កើនត្រឹមតែ១.១°c ជីវិតនៅលើភពផែនដីត្រូវបានគម្រាមគំហែង

របាយការណ៍របស់អង្គការឧតុនិយមអន្តរជាតិដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧បានអោយដឹងថា ឆ្នាំ២០១៦គឺជាឆ្នាំដែលមាន សីតុណ្ហភាពក្ដៅជាងគេពុំធ្លាប់មាននៅក្នុង​ទិន្នន័យរបស់​អង្គការពី​មុនមក។ ក្នុងឆ្នាំ២០១៦ សីតុណ្ហភាព​ភពផែន​ដី​យើងបានកើនឡើងរហូត​ដល់​១,១°c​ បើធៀប​​ទៅនឹងសីតុណ្ហភាព​ភពផែន​ដី​កាលពីសម័យមុនបដិវត្តឧស្សាហកម្ម ខណៈពេលដែល​វាកើនឡើងត្រឹមតែ០,០៤°c តែប៉ុណ្ណោះកាលពីឆ្នាំ២០១៥។ ការកើនឡើងយ៉ាងគំហុកនេះធ្វើអោយ​មានការប៉ះពាល់ទៅកាន់ប្រព័ន្ធអាកាសធាតុនៅលើភពផែនដី។ នេះបើយើងទៅតាមអគ្គលេខាធិការ​នៃអង្គការឧតុនិយមអន្តរជាតិ លោក Petteri Taalas។

Global Average Temperature Anomaly

គាត់បានបន្តថា “សីតុណ្ហភាព​នៃផ្ទៃទឹកសមុទ្របានកើនឡើង កម្រិតនីវ៉ូទឹកសមុទ្របានកើនឡើង ស្រប​ពេល​ដែលផ្ទៃសមុទ្រនៃទឹកកកអាក់ទិចបានធ្លាក់ចុះ។ ជាមួយនឹងកម្រិតនៃកាបូន​ឌីអុកស៊ីត​នៅក្នុង​បរិយា​កាសមានកម្រិតខ្ពស់ពុំធ្លាប់មានពីមុនមក វាជាតឹកតាងដែលបង្ហាញយ៉ាងច្បាស់ថាសកម្មភាព​របស់មនុស្សកំពុងតែជះឥទ្ធិពលអវិជ្ជមានទៅកាន់​ប្រព័ន្ធអាកាសធាតុនៅលើភពផែនដី។”

បើយើងពិនិត្យមើលការកើនឡើននៃសីតុណ្ហភាព១,១°c វាពិតជាតិចតួចខ្លាំងណាស់។ តែកំណើនត្រឹម១,១°c នេះអាចគ្រប់គ្រាន់ល្មមសម្រាប់គម្រាមគំហែង ឬរហូតដល់ទៅសម្លាប់ជីវិតភាវមានជីវិតខ្លះនៅលើភពផែនដីបាន។ ជាក់ស្ដែង បាតុភូត El Niño ដែលកើតមានឡើងនៅដើមឆ្នាំ២០១៦បានគម្រាមគំហែងតំបន់ជាច្រើនទូទាំងពិភពលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏ទទួលរងនូវគ្រោះរាំងស្ងួតយ៉ាងដំណំផងដែរ។

បើយោងទៅតាមវិទ្យុបារាំងអន្តរជាតិដែលចេញផ្សាយជាខេមរៈភាសាកាលពីថ្ងៃទី២១ ខែមីនាដែរនោះ ​បានអោយដឹងថា ​នៅ​តំបន់​ Spitzberg ​ភាគ​ខាង​ជើង​ប្រទេស​ន័រវេហ្ស ​សីតុណ្ហភាព​បាន​កើន​ឡើង​ក្តៅ​ដល់​ទៅ៦,៥°c ​លើស​កំរិត​មធ្យម​ធម្មតា។ តំបន់​មួយ​ចំនួន​នៅ​អាហ្វ្រិក​អូស្ត្រាល់ ​នៅ​តំបន់​ដើម​បូព៌ា ​រឺ​អាស៊ី​ជាដើម ​សុទ្ធតែ​ជា​តំបន់ ​ដែល​មាន​រងគ្រោះ​ខ្លាំង​ជាង​គេ ​ដោយសារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង។ ឧទាហរណ៍​នៅ​អាហ្វ្រិក​ខាងត្បូង ​ មាន​ពេល​ខ្លះ​សីតុណ្ហភាព​ឡើង​ដល់​៤២°c ​ នៅ​ឥណ្ឌា​វិញ​អាច​ឡើង​ដល់​៥២°c ។ ក្តៅ​បំផុត​នោះ ​គឺ​នៅ​កូវ៉េត ​ ដែល​ពេល​ខ្លះ​សីតុណ្ហភាព ​អាច​ឡើង​ដល់​៥៤°c។

១,១°c នេះពិតមានបង្កគ្រោះថ្នាក់ជាច្រើនមកកាន់ភពផែនដី។ ដូច្នេះ យើងគួរចូលរួមថែរក្សាបរិស្ថានរបស់យើងដើម្បីរួមចំណែកជាមួយពិភពលោកក្នុងការកាត់​បន្ថយ​កំដៅ ​កុំឲ្យ​ឡើង​លើស​ពី​២​អង្សារ៕

ប្រភព៖ WMO, RFI

Facebook Comments