ដំបូន្មានជីវិតចំនួន៤ចំណុចរបស់លោក Warren Buffett

លោក Warren Buffett ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway និងជាមហាសេដ្ឋីលំដាប់ពិភពលោកវ័យ៨៩ឆ្នាំ បានផ្ដល់ដំបូន្មានជីវិតចំនួន៤ចំណុចដែលលោកធ្លាប់បានឆ្លងកាត់។

១. ជ្រើសរើសដៃគូរជីវិតអោយបានត្រឹមត្រូវ

ក្នុងឋានៈជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ លោក Buffett បាននិយាយថាការសម្រេច​ចិត្ត​ដ៏សំខាន់​បំផុត​ក្នុងឆាកជីវិតគាត់គឺមិនមែនជាការសម្រេចចិត្តពាក់ព័ន្ធនឹងការវិនិយោគនោះទេ។ តែជាការ​ជ្រើសរើសដៃគូរជីវិត។ ក្នុងកិច្ចសន្ទនាជាមួយលោក Bill Getes កាលពីឆ្នាំ២០១៧ លោក Buffett បាន​និយាយថា៖ “បើអ្នករួមរស់ជាមួយនឹងមនុស្សម្នាក់ ដែលជាប្រភេទមនុស្សដែលអ្នក​ចង់​អោយ​ក្លាយ​ជាគេ (ឬចង់ធ្វើអោយដូចគេ) នោះអ្នកនឹងក្លាយជាគេ។ ហើយអ្នកដែលខ្ញុំគោរពខ្លាំង​ជាគេ​នោះ​គឺ​ជា​ដៃគូរជីវិត (ប្រពន្ធរបស់គាត់) នេះហើយ។ គ្មានអ្វីដែលអាចកាត់ថ្លៃបានទេ។” ក្នុងន័យនេះ គាត់ចង់​បញ្ជាក់ថា បើដៃគូរជីវិតអ្នកជាមនុស្សឧស្សាហ៍ និងមានសណ្ដាប់ធ្នាប់ នោះអ្នកត្រូវតែ​ធ្វើអោយ​ដូច​នាង ឬគាត់ក្រោយពេលដែលរួមរស់ជាមួយគ្នា។ បើយើងជ្រើសបានដៃគូរត្រឹមត្រូវ វាអាច​ជួយ​ផ្លាស់​ប្ដូរ​ជីវិតអ្នកឆ្ពោះទៅក្នុងភាពជោគជ័យក្នុងជីវិត។

២. វិនិយោគលើខ្លួនឯង

ការវិនិយោគល្ពបំផុតគឺជាការវិនិយោគលើខ្លួនឯង។ លោក Buffett បានសង្កត់ធ្ងន់​ទៅលើ​ជំនាញ​ទំនាក់​ទំនង ទាំងផ្ទាល់ (ជួបទល់មុខគ្នា) និងមិនផ្ទាល់ (អាចជាការសរសេរ…)។ ជំនាញទំនាក់ទំនង​នេះ​នឹងជួយបង្កើនតម្លៃខ្លួនអ្នក៥០% ប្រសិនបើអ្នកចេះប្រើវាត្រឹមត្រូវ។ ខ្លួនប្រាណ និងចិត្តគំនិត​ជា​ជា​រឿងសំខាន់បន្ទាប់ដែលអ្នកត្រូវតែថែទាំ។ លោកបានប្រដូចខ្លួនប្រាណ និងចិត្តគំនិត​យើងទៅនឹង​ឡាន​តម្លៃថ្លៃដែលគេទើបតែអោយអ្នក។ ក្រោយពេលដែលអ្នកទទួលបានឡាន អ្នកនឹងថែទាំ​វាយ៉ាង​ផ្ចិតផ្ចង់បំផុត។ អ្នកនឹងទុកវានៅក្នុងចំណតឡាន យកវាទៅលាង បញ្ជៀសការឆ្កូត និងបើខូចខាត អ្នក​នឹង​យកវាទៅជួសជុលភ្លាមៗ។ ដូចគ្នាទៅនឹងខ្លួនប្រាណ និងចិត្តគំនិតរបស់អ្នកដែល បើអ្នកមិនចេះ​ថែរ​ក្សា និងអភិវឌ្ឍន៍តាំងពីក្មេងទេ នោះអ្នកនឹងខូចខាតបន្តិចម្ដងៗ ដូចពេលដែលអ្នក​មិន​ថែម​ទាំ​ឡាន​ដែរ។

៣. ដើរជាមួយមនុស្សដែលមានសមត្ថភាពខ្ពស់

នៅក្នុងកិច្ចសម្ភាសជាមួយអ្នកនិពន្ធសៀវភៅ “Getting There: A Book of Mentors” លោក Buffett បាននិយាយថាមនុស្សដែលអ្នកសេពគប់មានការជះឥទ្ធិពលមកលើខ្លួនអ្នក។ លោកបាន​លើក​ឡើងថា៖ “រឿងមួយក្នុងចំណោមរឿងល្អៗជាច្រើនដែលអ្នកអាចធ្វើបានសម្រាប់​ជីវិតរបស់​អ្នកគឺ​រាប់អានមនុស្សពូកែនៅជុំវិញខ្លួនអ្នក។” បើអ្នកដើរជាមួយនឹងមនុស្សដែលមានសមត្ថភាព​ខ្ពស់​ជាង​អ្នក នោះអ្នកនឹងព្យាយាមអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកដើម្បីអោយ​ចុះសម្រុងជាមួយ​នឹងមនុស្សទាំង​នោះ។

៤. ធ្វើការសម្រាប់មនុស្សដែលអ្នកគោរព

លោក Buffett៖ “ព្យាយាមធ្វើការអោយមនុស្សដែលអ្នកកោតសរសើរ។ បើទោះបីជាការងារនោះ​មិនមាន​ប្រយោជន៍សម្រាប់អ្នកក្នុងពេលអនាគត តែអ្នកនឹងមានឱកាសក្នុងការទទួលបានអ្វីមួយ​ដែលអ្នកមិនដែលរំពឹងទុក ក្នុងអំឡុងពេលនោះ។” ប្រាក់បៀវត្សច្បាស់ជាមានសារៈសំខាន់ហើយ។ តែកុំអោយបៀវត្សរាំងស្ទាំងឱកាសក្នុងការដើរជាមួយអ្នកដែលផ្ដល់ឱកាសអោយអ្នក។

ប្រភព៖ cnbc.com

Facebook Comments