តើធ្វើយ៉ាងណាទើបអាចទទួលបានជោគជ័យក្នុងការប្រឡង?

សិស្ស ឬនិស្សិតស្ទើរតែគ្រប់រូបតែងតែជួបប្រទះនូវបញ្ហាស្រ្តេសកំឡុងពេលខំប្រឹងរៀនត្រៀមប្រឡង។ អ្នកខ្លះប្រឹងរៀនដាច់យប់ ចំណែកឯអ្នកខ្លះទៀតប្រឹងរៀនរហូតដល់ឈឺក៏មាន។​ ប៉ុន្តែអ្នកត្រូវចាំថា ការសម្រុករៀនខ្លាំងពេកមិនធ្វើឲ្យអ្នកទទួលបានលទ្ធផលល្អនោះទេ ដូច្នេះហើយអ្នកត្រូវដឹងពីរបៀបរៀនយ៉ាងណាមិនធ្វើឲ្យធុញ ព្រមទាំងអាចធ្វើឲ្យទទួលបានលទ្ធផលល្អនៅពេលប្រឡង។

១. កុំពន្យារពេល៖

កុំអូសបន្លាយពេលវេលា កុំទុកអ្វីដែលត្រូវរៀនរហូតជិតដល់ពេលវេលាត្រូវប្រឡង។ ខួរក្បាលរបស់អ្នកមិនមែនម៉ាស៊ីននោះទេ ដូច្នេះហើយវាមិនអាចផ្ទុកមេរៀនច្រើនលើសលប់នៅក្នុងរយៈពេលខ្លីនោះឡើយ។ អ្នកគួររៀនជារៀងរាល់ថ្ងៃ តាមកាលវិភាគដែលបានកំណត់ទុក។

២. រៀបចំកាលវិភាគ៖

អ្នកគួរធ្វើកាលវិភាគមួយដែលច្បាស់លាស់ ព្រោះវាជួយឲ្យអ្នកមានទាំងទម្លាប់ល្អ និងជួយឲ្យអ្នកទទួលបានលទ្ធផលល្អនៅពេលប្រឡង។

៣. រៀបចំកន្លែងរៀនឲ្យស្អាត៖

កន្លែងរៀនរបស់អ្នកគួរតែរៀបចំឲ្យមានរបៀបរៀបរយជាប្រចាំ ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ និងរៀនឆាប់ចូល។

៤. ងើបដើរនៅពេលដែលមានអារម្មណ៍ស្រ្តេស៖

ពិតណាស់ប្រសិនបើអ្នកអង្គុយរៀនយូរ ហើយមានអារម្មណ៍ថាតានតឹង ឬស្រ្តេស អ្នកគួរតែងើបឡើងដើម្បីដើរឲ្យបាន១០​ទៅ១៥នាទី វាជួយសម្រួលដល់ដៃ ជើង និងជួយធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរឡើង។

៥. គេងឲ្យបានគ្រប់គ្រាន់៖

អ្នកសិក្សាខ្លះអាចមើលរំលងចំណុចនេះ ប៉ុន្តែត្រូវចាំថាការគេងឲ្យបានគ្រប់គ្រាន់ជាកត្តាសំខាន់បំផុតដើម្បីឲ្យខួរក្បាលបានសម្រាក និងមានភាពជ្រះថ្លានៅពេលភ្ញាក់ឡើង នាពេលនោះយើងក៏អាចនឹកឃើញចម្លើយល្អៗនៅក្នុងពេលប្រឡងផងដែរ។

៦. ស្វែងរកចំណុចសំខាន់នៃមេរៀន៖

យើងត្រូវចេះក្តោបយកចំណុចសំខាន់នៅក្នុងមេរៀននីមួយៗ ព្រោះការធ្វើបែបនេះវាជួយឲ្យយើងបានចំណេញពេលវេលាមើលមេរៀនផង ព្រមទាំងមានឱកាសទទួលបានពិន្ទុល្អលើសគេផងដែរ។

Facebook Comments