ដឹងអត់ ហេតុអ្វីទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ?

ការរកឃើញនូវបច្ចេកវិទ្យាទំនើប បាននាំមកនូវភាពងាយស្រួល ដែលអាចជួយសម្រួលដល់ការរស់នៅរបស់មនុស្សយ៉ាងច្រើន។​ ដោយសារការប្រើប្រាស់បច្ចេកវិទ្យា មនុស្សបានបង្កើតវត្ថុជាច្រើនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលក្នុងនោះមានរួមបញ្ចូលទាំងនាឡិកាផងដែរ។​ យើងប្រាកដជាធ្លាប់ឮហើយថា កាលពីសម័យមុនដែលមិនទាន់មានបច្ចេកវិទ្យាទំនើប ឬ នាឡិកាសម្រាប់ប្រើប្រាស់ ចាស់ៗបុរាណកំណត់ចំណាំពេលវេលាថាជាពេលព្រឹក ពេលថ្ងៃត្រង់ ឬ ពេលរសៀល តាមរយៈការមើលព្រះអាទិត្យ។​ យើងដឹងហើយថា ផែនដីមានរាងមូល ហើយវាវិលជុំវិញព្រះអាទិត្យ ដូច្នេះ ចាស់បុរាណវាស់ពេលវេលាដោយផ្អែកលើទីតាំងនៃព្រះអាទិត្យ។ ឧទាហរណ៍ គេអាចដឹងថាពេលថ្ងៃត្រង់ នៅពេលដែលព្រះអាទិត្យមានកំពស់ខ្ពស់បំផុតនៅលើមេឃ។​

ដោយសារការប្រើប្រាស់បច្ចេកវិទ្យា នាឡិកាមេកានិច ឬ ជាភាសាអង់គ្លេសថា Mechanical clock ក៏ត្រូវបានបង្កើតឡើង។ ការបង្កើតនាឡិកាជួយឲ្យមនុស្សកាន់តែមានភាពងាយស្រួលជាងមុន ដោយមិនចាំបាច់ត្រូវទៅមើលព្រះអាទិត្យដើម្បីដឹងពីពេលវេលាទៀតនោះទេ ព្រោះនាឡិកាមានទ្រនិចដែលជាអ្នកចង្អុលបង្ហាញពេលវេលាឲ្យយើងស្រាប់។ មិនថានាឡិកាប្រភេទដាក់ជាប់ជញ្ជាំង នាឡិកាដៃ ឬ នាឡិកាប្រភេទផ្សេងៗ ជាធម្មតា ទ្រនិចនាឡិកាតែងវិលពីឆ្វេងទៅស្ដាំ។ អ្នកធ្លាប់ដែលឆ្ងល់ ឬអត់ថា ហេតុអ្វីបានជាទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ? ហេតុអ្វីបានជាវាមិនវិលពីស្ដាំទៅឆ្វេងវិញទៅ?

គួររំ៎ឮកថា នាឡិកាមេកានិច ឬ ជាភាសាអង់គ្លេសថា Mechanical Clock ត្រូវបានបង្កើតឡើងក្នុងអំឡុង ឆ្នាំ ១២៧១ ដែលត្រូវនឹងចុងសតវត្សទី ១៣ បើតាមលោក Lynn Thorndike (1943) បានលើកឡើងក្នុងអត្ថបទ Invention of The Mechanical Clock about 1271 A.D.។

ឆ្លើយតបទៅនឹងសំណួរថា ហេតុអ្វីទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ? មានការលើកឡើងតៗគ្នាជាច្រើនថា នាឡិកាមេកានិច គឺត្រូវបានបង្កើតឡើង​នៅអឌ្ឍគោលខាងជើង ហើយនៅអឌ្ឍគោលខាងជើង ព្រះអាទិត្យផ្លាស់ទីលើមេឃពីឆ្វេងទៅស្តាំ ដូច្នេះអ្នកបង្កើតចង់ឲ្យឧបករណ៍នេះដើរតាមចលនារបស់ព្រះអាទិត្យ ទើបទ្រនិចរបស់នាឡិកាត្រូវបានធ្វើឡើងដើម្បីធ្វើតាមចលនារបស់ព្រះអាទិត្យ គឺពីឆ្វេងទៅស្តាំ ឬ អ្វីដែលត្រូវបានគេស្គាល់ជាទូទៅថាមុំនាឡិកា ឬ ជាភាសាអង់គ្លេសថា Clockwise។

មួយវិញទៀត តាមអត្ថបទ In-Depth: Why Clocks Run Clockwise (And Some Watches And Some Clocks That Don’t) ដែលដកស្រង់ចេញពីគេហទំព័ររបស់ទស្សនាវដ្ដី Hodinkee បានលើកឡើងថា ប្រសិនបើយើងស្ថិតនៅអឌ្ឍគោលខាងជើង ហើយឈរនៅមុខផ្លូវរបស់ព្រះអាទិត្យនៅលើមេឃ យើងនឹងឃើញដំណើររបស់វាដើរតាមទិសរបស់មុំនាឡិកា ឬ ជាភាសាអង់គ្លេសថា clockwise។ ហើយពេលយើងដាក់ នាឡិកាព្រះអាទិត្យ[1] ឬ ជាភាសាអង់គ្លេសថា Sundial នៅពីក្រោមពន្លឺព្រះអាទិត្យ ពេលដែលពន្លឺព្រះអាទិត្យជះចំឧបករណ៍នោះ យើងនឹងឃើញស្រមោលទ្រនិចរបស់នាឡិកាព្រះអាទិត្យនោះដើរតាមទិសដូចមុំនាឡិកា។ ដូច្នេះទើបគេគិតថា នាឡិកាដែលគេបង្កើតមុនដំបូង គឺធ្វើតាមចលនាជាក់ស្ដែងរបស់ព្រះអាទិត្យ (​the apparent motion of the sun) និងទិសរបស់ព្រួញចង្អុលបង្ហាញនៃនាឡិកាព្រះអាទិត្យ។

នាឡិកាព្រះអាទិត្យ រូបភាពពីប្រភព https://someinterestingfacts.net/facts-sundials-shadow-clocks/

ការលើកឡើងរបស់ទស្សនាវដ្ដី Hodinkee នេះមិនបានបញ្ជាក់ថាវាត្រឹមត្រូវ ១០០% ទេ ប៉ុន្តែគេជឿជាក់ថា​ វាជាហេតុផលដ៏សមស្របមួយដែលអាចបញ្ជាក់ថា នាឡិកាដែលយើងប្រើប្រាស់សព្វថ្ងៃ ទ្រនិចរបស់វាមានទិសដៅដូចទ្រនិចរបស់នាឡិកាព្រះអាទិត្យ ឬ sundial នេះឯង។

ស្របគ្នានេះដែរ មានសំណួរមួយដែលបានលើកឡើងក្នុងទស្សនាវដ្ដី BBC Focus Magazine ថា Why do clocks go clockwise? (ហេតុអ្វីបានជាទ្រនិចនាឡិកាដើរតាមទិសដៅទ្រនិចនាឡិកា?)។ ការបកស្រាយទៅលើសំណួរនេះក៏បានលើកឡើងស្របគ្នានឹងទស្សនាវដ្ដី Hodinkee ដែរ គឺកាលពីមុន គេប្រើនាឡិកាព្រះអាទិត្យដើម្បីមើលពីពេលវេលា ហើយនៅអឌ្ឍគោលខាងជើង ស្រមោលនៃមុខនាឡិកាមានទិសដៅដូចនឹងទិសដៅរបស់ព្រះអាទិត្យ។ ដូចនេះ នាឡិកាដែលគេបង្កើតមកក្រោយៗទៀត ទ្រនិចវាមានទិសដៅដូចទ្រនិចនាឡិកាព្រះអាទិត្យដែរ។

សរុបសេចក្ដីមក ការលើកឡើងរបស់ប្រភពមួយចំនួនខាងលើមានលក្ខណៈស្របគ្នា ដែលថាទ្រនិចនាឡិកាដែលវិលពីឆ្វេងទៅស្ដាំ ដោយសារវាមានទិសដៅស្របគ្នាជាមួយចលនារបស់ព្រះអាទិត្យពេលដែលយើងមើលពីផែនដីទៅ និងទិសដៅរបស់ទ្រនិចនាឡិកាព្រះអាទិត្យ។ យ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាការលើកឡើងពីប្រភពផ្សេងៗគ្នាប៉ុណ្ណោះ។ អ្នកអាចធ្វើការស្រាវជ្រាវ និងពិចារណាបន្ថែមទៅលើហេតុផលទាំងនោះ។

………..

[1] ឧបករណ៍ដែលត្រូវបានគេប្រើប្រាស់កាលពីសម័យមុន ដើម្បីបង្ហាញពីពេលវេលា។ ពេលឧបករណ៍នេះត្រូវពន្លឺព្រះអាទិត្យ ស្រមោលរបស់ព្រួញនៅលើនោះ នឹងចាំងលើបន្ទះដើម្បីសម្គាល់ម៉ោង។

ឯកសារយោង

In-Depth Why Clocks Run Clockwise (And Some Watches And Clocks That Don’t)

Why do clocks go clockwise?

Invention of the Mechanical Clock about 1271 A.D.

List of years

 

 

Facebook Comments