចងក្រង និងរៀបរៀងដោយក្រុម D

Team members:

Ms. Rin Sovuthiny
Mr. Panharith Long
Mr. Leev Meng Hak
Mr. Yin sophearith
Ms. Tang Sivgech
Mr. SHIM Teukchhou
Mr. Kea Ouseng

Team Leaders:

Mr. Kou Chanmony
Mr. Leng Vila

Supervisor: Mr. Ty Limkosal

Facebook Comments