កម្មវិធីប្រកួត 3D ​Conquest របស់ធនាគារ CIMB កម្រិតអាស៊ាន សម្រាប់យុវជនឆ្នើមផ្នែកឌីជីថល (ប្រាក់រង្វាន់ 12ម៉ឺនដុល្លារ)

ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាត (CIMB Group) បានសម្ពោធកម្មវិធីប្រកួត 3D Conquest ដែលជាការប្រកួតប្រជែងមួយ មានគោលបំណងទាក់ទាញយុវជនឆ្នើមផ្នែកឌីជីថល និងមានភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងផ្នត់គំនិតជាសហគ្រិន ឈ្លាសវៃ។ កម្មវិធី ដែលយកលំនាំតាមបែប Hackathon នេះមានការប្រកួតប្រជែង ៣ ប្រភេទ រួមមានវិទ្យាសាស្រ្តទិន្នន័យ (Data Science) បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងការសរសេរកូដ (Coding)។​

ប្រភេទ Data Science តម្រូវឲ្យក្រុមប្រកួតប្រជែង បង្កើតគម្រូព្យាករណ៍ (Predictive Models) និងក្របខណ្ឌតាមផ្នែក (Segmentation Frameworks) ដើម្បីសម្រេចគោលដៅប្រាក់ចំណូល និងប្រាក់ចំណេញ។ ប្រភេទ FinTech អនុញ្ញាតឲ្យនិស្សិតចូលរួមគិតអ្វីដែលថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ពីដំណោះស្រាយធនាគារ ហើយប្រភេទ Coding ផ្តោតសំខាន់លើការអភិវឌ្ឍផ្នែកទូទាត់ទឹកប្រាក់ចល័ត។ ដូច្នេះឈ្មោះនៃកម្មវិធីប្រកួត 3D Conquest គឺមកពីពាក្យ Data Digital និង Disruption។

ក្រៅពីរង្វាន់ទឹកប្រាក់សរុបចំនួន 12ម៉ឺនដុល្លារអាមេរិក សម្រាប់កម្មវិធីប្រកួតប្រជែងថ្នាក់តំបន់នេះ ម្ចាស់ជ័យលាភីថ្នាក់តំបន់នឹងទទួលបានបទពិសោធន៍ដ៏កម្ររ តាមរយៈទស្សនកិច្ចទៅកាន់តំបន់ដ៏ល្បីល្បាញដែលមាន ឈ្មោះថា Silicon Valley នៅសហរដ្ឋអាមេរិក រួមទាំងឱកាសការងារជាមួយនឹងធនាគារ CIMB បន្ទាប់ពីបញ្ចប់ការសិក្សាផងដែរ។

លោកស្រី Dato’ Hamidah Naziadin នាយិកាធនធានមនុស្សរបស់ CIMB Group បានឲ្យដឹងថា៖ «ក្នុងនាមជាធនាគារសាកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន យើងរប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងតំបន់។ ហើយកម្មវិធី 3D Conquest នេះគឺជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដែល CIMB Group ជម្រុញឲ្យយុវជនក្នុងតំបន់អាស៊ាន ទទួលបានឱកាសល្អៗ នៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី4 នាពេលបច្ចុប្បន្ននេះ»។

«ជារួម ទាំងអស់នេះ គឺដើម្បីអតិថិជនរបស់យើងទាំងអស់គ្នា។ យើងរៀបចំគម្រោងអនាគតមួយ ដែលអតិថិជនអាចជ្រើសរើសផលិតផល និងសេវាកម្ម ដែលបង្កើតឡើងរួមគ្នា ហើយសមស្របនឹងតម្រូវការរបស់ពួកគេ តាមរយៈឧបករណ៍ ដែលចេញពីការវិភាគទិន្នន័យ និងកម្មវិធីប្រាជ្ញាសិប្បនិមិត្ម AI។ នេះគឺជាហេតុផល​ ដែលគោលដៅរីកចម្រើនបន្ទាប់របស់ CIMB Group នឹងមានមូលដ្ឋានឌីជីថល ទៅលើសសរគ្រឹះទាំងបី ដូចជាការលើកកម្ពស់ធនធានមនុស្ស អតិថិជន និងនិរន្តរភាព។ យើងជឿជាក់យ៉ាងរឹងមាំថា តាមរយៈកម្មវិធីប្រកួតប្រជែងនេះ បូករួមនឹងគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជាសាលាបណ្តុះបណ្តាល 3D និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ CIMB Group ដែលមានកញ្ចប់ទឹកប្រាក់សរុបប្រមាណ 111លានរីងហ្គីត នឹងត្រូវចំណាយដើម្បីបំពាក់បំប៉នបុគ្គលិក ផ្នែកឌីជីថល CIMB Group នឹងស្ថិតក្នុងលក្ខខណ្ឌមួយល្អប្រសើរ ដើម្បីកែទម្រង់ DNA របស់ក្រុមហ៊ុន ដើម្បីក្លាយជាស្ថាប័នឌីជីថលមួយ»។

ក្រុមបេក្ខជនដាក់ពាក្យនឹងធ្វើការប្រកួតប្រជែង ក្នុងកម្រិតប្រទេស ក្នុងខែវិច្ឆិកា ឆ្នាំ2018 មុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ នាទីក្រុងកូឡាឡាំពួរ ក្នុងខែមករា ឆ្នាំ2019។

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចូលរួមសហការជាដៃគូផ្លូវការ សម្រាប់រយៈពេល4ឆ្នាំជាប់គ្នា សម្រាប់គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនរបស់ CIMB Group។ ដៃគូមកពីវិស័យបច្ចេកវិទ្យា រួមមានក្រុមហ៊ុន Amazon ក្រុមហ៊ុន Cloudera Fusionex ក្រុមហ៊ុន Oracle និង SAS ម៉ាឡេស៊ី ។ កម្មវិធីប្រកួត 3D Conquest របស់ស៊ីអាយអិមប៊ី ត្រូវបានគាំទ្រដោយក្រសួងអប់រំឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (MDEC) និង Big Community។

សម្រាប់ព័ត៌មានលម្អិត អំពីការចុះឈ្មោះ និងកម្មវិធីប្រកួត 3D Conquest របស់ធនាគារ ស៊ីអាយអិមប៊ី សូមចូលទៅកាន់គេហទំព័រ 3dconquest.cimb.com

Facebook Comments