IELTS vs TOEFL៖ មួយណាដែលសមនឹងអ្នក?

ធម្មតា​បើ​សិន​ជា​អ្នក​មិន​មែន​ជា​ជន​ជាតិ​ដើម​ដែល​និយាយ​ភាសា​អង់គ្លេស អ្នក​ត្រូវ​តែ​ធ្វើ​តេស្ត​ជំនាញ​ភាសា​អង់​គ្លេសដើម្បី​ទុក​សំរាប់​ដាក់​ពាក្យ​អាហារូបករណ៍ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស។ មាន​តេស្ត​ភាសា​អង់​គ្លេស​ពីរ​​ដែល​គេ​ទទួល​ស្គាល់​ជុំវិញ​ពិភពលោក នោះ​គឺ​ International English Language Test System (IELTS) ហើយ​និង Test of English as a Foreign Language (TOEFL) tests.

ទោះ​បី​ជា​តេស្ត​ភាសា​អង់គ្លេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជាងរាប់​ម៉ឺន​ស្ថាប័ន តេស្ត​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា តាម​រយៈ​វិធី​សាស្រ្ត (Approach) និង​ទម្រង់​វិញ្ញាសា (Exam structure) ។​ ដូចនេះ​មុន​ពេល​អ្នក​សម្រេច​ចិត្ត​ជ្រើស​រើស​ប្រឡង​តេស្ត​មួយ​​រវាង​តេស្ត​ទាំង​ពីរ អ្នក​គួរ​តែ​គិត​ពិចារណា​អំ​ពីសមត្ថភាព​ភាសា​របស់​អ្នក ជាមួយនឹង​​ភាព​ខុស​គ្នា​នៃ​តេស្ត​នីមួយៗ​។ ប្រហែល​ជា​ការ​ណែនាំ​ខាង​ក្រោម​អំពី​ភាព​ខុស​គ្នា​រវាង​ IELTS និង​ TOEFL អាច​ជួយឲ្យ​​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ។

តើ IELTS គឺជា​អ្វី?

IELTS គឺ​ជាតេស្ត​ភាសា​អង់​គ្លេស​មួយដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សំរាប់​ការ​អប់​រំ អន្តោប្រវេសន៍ និង​ការងារ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជាង ៩០០០ ស្ថាប័នទូទាំង​ ១៣០​ ប្រទេស​ក្នុង​ពិភពលោក។ ក្នុង​នោះ​មាន​ (១)​ British Council (២) University of Cambridge ESOL និង (៣)​ IDP Education Australia ដែល​គ្រប់​គ្រង IELTS​ ដោយ​ប្រើ​ភាសា​អង់គ្លេសប្រព័ន្ធ​ប្រទេស​អង់​គ្លេស។ តេស្ត IELTS ត្រូវ​បាន​ចក្រ​ភព​អង់​គ្លេស ប្រ​ទេសណូវែលហ្សេឡង់ ប្រទេស​អូស្រ្តាលី និងស្ថាប័ន​ក្នុង​ប្រទេស​ក្រោម​​ប្រព័ន្ធ​គ្រប់​គ្រងនៃចក្រ​ភពអង់​គ្លេស​តែ​មួយ​ទទួល​ស្គាល់។ ប្រភេទ​តេស្តនេះ​មានពីរ គឺ Academic និង​ General Training។

តើ​ TOEFL គឹ​ជា​អ្វី?

TOEFL គឺ​ជា​តេស្ត​សាក​ល្បង​សមត្ថភាព​ភាសា​របស់​អ្នក​​សំរាប់​​ការ​សិក្សានៅ​ក្នុង​សាកល​វិទ្យាល័យ។ តេស្ត​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជាង ៨៥០០ ស្ថាប័ន​ និង ១៣០ ប្រទេស ដោយ​រួម​បញ្ជូល​ទាំងប្រទេស​អង់គ្លេស ប្រទេស​សហរដ្ឋអាមេរិច និង​ប្រទេស​អូស្រ្តាលី និង​ជាពិសេស​ទទួល​ស្គាល់​ក្នុង​បណ្តា​សាកល​វិទ្យា​ល័យ​កំពូល​ទាំង​១០០​លើ​ពិភព​លោក។ TOEFL ត្រូវ​បាន​គ្រប់​គ្រង​ដោយ Education Testing Service និង​រចនា​ឡើង​តាម​ប្រព័ន្ធ​ស្តង់​ដា​ភាសា​អង់​គ្លេស​អាមេរិច។​

ភាព​ខុស​គ្នា​ទូទៅ

ក្រៅ​ពីមាន​ប្រព័ន្ធ​ភាសា​ខុស​គ្នា TOEFL គឺ​ជា​តេស្ត​មាន​ពហុចម្លើយ (Multiple Choice) រីឯ IELTS​ តម្រូវ​ឲ្យ​អ្នក​រៀប​ចំ​ចម្លើយ​ច្រើន​ប្រ​ភេទ​ដូច​ជា ចម្លើយ​​ខ្លីៗ បំពេញ​ចន្លោះ និង​ពហុចម្លើយ។ ជា​ទូទៅ ការ​ធ្វើតេស្ត​ IELTS មាន​រយៈពេល​ខ្លី​ជាង​ TOEFL ត្រឹម​តែ ២​ម៉ោង ៤០​នាទី​ប៉ុណ្ណោះ ខណៈ TOEFL ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ ៤​ម៉ោង។​

តេស្ត TOEFL គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ការ​បញ្ជា​កុំព្យូទ័រ ប៉ុន្តែ​ IELTS មាន​ពីរ​វិញ្ញាសាធ្វើ​នៅលើ​ក្រដាស​ទាំងពីរ។​ ចំពោះ​ IELTS អ្នក​ត្រូវ​ធ្វើ​តេស្ត Academic Exam សំរាប់​កម្មវីធី​រៀន និង General Training Exam សំរាប់​គោល​បំណង​​អន្តោ​ប្រវេសន៍ និង​ការងារ។

តេស្ត IELTS​ និង​ TOEFL ត្រូវ​ការ​វិធីសាស្រ្តគិត​និង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​គ្នា។ TOEFL តែង​តែ​ជា​ប្រភេទ​ពហុ​ចម្លើយ ដែល​តម្រូវ​អោយ​សិស្ស​ត្រូវ​ការ​គិត​ដោយ​មាន​ការ​គិត​ពិចារណាដើម្បី​ថ្លឹង​ថ្លែង​ភាព​ខុស​គ្នា​រវាង​ពហុ​ជម្រើស​ទាំងនោះ។ សំរាប់​ IELTS វិញ​ផ្តោត​ទៅលើ ការ​ចងចាំ និងជំនាញ​ស្វែង​យល់​ទូលំទូលាយ ខណៈ​ពេល​សិស្សនឹង​ជួប​ប្រភេទ​សំណួរ​ខុស​ៗ​គ្នា​ជា​ច្រើន។

ជំនាញ​និយាយ (Speaking Skill)

IELTS

  • និយាយ​ទល់​មុខ​គ្នាជាមួយ​​អ្នក​ត្រួត​ពិនិត្យ
  • អ្នក​ត្រួត​ពិនិត្យ​តែ​ម្នាក់ ជាអ្នក​ផ្តល់​ពិន្ទុ​
  • មាន​រយៈ​ពេល​ពី ១១ ទៅ ១៤ នាទី
  • មិន​ចាំ​បាច់​ប្រ​ឡង​ក្នុង​ថ្ងៃ​តែ​មួយ​ជា​មួយ​ជំនាញ​ដ៏​ទៃ​ទៀត

TOEFL

  • ឆ្លើយ​សំណួរ​ដោយ​ប្រើ​មីក្រូហ្វូន
  • មេប្រយោគ​៦នាក់ ជាអ្នក​វាយ​តម្លៃ​ពិន្ទុ
  • មាន​រយៈពេល​ ២០​ នាទី
  • ត្រូវ​ប្រឡង​ក្នុង​ថ្ងៃ​តែ​មួយ​ជា​មួយ​ជំនាញ​ដ៏ទៃ​ទៀត

ជំនាញ​សរសេរ​ (Writing Skill)

IELTS

  • សរសេរ​លើ​ក្រដាស
  • មាន២​ផ្នែក៖ (១) ត្រូវ​ឲ្យ​សង្ខេប និងពន្យល់​ព័ត៌មាន​នៅ​លើ ក្រាប (graph) តារាង (chart) រឺឌីយ៉ាក្រាម (diagram) និង(២) សរសេរ​តែង​សេចក្តី​មួយ​ចាប់​ពី ២០០ ទៅ ២៥០ ពាក្យដើម្បី ឆ្លើយ​តប​ទៅនឹង​ការ​ពិភាក្សា​លើ​ប្រធាន​បទណាមួយ

TOEFL

  • សរសេរ​ក្នុង​កុំព្យូទ័រ
  • មាន​២ផ្នែក៖ (១) សរសេរ​តែងសេច​ក្តី​ដែល​មាន​៥​កថា​ខណ្ឌចាប់​ពី ៣០០ ទៅ​ ៥០០​ ពាក្យ និង(២) ស្តាប់​ការ​​បង្រៀន​លើ​ប្រធាន​បទ​មួយ រួច​កត់​ត្រា​ទុក​ដើម្បី​សរសេរ​តែង​សេច​ក្តី​មួយ​ចាប់​ពី ១៥០ ទៅ​​ ២២៥ ពាក្យ

ជំនាញអាន (Reading Skill)

IELTS

  • មាន​៣​អត្ថបទ​ ជាទូទៅ​ជាអត្ថបទ​ក្នុង​មុខ​ជំនាញ​សិក្សា ដែលតម្រូវ​អោយ​ឆ្លើយ​សំណួរ​ចាប់​ពី​ការបំពេញ​ចន្លោះ រហូត​ដល់​ ការ​ឆ្លើយ​សំណួរ​ខ្លីៗ
  • មាន​រយៈពេល២០នាទី

TOEFL

  • មាន​ពី ៣ ទៅ ៥ ​អត្ថបទ ជាទូទៅ​​ជាអត្ថបទ​ដក​ស្រង់​ពីមុខ​ជំនាញ​សិក្សា
  • ប្រភេទ​ពហុ​ចម្លើយ
  • មាន​រយៈ​ពេល​២០​នាទី

ជំនាញ​ស្តាប់​ (Listening Skill)

ជំនាញ​នេះ​មាន​ភាព​ខុស​គ្នា​តែ​ម្តង

IELTS

  • អាច​ឆ្លើយ​សំណួរ​ក្នុង​កំឡុង​ពេល​ស្តាប់​តែ​ម្តង
  • មាន​ប្រភេទ​សំណួរ​ច្រើន
  • មាន​រយៈ​ពេល​៣០នាទី

TOEFL

  • ស្តាប់​ហើយ​កត់​ត្រា​ទុក​មុន​នឹង​ឆ្លើយ រឺ​ឆ្លើយ​ក្នុង​កំឡុង​ពេល​ស្តាប់ (អាស្រ័យលើ​អ្នក)
  • ពហុចម្លើយ
  • មានរយៈ​ពេល​ពី​ ៤០ ទៅ​ ៦០​នាទី

ការ​ផ្តល់​ពិន្ទុ

IELTS និង​ TOEFL មាន​ភាព​ខុស​គ្នា​ក្នុង​ការ​ផ្តល់​ពិន្ទុ។​ ចំពោះ​ IELTS ពិន្ទុ​ត្រូវ​បាន​ផ្តល់​ឲ្យ​ខុស​ៗ​គ្នា​ទៅ​តាមការ​ប្រើ​ប្រាស់ ហេតុផល ភាព​ស៊ី​ចង្វាក់​លើ​ការ​ប្រើ​ប្រាស់​ភាសា វេយ្យាករណ៍ និងភាព​ស្ទាត់​ជំនាញ​លើ​ការ​ប្រើប្រាស់​ភាសា។ ចំពោះ TOEFL វិញ ពិន្ទុត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ផ្តោត​លើ​លទ្ធផល​ទាំងមូល ប៉ុន្តែ​មាន​ការវិនិច្ឆ័យ​លើការ​ប្រើ​ប្រាស់​ពាក្យ រចនាបថ​សំណេរ និង​វេយ្យាករណ៍​ផង​ដែរ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​សរសេរ​សំណេរមួយ​ដែល​មាន​គំនិត​ល្អ និង​មាន​ហេតុ​ផល​គាំទ្រល្អ ប៉ុន្តែ​បែរ​ជាខុស​វេយ្យាករណ៍ អ្នក​នៅ​តែ​អាច​ទទួល​បាន​ពិន្ទុ​ច្រើន​សំរាប់​តេស្ត TOEFL។ ផ្ទុយទៅ​វិញ ប្រ​សិន​បើ​អ្នក​សរសេរ​សំណេរ​មួយ​ដែល​មាន​ការ​ប្រើ​ប្រាស់​ពាក្យ​និង​វេយ្យាករណ៍​បាន​ល្អ ប៉ុន្តែ​មិន​សូវ​មាន​គំនិត​គាំ​ទ្រ​ល្អ អ្នក​នៅ​តែ​ទទួល​បាន​ពិន្ទុ​ច្រើន​សំរាប់​តេស្ត IELTS។

IELTS ផ្តល់​ពិន្ទុ​តាម​ប្រព័ន្ធ​ Band ចាប់​ពី ១​ ដល់​ ៩ សំរាប់​ពិន្ទុ​សរុប និង​មាន​បែង​ចែក​ពិន្ទុ​ដាច់​ដោយ​ឡែក​សំរាប់​ជំនាញ​ទាំង​៤។​ ចំណេក​ TOEFL វិញ​មាន​ប្រភេទ​វិញ្ញាសារ​ច្រើន​ជាង​មួយ​ប្រ​ភេទ។ ឧ​ទាហរណ៍ ចំពោះ TOEFL iBT ពិន្ទុសរុប​មាន​ចាប់​ពី ១ រហូត​ដល់​ ១២០ និង​​ពិន្ទុ​សរុប​សំរាប់​មុខ​ជំនាញ​នីមួយៗ​គឺ​ ៣០។

Like ផេក អាឡាដាំង facebook-logo-2 ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments