Kaizen មានប្រភពចេញពីប្រទេសជប៉ុនកាលពីដើមទសវត្ស១៩៥០។ វាមានផ្គុំឡើងដោយ២ពាក្យរួមមាន៖ Kai (ការផ្លាស់ប្ដូរ) និង Zen (ល្អ)។ រហូតមកទល់នឹងពេលបច្ចុប្បន្ន ទស្សនៈនៃពាក្យនេះនៅតែដើរតួនាទីសំខាន់ ដែលជនជាតិជប៉ុនកំពុងតែអនុវត្ត។ គោលគំនិតសំខាន់នៅក្នុងទស្សនៈមួយនេះគឺការបង្កើនគុណភាព ការបង្កើនផលិតភាព និងការកាត់បន្ថយការចំណាយតាមយៈការកាត់បន្ថយនូវភាពខ្ជះខ្ជាយ។
ខុសប្លែកពីទស្សនៈដ៏ទៃទៀតនៅក្នុងវិស័យជំនួញ Kaizen តម្រូវអោយមានការវិនិយោគហិរញ្ញវត្ថុតិចតួចបំផុត ស្របពេលដែលវាពឹងផ្អែកជាចម្បងលើសចាប់ផ្ដើមពី “សកម្មភាពតូចៗ” => “ការវិវត្តន៍ប្រចាំថ្ងៃ” => “ភាពរីកចម្រើនក្នុងរយៈពេលយូរ”។
វិធីសាស្ត្ររបស់ទស្សនៈ Kaizen ត្រូវបានចែកចេញជា២រួមមាន៖
ដំណើរការនៃ Kaizen៖ ផ្ដោតទៅលើការផ្លាស់ប្ដូរកន្លែងការងាររបស់បុគ្គលម្នាក់ៗ ដើម្បីអោយការងារកាន់តែមានប្រសិទ្ធភាព។
លំហូរនៃ Kaizen៖ ផ្ដោតទៅលើការផ្លាស់ប្ដូរដែលធ្វើអោយប្រសើរឡើងនូរលំហូរនៃព៏ត៌មាន និងសម្ភារៈនៅក្នុងអង្គភាពទាំងមូល។
វិធីសាស្ត្រក្នុងការអនុវត្តទស្សនៈ Kaizen រួមមាន៤សំខាន់ៗ រួមមាន៖ គម្រោង => ធ្វើ => ពិនិត្យ => សកម្មភាព (Plan-Do-Check-Act or PDCA)។ វាជាវិធីសាស្ត្រតាមបែបវិទ្យាសាស្ត្រ (សម្មតិកម្ម, ពិសោធន៍, វាយតម្លៃ) និងផ្ដល់នូវប្រសិទ្ធភាពក្នុងការកំណត់នូវបញ្ហា និងស្វែងរកដំណោះស្រាយក្នុងវដ្ដរបស់វា។
១. គម្រោង (Plan)៖
ជាដំបូង អ្នកត្រូវកំណត់ និងយល់ច្បាស់អំពីបញ្ហារបស់អ្នក ឬក៏ឱកាសដែលអ្នកចង់ទទួលប្រយោជន៍។ ក្នុងដំណាក់ការនេះ រឿងដែលអ្នកត្រូវធ្វើមាន៖ រុករកព័ត៌មានដែលទាក់ទង => កំណត់បញ្ហា => ប្រមូល និងពិនិត្យមើលរាល់ធាតុចូលទំាំងអស់ => វិវត្តន៍ធាតុចូលទំងនោះអោយក្លាយជាគម្រោងដំណោះស្រាយក្នុងការអនុវត្តន៍។
២. ធ្វើ (Do)
ពាក្យថា “ធ្វើ” នៅក្នុងដំណាក់កាលនេះគឺមានន័យថា “សាកល្បង ឬការធ្វើតេស្ដ”។ វាមិនមែនជាការអនុវត្តន៍ពេញលេញនោះទេ។ បន្ទាប់ពីអ្នកកំណត់ដំណោះស្រាយរួមមក អ្នកអាចសាកល្បងវាក្នុងទំហំតួចមួយក្នុងការអនុវត្តន៍គម្រោងនោះ (Pilot Project)។ ធ្វើដូចនេះ វាអាចជួយកាត់បន្ថយនូវការខូចខាតធំដុំ ក្នុងករណីដែលគម្រោងដែលអ្នកបានគ្រោងទុកនោះទទួលបរាជ័យ។
៣. ត្រួតពិនិត្យ (Check)
នៅក្នុងដំណាក់កាលនេះ អ្នកនឹងវិភាគទៅលើលទ្ធផលដែលបានមកពីការអនុវត្តន៍លើគម្រោងសាកល្បងរបស់អ្នក។ ប្រសិនបើវាលទ្ធលើ មិនសាកសមនឹងអ្វីដែលអ្នកបានរំពឹងទុកនោះទេ។ អ្នកអាចត្រឡប់ទៅកាន់ដំណាក់កាលទី១វិញដើម្បីកំណត់រកបញ្ហា និងដំណោះស្រាយ។ តែប្រសិនបើលទ្ធផលដូចគ្នានឹងការរំពឹងទុករបស់អ្នក នោះអ្នកអាចបន្តទៅដំណាក់កាលទី៤បាន។
៤. សកម្មភាព (Act)
នេះគឺជាដំណាក់កាលក្នុងការអនុវត្តន៍អ្វីដែលអ្នកបានព្រាងទុក។ ត្រូវចាំថា វាគឺជាដំណាក់កាលចុងក្រោយ និងក៏ជាដំណាក់កាលដំបូងផងដែលក្នុងការធ្វើអោយអង្គភាព ក៏ដូចជាខ្លួនអ្នកកាន់តែមានភាពវិវត្តន៍ប្រសើរឡើង។
សាកល្បងយកទស្សនៈខាងលើនេះ មកអនុវត្តន៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ នោះអ្នកនឹងមើលឃើញនូវភាពផ្លាស់ប្ដូរពីមួយថ្ងៃ ទៅមួយថ្ងៃ៕
ប្រភព៖ graphicproducts