កិច្ចសម្ភាសន៍ទាក់ទងនឹងការមាក់ងាយទៅលើអ្នកដែលមានភាសាអង់គ្លេសខ្សោយ

អ្នកដែលបានសម្ភាសន៍:

  • លោក Robert Eugene FLINN សាស្រ្តាចារ្យនិងជានាយកមជ្ឈមណ្ឌល​និពន្ធ​នៅសាកលវិទ្យាល័យហ្សាម៉ាន់អស់រយៈពេល 6 ឆ្នាំ។ មុនពេលមកដល់​ប្រទេសកម្ពុជាលោកជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យនិងគ្រូបង្រៀននៅសាលាមធ្យមសិក្សាសាធារណៈនៅសហរដ្ឋអាមេរិកអស់រយៈពេលជាង 25 ឆ្នាំ។
  • លោក Anonymous សាស្រ្តាចារ្យផ្នែក​ភាសា​អង់គ្លេស ( Ed, TEFL) នៅវិទ្យាស្ថានភាសាបរទេស (IFL) និងបានបញ្ចប់ផ្នែកបរិញ្ញប័ត្រជាន់ខ្ពស់ នៅសាកល​វិទ្យាល័យ​ក្រៅស្រុកមួយ​។
  1. តើអ្នកអាចចែករំលែកឧទាហរណ៏ឬពេលវេលាមួយចំនួននៅពេលដែលអ្នកជួបប្រទះបញ្ហានេះជាមួយសិស្សនៅក្នុងថ្នាក់របស់អ្នកទេ?

សំដី Robert ៖ ខ្ញុំក៍ធ្លាប់មានបទពិសោធន៍នេះនៅសហរដ្ឋអាមេរិកផងដែរ។ ខណៈ​ពេល​កំពុងបង្រៀននៅ Miami រដ្ឋ Florida ដែលមាន 75% នៃប្រជាជនមាន​ភាសា​អេស្ប៉ាញ​ជាភាសាទីមួយរបស់ពួកគេ។ សិស្សភាគច្រើនរបស់ខ្ញុំ​គឺជាអ្នករៀន​ភាសា​ទីពីរ។ អ្នកខ្លះមានជំនាញភាសាអង់គ្លេសតិចតួច ខ្លះមានជំនាញ​ភាសា​អង់គ្លេស​បន្តិចបន្តួចជាងនេះ ប៉ុន្ដែនៅតែត្រូវការកែលម្អច្រើន។​ដូច្នេះខ្ញុំបាន​មើល​ឃើញថាសិស្សរបស់ខ្ញុំរងការឈឺចាប់ហើយខ្លះមានអារម្មណ៍អៀនខ្មាសចំពោះកម្រិតទាបនៃភាសារបស់ពួកគេដែលខ្ញុំត្រូវគាំទ្រនិងជួយពួកគេឱ្យកាន់តែមានទំនុកចិត្តលើសមត្ថភាពភាសាអង់គ្លេស។

សំដី Anonymous ៖ នៅ IFL​ ដោយសារសិស្សមុននឹងចូលរៀនបានគឺ ត្រូវឆ្លងកាត់​ការ​ប្រលងសិន ដូចនេះ ដូចជាមិនសូវមានបញ្ហាចំពោះអ្នក​ដែលខ្សោយខ្លាំង​នោះ​ទេ ប៉ុន្តែមានខ្លះៗនៅពេលថ្មីចុងក្រោយ​នេះគឺសិស្សផ្នែកអាហារូបករណ៍​មានអ្នក​ខ្សោយ​មួយចំនួន តែមិនបានចំថ្នាក់ដែលខ្ញុំបង្រៀនទេ។ ជាទូទៅ អ្នកដែល​ខ្សោយ​ហ្នឹងបើត្រឹមតែនិយាយគឺពួកគាត់អាចនិយាយស្ដាប់គ្នាបាន ពួកគាត់ខ្សោយ​ភាគ​ច្រើន​ខាង Reading តែម្ដង។ នៅពេលប្រលងម្ដងៗ ខាងយើងមាន Reading ច្រើន ដោយសារតែគាត់អត់សូវពូកែខាងហ្នឹងស្រាប់ លទ្ធផលចេញមកអត់ល្អ។ តែបើ​គ្រាន់​តែ​និយាយក្នុងថ្នាក់ធម្មតា ពួកគាត់អាចនិយាយបានធម្មតា តែបើ​ការ​សរសេរ (writing) យើងគ្រាន់តែមើលគឺឃើញខុសតែម្ដង។ តាមបទពិសោធន៍ខ្ញុំ កូនសិស្សដែលខ្សោយភាគច្រើនគឺ ផ្នែក Reading ។

  1. នៅក្នុងបទពិសោធន៍របស់អ្នក តើជំនាញភាសាអង់គ្លេសកម្រិតទាបអាច​ប៉ះពាល់​ដល់សិស្សយ៉ាងដូចម្ដេច?

សំដី​ Robert ៖ ប្រសិនបើពួកគេរៀននៅសាលារៀនឬសាកលវិទ្យាល័យដែល​ភាសា​អង់គ្លេស​ជាភាសានៅក្នុងការរៀនវាពិតជាសំខាន់ណាស់។ ដូច្នេះដោយ​គ្មាន​ជំនាញទាំងនោះ ពួកគេនឹងមិនទទួលបានជោគជ័យក្នុងការសិក្សាទេ។ ជួន​កាលសិស្សខ្លះឈានដល់កម្រិតមួយដែលមានកំរិតភាសាអង់គ្លេសល្អ ប៉ុន្ដែសិស្ស​ខ្លះ​មិនមានទេ។ ដូច្នេះអ្នកត្រូវតែមានវិធីសាស្រ្តដើម្បីព្យាយាមជួយក្រុម​ទាំងនោះ​ឱ្យ​ប្រសើរឡើង។

សំដី Anonymous ៖ ដោយសារសាលាយើងការប្រលងពិបាក ហើយសិស្សពីឆ្នាំទី១ ដល់ ឆ្នាំទី៤ ដែលខ្ញុំសង្កេតឃើញថា​ ទោះបីជាគាត់មិនសូវពូកែកំរិតណាក៏ដោយ បើត្រឹមតែប្រើប្រាស់ក្នុងការទំនាក់ទំនងសំរាប់ការងារឫការសិក្សាគាត់ ខ្ញុំគិតថា​អត់មានបញ្ហាទេ គ្រាន់តែវាមិនដល់ថ្នាក់ពូកែតែម្ដងទេ។ ម្យ៉ាងវិញទៀត ការប៉ះ​ពាល់​ខ្លាំងនោះគឺ ទៅលើ Transcript ពួកគាត់ ព្រោះពេលប្រលងបើគាត់ប្រលង​បាន​ពិន្ទុតិច ធ្វើអោយ Transcript ចេញមកមានកំរិតទាប។ ជាពិសេស បើគាត់ចង់​ទៅ​រៀន បរិញ្ញប័ត្រជាន់ខ្ពស់ ឬ ថ្នាក់បណ្ឌិត លុះត្រាពួកគាត់ខំប្រឹងបន្ថែមលើកំរិត​ភាសាអង់គ្លេង​របស់ពួកគេ។

  1.  តើអ្នកដោះស្រាយបញ្ហានេះដោយរបៀបណា?

សំដី​ Robert ៖ តាមរយៈបទពិសោធន៍របស់ខ្ញុំវិធីល្អបំផុតដើម្បីចាប់ផ្តើមគឺ ជួយពួក​គេ​ឱ្យ​មាន​អារម្មណ៍​ថាមិនត្រូវបានគេ​មើលងាយនិង​មិនមានអារម្មណ៍​ខ្មាស់​អៀន។ បង្កើតអោយមាន​ការប្រាស្រ័យទាក់ទងគ្នានៅក្នុងថ្នាក់រៀន​ដើម្បីអោយ​ពួកគេមានអារម្មណ៍ថាមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការមានឱកាសប្រើប្រាស់​ភាសា​អង់គ្លេស ដែលពេលខ្លះពួកគេមិនមានអារម្មណ៍​ថាពួកគេនឹងអាចមាន​ស្នាមញញឹមបែបនេះជាមួយនិងមានការរីកចម្រើនបន្តិចម្ដងៗដែលហាក់បីដូចជាទទួលបានជោគជ័យសូម្បីតែនៅក្នុងប្រទេសកម្ពុជាក៏ដោយ។

សំដី Anonymous ៖ ចំពោះបញ្ហាដោះស្រាយវិញ ខាងខ្ញុំបានរៀបចំជាកម្មវិធីសិក្សា​រាល់​ថ្ងៃសៅរ៍​ និង ថ្ងៃអាទិត្យ ដើម្បីជួយដល់សិស្សមួយចំនួនដែល​ពិបាកតាម​អោយ​ទាន់​គេពេលរៀន អោយគាត់បានពង្រឹងសមត្ថភាព​ពួកគាត់​តាមរយៈ​ការ​បង្រៀន​ពីនិសិ្សតឆ្នាំទី​ ៤ ដែលបានស្ម័គ្រចិត្តមកបង្រៀនរៀងរាល់ចុងសប្តាហ៍។ សិស្សដែលអាចចូលរៀនវគ្គនេះបានគឺ លោកគ្រូ អ្នកគ្រូរបស់ពួកគេជ្រើសរើស​ឬណែនាំ​អោយ​ចុះឈ្មោះចូលរៀន។ មួយវិញទៀត សិស្សមួយចំនួនបានមក​សួរខ្ញុំពី​មេរៀន គួរមើលអ្វី ធ្វើយ៉ាងមិចជាដើម។ បន្ទាប់មក​ ខ្ញុំក៏ជួយពួកគាត់​ដោយការ​ប្រាប់ទៅវិញថាគួរមើលអី សៀវភៅណាដែលគួរមើល ហើយ​អ្នកខ្លះ​ពិបាកពេក ខ្ញុំក៏សួរគាត់ខ្លះៗពីដំណើរការនៃការរៀនទៅជា​យ៉ាងណា​ហើយ ដើម្បី​អាចអោយខ្ញុំរកឯកសារជំនួយអោយពួកគាត់។

  1. តើអ្នកនឹងផ្ដល់ដំបូន្មានអ្វីដល់អ្នកដទៃដែលកំពុងប្រឈមមុខនឹងបទពិសោធន៍នេះ?

សំដី Robert ៖ ត្រូវស្មោះត្រង់ជាមួយខ្លួនឯងព្រមទទួលយកកម្រិតដែលខ្លួនមាន។ បន្ទាប់មកស្វែងរកមធ្យោបាយកែលម្អ ស្វែងរកកន្លែងដែល​ពួកគេអាចទទួលបាន​ការ​អនុវត្តនិងការគាំទ្រជាច្រើន។ ឧទាហរណ៍ ប្រសិនបើសិស្សទើបតែចាប់ផ្តើម​រៀនភាសាអង់គ្លេសពួកគេត្រូវព្យាយាមមើលថាតើពួកគេអាចស្វែងរកគ្រូឯកជនឬសាលាភាសាក្រៅពីការសិក្សានៅសកលវិទ្យាល័យរបស់ពួកគេបានដែរឬទេ ដើម្បីពង្រឹងបន្ថែម។ ហើយក៏ត្រូវព្យាយាមនិយាយភាសាអង់គ្លេស​ឱ្យបានច្រើន​តាម​តែអាចធ្វើទៅបានសូម្បីនៅពេលជាមួយមិត្តភក្តិនិងក្រុមគ្រួសារក៏ដោយ។

សំដី Anonymous ៖ ដំបូន្មាននោះគឺ យើងត្រូវដឹងខ្លួនឯងសិនថា យើងចង់បានអ្វី​ពី​កំរិត​ភាសាអង់គ្លេសរបស់យើង។ បើយើងចង់បើកហាង ចង់លក់ដូរ ចឹងយើង​ត្រូវ​ប្រឹង​តាមហ្នឹង តែបើយើងចង់ទៅរៀនស្រុកក្រៅ ចឹងយើងត្រូវខំប្រឹងតាមកម្រិតនៃ​ការ​ចង់បានរបស់យើងបែបហ្នឹង។​ ភាសាទី២ ជាភាសាយាន យើងចង់ទៅត្រឹម​ណា​យើងប្រើវា​ទៅត្រឹមហ្នឹង ដូចការប្រលង IELTS ឬ TOEFL មិនមែន​ទាល់​តែ​បាន​ 8.0​ បានហៅថាអ្នកចេះភាសាអង់គ្លេសនោះទេ តែយើងត្រូវដឹងថា​យើងចង់បាន​អ្វី ប្រើវាទៅលើអ្វី ត្រឹមកំរិតណា​ជាដើម។ ឧទាហរណ៍៖ បើយើងធ្វើ​ការ​អង្គការ យើងត្រូវនិយាយជាមួយបរទេសច្រើន នោះមានន័យថា យើងត្រូវ​ពូកែ​ខាង Speaking ចឹងយើងត្រូវខំប្រឹងផ្នែក Speaking អោយចំគោលដៅ​បែប​នឹង។ សរុបមកគឺថាយើងចង់បានអ្វីពីវាសិន។

  1. នៅពេលនិយាយជាមួយសិស្សានុសិស្សអំពីកម្រិតភាសាអង់គ្លេស តើអ្នក​ផ្តល់​ដំបូន្មានអ្វីដល់ពួកគេ?

សំដី Robert ៖ អាចមើលកម្មវិធីទូរទស្សន៍ជាភាសាអង់គ្លេស ជាពិសេសកម្មវិធី​ព័ត៌មានអន្តរជាតិដែលពួកគេអាចមានឱកាសស្តាប់ពីរបៀបនិយាយភាសា​កំណើត​របស់ជនជាតិគេ ដែលជួយពួកគេអាចរៀនបញ្ចេញពាក្យបន្តិចបន្តួច និងជួយឱ្យពួកគេទទួលបានចំណេះដឹងខ្លះៗអំពីអ្វីដែលកំពុងកើតឡើងនៅជុំវិញ​ពិភពលោកដែលពួកគេអាចយកមកពិភាក្សាជាមួយមិត្តភក្តិ និង ក្រុមគ្រួសារ​របស់​ពួកគេនៅពេលក្រោយមក។

សំដី Anonymous ៖ ដំបូន្មានចំពោះសិស្សក្នុងការប្រើប្រាស់កម្រិតភាសាអង់គ្លេស​របស់​ពួកគេគឺ យើងត្រូវដឹងថាយើងពូកែខាងអ្វីហើយ។ បើយើងគិតថាយើង​ខ្លួនឯង​ពូកែវេយ្យាករណ៍ (Grammar) ហើយ ចឹងយើងអាចប្រើប្រាស់វាបានឬអត់ ផ្សំចុះផ្សំឡើង​ចេញអី ហើយយើងអាចសរសេរវាបានត្រឹមត្រូវអត់។ ឧទាហរណ៍ ៖ បើឥលូវយើងមិនសូវហ៊ាននិយាយ ចឹងយើងយកឱកាសនិយាយអោយ​បានច្រើន​ទៅ បើខុស​តិចតួចក៏មិនអីដែរ វាជារឿងធម្មតាទេពេលនិយាយ​វាតែងតែ​មានខុស​ខ្លះ​ហើយ តែបើសរសេរ (Writing) វិញ យើងត្រូវយកចិត្តទុកដាក់បន្តិចហើយ​។ រួចហើយរៀនស្វែង​យល់​ពីចំនុចខ្វះខាតរបស់យើងមានអ្វីខ្លះ រួចចាប់ផ្ដើមធ្វើ​ការ​កែ​ទម្រង់​ទៅតាមនឹង។ ម្យ៉ាងវិញទៀត ភាសាអង់គ្លេស យើងមិនមែនគិត​តែ​វេយ្យាករណ៍​​ប៉ុននឹងទេ យើងត្រូវគិតពីគំនិត (Ideas) អោយបានច្រើន។ ឧទាហរណ៍​៖ បើ​យើង​រៀនកសិកម្ម ហើយយើងរៀនអង់គ្លេស ចឹងយើងត្រូវ​ពង្រឹងភាសា​យើងផង យើងត្រូវពង្រឹងចំណេះដឹងខាងកសិកម្មយើងផង​ ប្រើ​អង់គ្លេស​ក្នុងកសិកម្មគេប្រើយ៉ាងមិច គឺវាបែបនឹង។

  1. សព្វថ្ងៃនេះភាសាអង់គ្លេសគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ តើអ្នកគិតថាប្រជាជនកម្ពុជាគួរតែចាប់ផ្តើមរៀនភាសា​អង់គ្លេស​នៅអាយុប៉ុន្មាន?

សំដី Robert ៖​ មនុស្សទាំងអស់ដែលចង់រៀនភាសាដទៃទៀតដើម្បីចាប់ផ្តើមពី​ដំបូង​ពិតជាមានសារៈសំខាន់ណាស់។ ប្រសិនបើអ្នកកត់សម្គាល់ជួនកាលក្មេងៗ​ដែល​មានអាយុ 2 និង 3 ឆ្នាំនៅពេលដែលពួកគេចាប់ផ្តើមរៀនភាសា​នៃប្រទេស​កំណើតរបស់ពួកគេវាងាយស្រួលណាស់សម្រាប់ពួកគេក្នុងការរៀនភាសាផ្សេងទៀតផងដែរ។ ជារឿយៗក្មេងៗអាចរៀន 2-3 ភាសាក្នុងពេលតែមួយហើយវា​កាន់តែដូចជាពួកគេកំពុងរៀនភាសាកំណើតរបស់គេទាំងអស់គ្នា។ មនុស្សវ័យ​ចំណាស់​អាចទទួលបានការលំបាកកាន់តែខ្លាំង ក្នុងការទទួលបានជំនាញ។ ដូច្នេះ ដំបូន្មាន​របស់ខ្ញុំ​សម្រាប់ប្រជាជនកម្ពុជាគឺ រៀនភាសាអង់គ្លេសឱ្យបាន​ឆាប់តាម​ដែល​អាចធ្វើទៅបាន។ ប្រសិនបើគ្រួសាររបស់ពួកគេអាច​មានលទ្ធភាពបញ្ជូន​ពួកគេទៅសាលាមត្តេយ្យដែលត្រូវបានបង្រៀនជាភាសាអង់គ្លេសនោះវានឹងមានប្រយោជន៍ខ្លាំងណាស់។

សំដី Anonymous ៖ បើយើងមើលឃើញរាល់ថ្ងៃនេះ ក្មេងៗធំមិនទាន់ទេគឺ ឪពុកម្ដាយ​ពួកគេបញ្ជូនទៅសាលាអស់ហើយ វាត្រឹមត្រូវហើយ​ព្រោះកូនក្មេង​រៀន​ឆាប់ចេះ បើចាស់ៗយឺតក្នុងការចាប់បាន។ ប៉ុន្តែបើល្អអាយុកាន់តែក្មេង កាន់​តែ​ល្អ ហើយ​ចំនុចមួយដែលក្មេងជំនាន់ក្រោយគួរពិចារណាគឺ “តើយើងគួរ​តែ​អោយ​ក្មេងចេះភាសាអ្វីមុន?”​។ មុនដំបូងយើងត្រូវដឹងថា ពេលវាធំឡើង ក្មេងនឹង​អាចនឹង​ចំណាយពេលភាគច្រើននៅក្នុងស្រុកយើង ឬ ក៏ទៅនៅស្រុកក្រៅតែម្ដង។ បើសិនជាក្មេង​នឹងទៅនៅស្រុកក្រៅបាត់ ចឹងអោយវារៀនអង់គ្លេសតែម្ដងទៅ តែបើវានឹងធំឡើងហើយនឹងរស់នៅទីនេះច្រើនជាង ដូច្នេះគួរតែរៀនខ្មែរមុន។​ បើតាមខ្ញុំគិត ក្មេងគួរតែរៀនភាសាដើមមុនទើបល្អ (First Language) ភាសាដើម​នឹង​អោយចាប់គ្រឹះបានសិន រៀនហ្នឹងសំដៅទៅលើការនិយាយជាមួយវារាល់ថ្ងៃ ហើយចាំវាចាប់គ្រឹះបានសិន ចេះបង្កើតប្រយោគបានសិន ចាំអោយចាប់ភាសា​អង់គ្លេស ព្រោះ​តាមខ្ញុំសង្កេតឃើញ ភាសាខ្មែរយើងពិបាករៀនណាស់។ ដូចនេះ ក្មេងអាយុកាន់តែតិចកាន់តែល្អ តែគួរតែពិភាក្សាទៅថាមួយណាគួរទៅមុន​ព្រោះ​វា​អត់​មានជំរើសណាដែលខុសទេ​ ប៉ុន្តែជំរើសមួយណាក៏មាន​ផលប៉ះពាល់​ផ្សេងៗ​គ្នា​ ផល​ល្អនិងផលអាក្រក់ផ្សេងៗគ្នា គ្រាន់តែយើងចង់អោយក្មេង​ចេះ​អង់គ្លេស​មុន​​អនាគត​វាទៅធ្វើអ្វី បើចេះខ្មែរមុនអនាគតវាទៅធ្វើអ្វី ពីព្រោះអ្វីដែលខ្ញុំ​យល់​ឃើញ បានន័យថាយើងមិនចាំចាច់ទាល់​តែនិយាយដូចអាគាំងទេ គ្រាន់តែ​និយាយ​អោយគេស្ដាប់បានទៅបានហើយ។ ចំពោះអាយុគឺ កាន់តែក្មេងកាន់​តែ​ល្អ តែគ្រាន់ថាមួយណាគួរទៅមុន ឧទាហរណ៍ ចង់ចិនមុនក៏បាន ខ្មែរមុនក៏បាន អ្វី​មុន​ក៏បាន គឺស្រេចតែឪពុកម្ដាយយើងគាត់អ្នកសម្រេចចិត្ត។

  1. សម្រាប់សិស្សដែលនឹងចាប់ផ្តើមការសិក្សានៅសកលវិទ្យាល័យរបស់ពួកគេដោយមិនមានប្រវត្តិភាសាអង់គ្លេសល្អ តើអ្នកផ្តល់ដំបូន្មាន​អ្វីខ្លះដើម្បីឱ្យ​ពួកគេ​អាច​​ទទួល​បានជោគជ័យនៅក្នុងការរៀនដែល​មានភាសាអង់គ្លេស​ជាគោលក្នុងសាកលវិទ្យាល័យ ឬ វិទ្យាស្ថាន?”

សំដី Robert ៖ ចំណាយពេលនៅក្រៅសាកលវិទ្យាល័យផងដែរ ប្រសិនបើពួកគេ​មានជំនាញតិចតួចពួកគេគួរតែចូលរៀននៅសាលារៀនមួយផ្សេងទៀតដូចជា សិស្សមួយចំនួននៅ Zaman ពួកគេចូលរៀននៅ ACE ដើម្បីព្យាយាមនិង​ទទួលបាន​ការគាំទ្របន្ថែមសម្រាប់ជំនាញភាសាអង់គ្លេសរបស់ពួកគេដូច្នេះខ្ញុំ សូមផ្តល់អនុសាសន៍យ៉ាងដូច្នេះ។

សំដី Anonymous ៖ ចំពោះកូនសិស្សខ្លះ គាត់រៀនជំនាញផ្សេងតែ​អង់គ្លេសគាត់​នៅមានកំរិតនៅ​ឡើយ បើចឹងដើម្បីល្អបើអង់គ្លេសគាត់នៅស្ទើរ ឬ មិនទាន់​ពូកែទេ នៅកំរិត Pre-Intermediate នៅឡើយ ដូចនេះខ្ញុំសូមប្រាប់ថា​គួរតែរៀនតែ​មួយ​សាលាបានហើយ បន្ទាប់មកយកពេលផ្សេងទៀតទៅរៀន​តាមសាលា​ឯកជន​បន្ថែមសិន កុំចូលសាកលវិទ្យាល័យទាំងពីរ។ ខ្ញុំគិតថាខាតពេល បើយើងចូល​មហាវិទ្យាល័យ ព្រោះជាទូទៅ Program នៅមហាវិទ្យាល័យគេ​រៀបចំ​មក​កំរិត Intermediate ឡើងហើយ ចំពោះខាងយើងនេះ (IFL) ប៉ុន្តែសិស្សដែលមក​ប្រលងមិន​មែន​សុទ្ទតែកំរិត Intermediate ទាំងអស់ទេ​ យ៉ាងទាបក៏កំរិត Upper-Intermediate ឡើងដែល​ បានប្រឡងជាប់។ អ្នកខ្លះសុខចិត្តរៀនសាលាឯកជន ទោះ​បីជា​ចំណាយលុយបន្តិចតែបានរៀនជាមួយគ្រូបរទេស ទម្ងន់នៃ​ការងារក៏មិន​សូវ​ធ្ងន់ដូចយើងរៀនមហាវិទ្យាល័យដែរ ហើយសិស្សមានចំនួនតិចនៅក្នុងថ្នាក់ ដូច្នេះ​ធ្វើ​អោយ​មានការអនុវត្តភាសាអង់គ្លេសបានច្រើន ហើយចាំពេលដែល​គិតថា​អង់គ្លេសខ្លួនឯងរៀងគ្រាន់បើហើយចាំចូលរៀនបរិញ្ញប័ត្រ តែបើដំបូង​មិនទាន់​គ្រាន់បើទេចឹងកុំទាន់រៀនបរិញ្ញប័ត្រអី សុខចិត្តយកពេល​ប្រឹងជំនាញ​របស់​ខ្លួនឯងសិន​ ហើយប្រឹងតាមក្រៅម៉ោងចឹងវាល្អជាង ពីព្រោះពេលចេញ​ធ្វើការ យើងយក​ជំនាញទៅប្រាប់គេថាយើងធ្វើការបាន មិនមែនយកអង់គ្លេស​ទៅប្រាប់​គេថានិយាយអង់គ្លេសបានទេ ចឹងធ្វើអ្វីដែលល្អគួរតែរៀន​តែមួយ​សាកលហើយយកពេលទំនេរទៅរៀនក្រៅម៉ោងបន្ថែមដើម្បីពង្រឹងជំនាញខ្លួនឯង ហើយបើគិតថាខ្លួនឯងរៀនកើតឬទៅរួចអាចរៀនបរិញ្ញប័ត្រអង់គ្លេសនិងជំនាញបាន តែបើទៅមិនទាន់បានទេកុំទាន់អី។

  1. តើអាចយឺតពេលពេកឬទេក្នុងការទើបតែចាប់ផ្ដើមរៀនភាសាអង់គ្លេស?

សំដី Robert ៖​ វាមិនយឺតពេលទេ។ ទោះបីជានរណាម្នាក់សូម្បីក្នុងវ័យខ្ញុំក៏​អាចរៀន​ភាសាមួយទៀតបានដែល ប៉ុន្តែវានឹងមានការពិបាក​ហើយត្រូវចំណាយពេលយូរ​និងមានការខិតខំប្រឹងប្រែងបន្ថែមទៀតប៉ុន្តែវាមិនដែលយឺតពេលទេ។

សំដី Anonymous ៖ មិនយឺតពេលទេ។ និយាយអោយស្រួលស្ដាប់ថាយើង​មាន​ពេល​រៀនវាអត់ ហើយរបស់នឹងវាចាំបាច់សំរាប់យើងអត់ ព្រោះពេលខ្លះយើង​ដឹងហើយពេលយើង​នៅវ័យនឹង យើងតែងតែរវល់លើអ្វីផ្សេងៗចឹង នោះយើង​ត្រូវដឹង​ថាយើងធ្វើអ្វីដែលវាផ្ដល់ផលប្រយោជន៍អោយយើង វាអាចជួយយើងចឹង ពេលខ្លះយើងចង់រៀនថៃ រៀនចិន តែយើងចេះតែចង់រៀន ករណីហ្នឹងថា​អត់វាក៏​មិនទាន់អីដែល ដូចជាអត់ចេះចិនមិនទាន់អី អត់ចេះថៃក៏មិនទាន់អី ចឹងបានអត់​មានអារម្មណ៍ទៅរៀន។ តែបើដល់ដំណាក់កាលណាមួយត្រូវបត់ទៅភាសា​ណា​មួយ បើយើងមិនបត់តាម យើងនឹងបាត់ផលប្រយោជន៍ ឬក៏យើងប្រកួតប្រជែង​ជាមួយ​គេអត់ឈ្នះចឹងយើងត្រូវតែទៅរៀន។ ជាពិសេសខ្ញុំឃើញ ចាស់ៗមួយ​ចំនួន​គាត់​និយាយអង់គ្លេសបាន ព្រោះពីដើមគាត់ពូកែបារាំង តែឥលូវយើងដឹងហើយ​ថា​បារាំងគេមិនសូវប្រើទេ តែគាត់ប្រើមកជាអង់គ្លេសអីបាន ពេលខ្លះតុង​គាត់មិន​ដូច​បរទេស មិនដូច Native Speakers អីទេ ប៉ុន្តែទំនាក់ទំនងជាមួយគេបាន គេស្ដាប់គាត់​យល់ គាត់ក៏ស្ដាប់គេយល់ ចឹងមានន័យ​ថាមិនមែនដល់ពេលណា​មួយ​រៀនភាសាអីក៏អត់ចេះនោះទេ​ តែវាសំខាន់ថាយើងចង់រៀនវាអត់ ហើយ​យើង​មានការប្ដេជ្ញាជាមួយវាអត់។

  1. ដំបូន្មាន / ការលើកទឹកចិត្ត:

សំដី Robert ៖ ពួកគេអាចរៀននិងប្រាកដជាមួយខ្លួនឯង ហើយឱ្យពួកគេដឹងថា​វានឹង​មិនកើត​ឡើងនៅពេលតែមួយយប់ទេ វានឹងត្រូវការពេល​ក្នុងការខិតខំ​ប្រឹងប្រែង​​និង​ការយកចិត្តទុកដាក់ ហើយប្រសិនបើ​ពួកគេនៅជាមួយវា ប្រើប្រាស់​វា​អោយបានញឹកញាប់ ពួកគេនឹងបានប្រសើរឡើង ហើយថ្ងៃមួយនឹងមកដល់​ថា​ពួកគេ​នឹងស្ទាត់ជំនាញភាសា។

សំដី Anonymous ៖ ពេលខ្លះខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែល អារម្មណ៍ដែលថានិយាយ​អង់គ្លេសមិនពិរោះដូចគេ តាមពិតទៅវាមិនមាន​អីពាក់ព័ន្ធថាយើង​និយាយ​ពិរោះ​ឬមិន​ពិរោះអីទេ ពាក្យថាពិរោះមានន័យថា យើងនិយាយ​ដូចបរទេស តែមិនមាន​ន័យបែបហ្នឹងទេ ពីព្រោះសូម្បីតែបច្ចុប្បន្ន ដែលលឺថា World English ទេ? – World English ហ្នឹងជាការប្រើប្រាស់ឬនិយាយភាសាអង់គ្លេសដែលប្រែប្រួលតាមតំបន់ ចឹងវាអត់មានអីដែលថាទាល់តែនិយាយដូចអាមេរិច ឬ និយាយដូច​អូស្ត្រាលីបាន​ហៅ​ថា​ចេះអង់គ្លេសទេ គឺមិនមែនបែបហ្នឹងទេ។ ដូចនេះ យើងកុំយករឿងហ្នឹង​មក​គិតច្រើន តែអោយប្រាកដថាយើងប្រើវេយ្យាករណ៍ត្រូវ បញ្ចេញសំលេង​បាន​ត្រឹមត្រូវ សរសេរបានគឺបានហើយ មិនចាំបាច់តែ​បញ្ចេញសំលេងដូចជន​ជាតិ​គេ​តែ​ម្ដងបានត្រូវ វាមិនមែនចឹងទេ។ ភាសាសំខាន់គឺ យើងចង់បានអ្វីពីវា ឧទាហរណ៍​៖ ប្រលង IELTS ឬ TOEFL សួរថាបាន 8.0 និង 6.5 ខុសគ្នាឬអត់? បើ​ខុសគ្មា​តើខុសក្នុងន័យបែបមិច? – វាគ្មានខុសគ្នាអីទេ ដូចខ្ញុំនិយាយចឹង​ភាសាវា​ជា​យាន​ទេ ដូចជាអនាគតទៅយើងធ្វើការពាក់ព័ន្ធជាមួយនឹងជំនាញយើងទេ ចឹង​យើងគ្រាន់តែប្រាកដថាយើងអាចប្រើប្រាស់ភាសាហ្នឹងក្នុងវិស័យការងារយើង​បានទៅគឺបានហើយ។ ដំបូន្មានខ្ញុំគឺ គ្រាន់តែយើងអានពាក្យអោយបានត្រឹមត្រូវ ហើយចេះបត់បែន ដូចជាកាលៈទេសៈណាត្រូវប្រើពាក្យអី ឧទាហរណ៍៖ ពេល​សរសេរសំបុត្រសុំច្បាប់ផ្សេងៗ គេគួរសេសេរបែបម៉េច ប្រើពាក្យពេចន៍តាម​កាលៈទេសៈ​បែបម៉េច ហើយបើសរសេរសំបុត្រទៅមិត្តភក្តិ ត្រូវសរសេរបែបម៉េច ពេលអតិថិជន Complain មកក្រុមហ៊ុនគួរសរសេរឆ្លើយតបបែបម៉េច។ ទាំងនេះជាអ្វីដែលត្រូវយល់ ក៏ដូចជាការប្រើប្រាស់ពាក្យ​ពេចន័អោយត្រូវ​តាម​ពេល​វេលា មិនចាំបាច់ទាល់តែចេះរិលបានធ្វើកើតឯណា មិនចឹងទេ។ ចំពោះ​បញ្ហា អៀនមិនព្រមនិយាយអង់គ្លេសនោះគឺ ទាមទារពេលយូរ ព្រមទាំង​បរិស្ថាន​ដែល​នៅជុំវិញ​ខ្លួនផងដែលនឹងអាចជំរុញអោយបុគ្គលនោះនិយាយបាន បើពេល​ខ្លះ​គ្រូនិយាយតែអង់គ្លេស ដល់ពេលធ្វើការក្រុមគេនិយាយអង់គ្លេស ចឹង​បុគ្គល​នោះ​ក៏ត្រូវតែ​និយាយអង់គ្លេសជាមួយគេឯងដែរ ចឹងវាត្រូវការពេលវេលា។

អត្ថបទនេះត្រូវបានចងក្រង និងរៀបរៀងដោយក្រុម B

Team members:

Mr. Chea Dara
Ms. Sambath Gechu
Mr. Kimkhun Pao
Mr. Lay Pirou
Ms. Ly Sok Vattey
Ms. Phen Dary
Mr. Rin Minea
Mr. Seng Vathanak
Ms. Sin Tisavly
Ms. Taing Chhunleav
Mr. Teav Huoy Tyty

Team Leaders:

Ms. Nuon Kanika
Ms. Thou Sarapich

Supervisor: Mr. Uk Sovannara

Facebook Comments