ឥទ្ធិពលនៃភាពយន្តខ្មែរសម័យមុនសង្គ្រាម

រយៈពេលជាច្រើនឆ្នាំ និង ច្រើនលើកច្រើនសារ ក្នុងដំណើរស្រាវជ្រាវយ៉ាងស្វិតស្វាញរបស់ក្រុមយុវជនព្រះសុរិយា ឯកសារមួយចំនួនធំបានរកឃើញនៅប្រទេសជិតខាង ពិសេសគឺនៅទឹកដីនៃព្រះរាជាណាចក្រថៃ។

Image may contain: 7 people, people smiling

បន្ទាប់ពីបានរកឃើញហើយ ក្រុមព្រះសុរិយាតែងតែយកមកផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយមានការរៀបចំព្រឹត្តិការណ៍ភាពយន្តផ្សេងៗដូចជា មួយម៉ឺនអាល័យ, ទេសចរណ៍ភាពយន្តខ្មែរ ជាដើម។ ពិសេស មានការដាក់តាំងបង្ហាញជារៀងរាល់ថ្ងៃនៅវាលព្រះ​មេរុ ក្នុងកម្មវិធីបំបែកឯត្តទត្តកម្មក្រម៉ាវែងជាងលើគេលើពិភពលោក។

ការដាក់បង្ហាញនេះមានការលើកឡើងខុសៗដោយងឿងឆ្ងល់ចំពោះរូបថតមួយចំនួនដែលមានជាប់មកនូវអក្សរនៃប្រជាជាតិថៃ។ ដោយមានជនមួយចំនួនហាក់ដូចជាអ្នកប្រកាន់ជាតិនិយម យល់ថា មិនសម ទាំងមិនបានដឹងអំពីសាវតារបស់រូបទាំងនោះ និងអ្នកខ្លះទៀតបែរជាយល់ថា ជាភាពយន្តថៃក៏មាន។ បុគ្គលិកប្រចាំការនៃតូបពិរពណ៍ក្រុមព្រះសុរិយាបានថ្លែងបកស្រាយជារឿយៗទៅកាន់ពួកគាត់នូវសាវតាពិតនៃរឿងរ៉ាវទាំងនោះ។ នេះគឺជាអ្វី? គឺជាឥទ្ធិពលមរតកដ៏ខ្លាំងក្លានៃដូនតាខ្មែរមុនឆ្នាំ៧៥បានបន្សល់ទុកអោយខ្មែរ នូវស្លាកស្នាមព្រលឹងជាតិដ៏រឹងមាំមួយដែលមិនអាចបំភ្លេចបាន។

ការរកឃើញភាពយន្តខ្មែរ និងឯកសារសំខាន់ៗជាច្រើននៅទឹកដីនៃប្រជាជាតិថៃនោះ គឺបានបង្ហាញនូវចំណុចបីយ៉ាងសំខាន់ដូចជា៖

១- គុណភាពនៃភាពយន្តខ្មែរមានកម្រិតខ្ពស់ ដែលធ្វើអោយពាណិជ្ជករនៃប្រទេសថៃ ស្នើសុំទិញកម្មសិទ្ធិយកបញ្ចាំងនៅប្រទេសថៃ រវាងពីឆ្នាំ១៩៧០-១៩៧៥ ក្នុងក្របខណ្ឌកិច្ចសន្យាទិញសិទ្ធិមានកំណត់រយៈពេល។ (ដូចនឹងបច្ចុប្បន្នដែលខ្មែរនិយមទិញភាពយន្តពីប្រទេសកូរ៉េ , ថៃ , ចិន មកបញ្ចាំង)។

២- តារាភាពយន្តខ្មែរបានក្លាយជានិមិត្តរូប និងជាទីស្រឡាញ់នៃប្រជារាស្រ្តថៃ តួយ៉ាងដូចជា នាង ឌី សាវ៉េ​ត (ពស់កេងកង) លោក ជា យុទ្ធថន, លោក គង់ សំអឿន, វិជ្ជរ៉ាដានី ជាដើម ហើយរាល់ពេលតារាភាពយន្តទាំងនោះបានបង្ហាញវត្ថមាននៅលើទឹកដីនៃប្រទេសថៃប្រជាទស្សនិកជនថៃ ផ្អើលបាក់ទឹកបាក់ដី សុំជួបនិងចង់ឃើញពួកគាត់ដោយក្តីស្រឡាញ់និងរាប់អាន។ នេះយោងតាមសម្រង់អត្ថបទជាភាសាថៃនៅខណះពេលដែលតារាភាពយន្តខ្មែរទៅបង្ហាញខ្លួនក្នុងពិធីសម្ភោធភាពយន្តនាទីក្រុងបាងកក ប្រទេសថៃ។

៣- ភាពល្បីល្បាញនៃវប្បធម៌ភាពយន្តខ្មែរនៅលើទឹកដីប្រទេសថៃ នៅខណះដែលកម្ពុជាបានបោះជំហានយ៉ាងវែងទៅមុខលើវិស័យភាពយន្តមុនប្រទេសថៃ។ នេះអាចនិយាយបានថា ប្រទេសថៃ យកភាពយន្តខ្មែរជាគ្រូ សម្រាប់អភិវឌ្ឈភាពយន្តរបស់គេ តួយ៉ាងដូចជា នាខែ មីនា ក្នុងឆ្នាំ២០១៨នេះ ភាពយន្តរឿង ខ្យងស័ង្ខ (ហ្វីល១៦មីលីម៉ែត្រ) ផលិតកម្ម ប្រាសាទកែវភាពយន្ត របស់អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សាម៉នម៉េត មានដំណើររឿងពីដើមដល់ចប់ ត្រូវបានគេរកឃើញនៅក្នុងបណ្ណាល័យនៃសកលវិទ្យាល័យ ដែលគេតំកល់ទុកតាំងពីទសវត្សឆ្នាំ៧០ សម្រាប់បង្ហាញដល់សិស្សនិស្សិតដែលសិក្សាផ្នែកសម្តែងនិងផលិតភាពយន្តនៅសកលវិទ្យាល័យនោះបានសិក្សារៀនសូត្រ។

ជាមួយគ្នានេះ ការរក្សាទុកនូវមរតករបស់ជាតិយើងនៅលើទឹកដីនៃប្រទេសជិតខាងនេះ គឺជាមោទនភាពដ៏អោយគួររំភើបដែលខ្មែរគួរតែធ្វើអ្វីជាច្រើនសម្រាប់ការងារនេះបន្តទៀត ហើយនេះក៏និយាយបានថាជាការជួយរក្សានូវមរតករបស់ខ្មែរ នៅខណះដែលប្រទេសកម្ពុជាបានឆេះខ្ទេចខ្ទីបាត់បង់ឯកសារទាំងនោះយ៉ាងច្រើនសន្ធឹក នៅក្នុងវាលពិឃាតខ្មែរក្រហមនិងក្រោយរបបខ្មែរក្រហម។

ក្នុងដំណើរកិច្ចការបន្តនៃក្រុមព្រះសុរិយា ក្រុមព្រះសុរិយាកំពុងបន្តការសិក្សាស្រាវជ្រាវរបស់ខ្លួនជាបន្តទៀត ដើម្បីស្វែងរក​មរតកស្នាដៃបន្តទៀតនៅទឹកដីនៃប្រទេសថៃ។

រូបផ្សាយរឿង ធីតាឃ្លោកទិព្វ
រូបថតក្នុងរឿង នាងសក់ក្រអូប
រូបផ្សាយរឿង នាងផ្តិលមាស
រូបផ្សាយរឿង ខ្យងស័ង្ខ

ប្រភពរូបថត៖ ក្រុមព្រះសុរិយារកឃើញទីក្រុងបាងកក ប្រទេសថៃ

ប្រភព៖ ព្រះសុរិយា

Facebook Comments