តើមនុស្សបែបណាអាចក្លាយជាមិត្តល្អរបស់អ្នកបាន?

នៅ​ពេល​ដែល​យើង​និយាយ​ពីទំនាក់​ទំនង បន្ទាប់​ពី​គ្រួសារ​គឺ​មិត្តភក្តិ​នេះ​ហើយ។ អ្ន​ក​អាច​មាន​មិត្តភក្តិ​ច្រើន តែ​បើ​ចំពោះមិត្ត​ជិត​ស្និតអ្នក​ប្រហែលជា​​មានមួយ​ ឬ អាច​គ្មាន​ផង។ មិត្ត​ជិត​ស្និត​ឬ​មិត្ត​ល្អ​នេះ មិន​មែន​គ្រាន់​តែ​អ្នក​បាន​ជួប​នរណា​ម្នាក់​ហើយ​ក៏​គិត​ថា​យក​ម្នាក់នោះ​ជា​មិត្ត​ល្អ​តែ​ម្តង​បាន​ទេ។ ជាទូទៅ មិត្ត​ជិត​ស្និត​គឺជា​មនុស្ស​ដែលអ្នក​ចែករំលែក​ជា​មួយ សប្បាយ​ជា​មួយ​គ្នា យំ​ជាមួយ​គ្នា ឆ្លង​កាត់​ឧបសគ្គ​ជា​មួយ​គ្នានិង​ជា​អ្នក​យល់​ចិត្ត​គ្នាបំផុត​។ មិត្ត​បែប​នេះ​មិន​អាច​កាត់​ថ្លៃ​បាន​ទេ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ត្រូវ​មើល​ឲ្យ​បាន​ដឹង​នូវ​សញ្ញា​ខ្លះៗ​ដែល​អាច​បញ្ជាក់​ថា​ម្នាក់នោះគឺជា​មនុស្ស​ដែល​អ្នក​ស្វែង​រក។

  1. អ្នក​តែង​ប្រាប់​រឿង​រ៉ាវ​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច

នៅ​ពេល​ដែល​អ្នក​នៅ​ជាមួយ​គ្នា វា​ដូចជាច្បាប់​ចែក​រំលែក​មួយ​យ៉ាង​អញ្ជឹង។ អ្នក​តែង​និយាយ​រឿង​រ៉ាវ​ផ្សេងៗដែល​អ្នក​មាន​ ប្រាប់​ទៅគេ ហើយ​គេ​ក៏​និយាយ​ប្រាប់​អ្នក​វិញ។ ពេល​អ្នក​មាន​បញ្ហា គេ​នេះ​ហើយ​គឺជា​អ្នក​ដែល​អ្នក​ចង់​ប្រាប់​និង​ចង់​ឲ្យ​ជួយ។ ហើយ​ដូច​អ្វី​ដែល​អ្នក​បាន​គិត​ដូច​នោះ​ដែរ គឺ​គេ​នឹង​ស្តាប់​អ្នក​ហើយ​ផ្តល់​ការ​នែនាំ​ខ្លះៗ​ដល់​អ្នក។ អ្នក​និង​គេ​តែង​និយាយ​រឿង​រ៉ាវប្រាប់​គ្នា​ មិន​ថា​រឿង​ល្អ​ឬ​អាក្រក់ ឬជា​រឿង​កំផ្លែង រឿង​សប្បាយ…។

  1. ពេល​ពួក​អ្នក​នៅ​ជាមួយ​គ្នា ជា​ពេល​ដែល​ល្អ​បំផុត​ក្នុង​ជីវិត

គ្រប់​ពេល​ដែល​អ្នក​បាន​អង្គុយ​ហើយ​និយាយ​ជា​មួយ​គ្នា ពេល​នោះ​ជា​ពេល​សប្បាយ​និង​ល្អ​បំផុត។ អ្នក​និង​គេ​ធ្វើ​អ្វី​ក៏​ត្រូវ​គ្នា​ដែរ ទាំង​ការ​សិក្សា ការ​លេង គឺ​តែង​មាន​ក្តី​សុខ​ជា​និច្ច។

  1. គេ​ទទួល​យក​ពី​អ្វី​ដែល​អ្នក​មាន ហើយ​តែង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក

មិត្តភក្តិ​ល្អ​មិន​មែន​ជា​មិត្ត​ដែល​រើស​អើង​មិត្ត​នោះ​ទេ។ មិន​ថា​អ្នក​នោះ​ក្រ​លំបាក មក​ពី​គ្រួសារ​មិន​ល្អ រឿង​មិន​ពូកែ មាន​ជាតិ​សាសន៍​ផ្សេង​គ្នា មិត្ត​តែងទទួល​យក​និង​យល់​ពី​មិត្ត​ជា​និច្ច។ ពួកគេ​មិន​មែន​រាប់​អាន​មិត្ត​ដោយ​សារ​តែ​ចង់​បាន​ផល​ប្រយោជន៍​ពី​គេ​មួយ​ពេល​នោះ​ទេ តែ​គឺជា​ទំនាក់​ទំនង​ស៊ី​ជម្រៅ និង​អស់​មួយ​ជីវិត។ ចំពោះ​ការ​បញ្ចេញ​គំនិត​ក៏​ដូច​គ្នា​ដែរ គឺ​តែង​គោរព​និង​ទទួល​យក​មក​ពិចារណា​ជា​និច្ច មិន​មើល​ងាយ​គ្នា​ឡើយ។

  1. អ្នក​មាន​អារម្មណ៍​នឹក​គ្នា​និង​ចង់​និយាយ​គ្នា​ពេល​ដែល​មិន​នៅ​ជា​មួយ​គ្នា​

នេះ​គឺជា​ការ​ពិត គឺ​ពេល​ដែល​អ្នក​មាន​ទំនាក់​ទំនង​កាន់​តែ​ស្និទស្នាល អ្នក​កាន់​តែ​មាន​អារម្មណ៍​នៅ​ជា​មួយ​គ្នា​រហូត។ ពេល​ដែល​មិន​នៅ​ជា​មួយ​គ្នា អ្នក​តែង​ផ្ញើរ​សារ​ទៅសួរ​រឿង​រ៉ាវ​ផ្សេងៗ ឬ​ក៏ទូរសព្ទ​និយាយ​គ្នា​បាន​បន្តិច​ក៏​អស់​ចិត្ត​ដែរ។

  1. មិត្ត​ល្អ​ជា​មិត្ត​ជួយ​ជំរុញ​យើង​ឲ្យ​ដល់គោល​ដៅ

មិត្ត​ល្អឬមិត្ត​ពិត​គឺ​ជា​មនុស្ស​ដែល​ជួយ​អ្នក​ឲ្យ​លូតលាស់​ឡើង។ ពួក​គេ​តែង​ជាអ្នក​នៅ​ក្បែរយើង ចាំ​ជួយ​លើក​ទឹក​ចិត្ត​យើង ចាំ​ជួយ​គាំ​ទ្រ​យើង និង​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម​ជា​និច្ច។ បើ​សិនជា​គ្មាន​ពួក​គេ​ទេ អ្នក​ប្រហែល​ជា​មិន​អាច​មានទឹក​ចិត្តគ្រប់​គ្រាន់សម្រាប់​តស៊ូ​ក្នុង​ជីវិត​ទេ។ អ្នក​ក៏​ដូច​គ្នា​ដែរ គឺ​ជា​អ្នក​ចាំ​នៅ​ក្បែរ​និង​ជួយគេ​​​រហូតដែរ។​ ​គេ​នឹង​មិន​ច្រនែន​ឬអន់ចិត្ត​​នៅ​ពេល​អ្នក​បាន​ទទួល​ជោគ​ជ័យ​ទេ។ ​អ្នកនិង​គេ​​ជួប​បញ្ហាជា​ច្រើន តែ​អ្នក​និង​គេ​តែង​ព្យាយាម​ឆ្លង​កាត់​រហូត​បាន​ទទូល​អ្វី​ដែល​ខ្លួន​ចង់​បាន។

  1. តែង​នឹក​ឃើញ​គ្នា​ជានិច្ច

មិត្ត​ល្អ​គឺ​បែប​នេះ​ឯង​ គឺ​តែង​ជា​មនុស្ស​ទី​មួយ​ដែល​អ្នក​នឹក​ឃើញ​ពេល​អ្នក​ទទួល​ដំណឹង​ល្អ ឬ​ ដំណឹង​អាក្រក់​ណា​មួយ។ គេ​ជា​មនុស្ស​ទី​១​ដែល​យើង​ចង់​ប្រាប់ និង រក​ឲ្យ​ឃើញ​។ នេះ​គឺជា​លក្ខណៈ​ភ្ជាប់​គ្នា​យ៉ាង​ស្អឹត​រមួត​របស់​មិត្ត​ល្អ។