ចេង បូរឹទ្ធ “ការព្រួយបារម្ភមុនការប្រឡង ប្រៀបដូចជាការទទូរឆត្រទាំងមិន​ទាន់​ធ្លាក់​ភ្លៀង”

ធ្លាប់ជាជ័យលាភីសិស្សពូកែរូបវិទ្យាទូទាំងប្រទេសឆ្នាំ២០១១ និងធ្លាប់ទទួលបានអាហា​រូបករណ៍ព្រះរាជទានសិក្សានៅប្រទេសថៃ ចេង បូរឹទ្ធបច្ចុប្បន្នគឺជាគ្រូគណិតវិទ្យា​សាលា​ឯក​ជនមួយ ដែលមានកម្មវិធីសិក្សាស្របតាមក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធី​សិក្សា​ស្របតាមស្ដង់ដារប្រទេសសឹង្ហបុរី។

​ស្របពេលដែលការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងតែខិតជិតមកដល់ លោក បូរឹទ្ធ តាមរយៈគេហទំព័រអាឡាដាំង បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនគាត់មួយ​ចំនួន ទៅអោយ​សិក្សា​នុសិស្ស​ដែល​កំពុងតែត្រៀមខ្លួនក្នុងការប្រឡងនាពេល​ខាង​មុខ​ដ៏​ខ្លី​នេះ។ ខាងក្រោមនេះគឺជាវិធី​សាស្ត្រ​ងាយៗក្នុងការអនុវត្ត ដើម្បីទទួលបាននិទ្ទេសល្អ​ក្នុង​ការ​ប្រឡង។

១. កុំព្រួយបារម្ភខ្លាំងពេក៖ការព្រួយបារម្ភមុនការប្រឡង ប្រៀបដូចជាការទទូរឆត្រទាំងមិន​ទាន់​ធ្លាក់​ភ្លៀង“។ នេះគឺជាពាក្យរំលឹករបស់លោកចេង បូរឹទ្ធ ។ ជាការពិតណាស់ មនុស្សគ្រប់រូបមិនអាចហាមចិត្តខ្លួនឯងមិនអោយបារម្ភ​អ្វី​មួយបានទេ។ ក៏ប៉ុន្តែ ការបារម្ភនេះមិនអាចជួយអោយអ្នកចាំមេរៀនបាននោះទេ។ ខណៈពេល​ដែលការប្រឡងកាន់តែខិតចូលមកដល់ ចូលប្រាប់ខ្លួនឯងថា “អនាគតខ្ញុំ ខ្ញុំជាអ្នកកំណត់” ។ បើអ្នកព្យាយាមកាន់សៀវភៅ និងមើលមេរៀនពីឥឡូវនេះ នោះអ្នកនឹងកំណត់ពាក្យថា “ជាប់” សម្រាប់អនាគតរបស់អ្នក។

២. បង្កើតផែនទីចង់ចាំ (mind mapping)៖ បង្កើតផែនទីចងចាំលើមេរៀននៃមុខវិជ្ជាដែលត្រូវប្រឡងដោយសង្ខេប។ ចូរចាប់ផ្ដើមពីភាពរួមនៃមេរៀន ហើយបំបែកជាចំណុចលម្អិតដើម្បីអោយស្រួលចង់ចាំ។ ដោយឡែក ចំពោះមុខវិជ្ជាដែលមានរួបមន្ត មានជាអាថ៌រូបរិទ្យា និងគណិតវិទ្យា យើងត្រូវតែចង់ចាំរូបមន្ត និងយល់ពីចំណុចនីមួយៗនៃមេរៀនអោយ​បានច្បាស់។ អ្វីដែលសំខាន់នោះគឺព្យាយាមអនុវត្តលំហាត់អោយបានច្រើនដើម្បីអោយ​មានភាព​ស្ទាត់ដៃ។

៣. មុខវិជ្ជាដែលត្រូវផ្ដោត៖ ផ្តោតលើមុខវិជ្ជាដែលយើងខ្សោយ កុំរៀនតែមុខវិជ្ជាដែលយើងចេះ។ ដូច្នេះដើម្បីរៀបកាលវិភាគសិក្សា យើងត្រូវគិតថាខ្លួនយើងត្រូវការម៉ោងបំប៉នមុខវិជ្ជា​មួយណាច្រើនជាគេ។​

៤. វិធីសាស្ត្រក្នុងការរៀន៖ វិធីនៃការរៀនរបស់មនុស្សម្នាក់ៗអាចមានភាពខុសគ្នា។ អ្នកខ្លះអាចរៀនបានច្រើនម៉ោងដោយគ្មានការសម្រាក។ តែសំរាប់ខ្ញុំ ខ្ញុំរៀន១ម៉ោងហើយសម្រាកមួយភ្លែត ហើយបន្តទៅទៀត។ ដូច្នេះអ្នកត្រូវស្វែងយល់ពីទម្លាប់នៃការរៀនរបស់អ្នក ទើប​ធ្វើអោយការរៀនមានប្រសិទ្ធភាព។

៥. ឃ្លាតអោយឆ្ងាយពីឧបករណ៍រំខាន៖ ក្នុងសម័យទំនើបនេះ ទូរស័ព្ទស្មាតហ្វូនអាចត្រូវ​បាន​ចាត់ទុកជាជាឧបករណ៍រំខានបំផុតក្នុងការផ្ដោតអារម្មណ៍ទៅលើការសិក្សា។ ដូច្នេះ ចូរបិទសម្លេង និងទុកវាឲ្យឆ្ងាយពីខ្លួនអ្នក។ អ្នកអាចប្រើតែវាបាននៅពេលដែលអ្នកសម្រាក។ ប៉ុន្តែ​កុំញៀនការលេងទូរស័ព្ទ ហើយសម្រាកច្រើនម៉ោងពេក។

៦. រៀនជាក្រុម៖ ជាការពិតណាស់ គ្មាននរណាម្នាក់អាចចេះមេរៀន ឬលំហាត់គ្រប់ចំណុច​នោះទេ។ ដូច្នេះការរៀនជាក្រុម គឺជាការជួយខ្លួនឯង។ យើងអាចកែកំហុស ក៏ដូចជាពន្យល់គ្នាទៅវិញទៅមករាល់មេរៀនដែលនឹងចេញក្នុងការប្រឡង។

៧. អក្សរ៖ សរសេរអក្សរត្រូវតែច្បាស់ និងងាយស្រួលអាននៅក្នុងក្រដាសប្រឡង៕

Facebook Comments