ភាពខុសគ្នារវាង Soft Skill, Hard Skill, Life Skill, និង Career Skill

នៅជុំវិញការសិក្សានិងការងារ បុគ្គលិក រឺនិស្សិត បានលឺហើយពាក្យថា soft skill (ជំនាញទន់) និង hard skill​ (ជំនាញរឹង)​ ប៉ុន្តែក្នុងវិស័យការងារ ពាក្យថា career skill ក៏បានប្រើ ស្របពេលពាក្យ life skill ត្រូវបានយកចិត្តទុកដាក់បំផុតចំពោះយុវជនដែលត្រូវការវា។ តើពាក្យទាំង៤នេះ មានអត្ថន័យខុសគ្នា រឺដូចគ្នាយ៉ាងណាខ្លះ?​

ជំនាញរឹង (Hard Skill) ៖ គឺជាជំនាញដែលមនុស្សទូទៅធ្លាប់និយាយថា ជាជំនាញដែលត្រូវបានបង្រៀននៅសាលា រឺសាកលវិទ្យាល័យ។ និយាយបែបនេះមិនខុសទេ ព្រោះជំនាញរឹងសំដៅលើជំនាញបច្ចេកទេស ដែលត្រូវការអនុវត្តន៍ សាកល្បង និងរៀនទ្រឹស្តីក្នុងថ្នាក់។ ជំនាញរឹង ក៏សំដៅលើជំនាញដែលជាតម្រូវការការងារបច្ចុប្បន្នផងដែរ តួយ៉ាងដូចជា សេដ្ឋកិច្ច ច្បាប់ ពត័មានវិទ្យា នយោបាយ ការទូត និងគណនេយ្យ ជាដើម។​ ជំនាញនេះ ខុសពីជំនាញទន់ ត្រង់ថាវាត្រូវបានបង្រៀនក្នុងថ្នាក់រៀន និងត្រូវការរយៈពេលរៀនយូរ។​ ភាពខុសគ្នាមួយទៀត គឺជំនាញរឹងមានការចែងនូវទ្រឹស្តីដើម្បីអនុវត្ត។ ឧទាហរណ៍ របៀងឆុងកាហ្វេ ត្រូវការដឹងអំពីលំដាប់លំដោយនៃការធ្វើ ដែលមនុស្សជាច្រើនរៀនទ្រឹស្តីនេះដូចគ្នាដើម្បីឆុងបានកាហ្វេឆ្ងាញ់។

ជំនាញទន់ (Soft Skill) ៖ ខុសពីជំនាញរឹង ព្រោះជំនាញទន់មិនមានក្បួនប្រាប់ត្រង់ៗនោះទេ។ វាត្រូវការការចេះអង្កេត បទពិសោធន៍ ការសាកល្បង និងទេព្យកោសលពីធម្មជាតិរបស់បុគ្គល។ ហេតុដូចនេះហើយ វាមិនត្រូវបានបង្រៀនក្នុងថ្នាក់រៀនឡើយ។ ទោះជាសព្វថ្ងៃមានការបើកវគ្គខ្លីៗបង្រៀនជំនាញនេះ អ្នកបង្ហាត់ទាំងនោះប្រើប្រាស់បទពិសោធន៍ជោគជ័យ និងទ្រឹស្តីផ្ទាល់ខ្លួនដើម្បីបង្រៀនតែប៉ុណ្ណោះ។​ ជំនាញនេះ មានដូចជា ការដោះស្រាយបញ្ហា ការសម្រេចចិត្ត ត្រិះរិះពិចារណា គ្រប់គ្រងពេលវេលា និយាយជាសាធារណៈ និងធ្វើការជាក្រុម ជាដើម។

ជំនាញជីវិត (Life Skill) ៖ ត្រូវបានគេនិយាយថាវាជាជំនាញទន់ តាមពិតគ្រាន់តែត្រូវបានហៅពាក្យខុសគ្នាប៉ុណ្ណោះ។ និយាយបែបនេះក៏ត្រូវ ប៉ុន្តែតាមពិតជំនាញនេះ អាចមានទាំងជំនាញរឹង និងជំនាញទន់ ក្នុងនោះដែរ។ និយាយរួម ជំនាញជីវិត សំដៅលើជំនាញទាំងឡាយណា ដែលត្រូវអនុវត្តដើម្បីគាំទ្រជីវិតរស់នៅបច្ចុប្បន្ន។ ឧទាហរណ៍ ជំនាញជីវិតដូចជា ការពាក់ស្បែកជើង ការដុសធ្មេញ ការបង្កើតសន្ទនាជាមួយមនុស្សដទៃ អាចចាត់ទុកថាជាជំនាញរឹងដែរ។ រីឯជំនាញចេះនិយាយជាមួយមនុស្សចាស់ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ ការសម្រេចចិត្ត ការដោះស្រាយបញ្ហាប្រចាំថ្ងៃ ក៏ចូលក្នុងជំនាញទន់ដែរ។ ប៉ុន្តែទាំងអស់នេះគឺជាជំនាញជីវិតដែលចាំបាច់សម្រាប់មនុស្សទូទៅ ជាពិសេសវាត្រូវបានប្រើប្រាស់ផ្តោតសំខាន់លើមនុស្សវ័យក្មេង រឺជំទង់ ដើម្បីអោយពួកគេចេះរស់នៅបានសុខស្រួលក្នុងសង្គម។ ជំនាញនេះ ភាគច្រើនលឺនៅពេលនិយាយអំពីក្មេង ដែលខ្វះសមត្ថភាព ក្មេងអ្នកដទៃ ក្នុងការអភិវឌ្ឍជីវិតរស់នៅប្រចាំថ្ងៃ។

ជំនាញអាជីព (Career Skill) ៖ ខុសពីគេ ព្រោះជំនាញនេះសំដៅលើសមត្ថភាពនៃការស្វែងរកការងារធ្វើ សមត្ថភាពធ្វើការងារបានល្អ បានយូរអង្វែង និងឆាប់ឡើងតំណែង។ នៅពេលរកការងារធ្វើ បុគ្គលត្រូវមានជំនាញស្វែងរកព័តមានការងារ បន្ទាប់មកត្រូវចេះជំនាញសរសេរប្រវត្តិរូបនិងលិខិតអម ក៏ដូចជាការឆ្លើយសំណួរសម្ភាសន៍ផងដែរ។ បន្ទាប់ពីបានការងារធ្វើរួចហើយ ជំនាញអាជីព ក៏បញ្ចូលទាំងការគ្រប់គ្រងពេលវេលា ដឹកនាំ និងបង្កើតបណ្តាញជាមួយអ្នកដទៃជាដើម។ អាចនិយាយបានថាជំនាញអាជីព ជាន់ជាមួយជំនាញទន់ខ្លះៗ ប៉ុន្តែជំនាញនេះត្រូវបានប្រើយ៉ាងជាក់លាក់ចាប់ពីពេលស្វែងរកការងារធ្វើ រហូតដល់ក្លាយជាអ្នកអាជីពលើជំនាញអ្វីមួយ។

Facebook Comments