All posts by ពុធ សម្ផស្សចរិយា

ដឹងអត់ ហេតុអ្វីទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ?

ការរកឃើញនូវបច្ចេកវិទ្យាទំនើប បាននាំមកនូវភាពងាយស្រួល ដែលអាចជួយសម្រួលដល់ការរស់នៅរបស់មនុស្សយ៉ាងច្រើន។​ ដោយសារការប្រើប្រាស់បច្ចេកវិទ្យា មនុស្សបានបង្កើតវត្ថុជាច្រើនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលក្នុងនោះមានរួមបញ្ចូលទាំងនាឡិកាផងដែរ។​ យើងប្រាកដជាធ្លាប់ឮហើយថា កាលពីសម័យមុនដែលមិនទាន់មានបច្ចេកវិទ្យាទំនើប ឬ នាឡិកាសម្រាប់ប្រើប្រាស់ ចាស់ៗបុរាណកំណត់ចំណាំពេលវេលាថាជាពេលព្រឹក ពេលថ្ងៃត្រង់ ឬ ពេលរសៀល តាមរយៈការមើលព្រះអាទិត្យ។​ យើងដឹងហើយថា ផែនដីមានរាងមូល ហើយវាវិលជុំវិញព្រះអាទិត្យ ដូច្នេះ ចាស់បុរាណវាស់ពេលវេលាដោយផ្អែកលើទីតាំងនៃព្រះអាទិត្យ។ ឧទាហរណ៍ គេអាចដឹងថាពេលថ្ងៃត្រង់ នៅពេលដែលព្រះអាទិត្យមានកំពស់ខ្ពស់បំផុតនៅលើមេឃ។​

ដោយសារការប្រើប្រាស់បច្ចេកវិទ្យា នាឡិកាមេកានិច ឬ ជាភាសាអង់គ្លេសថា Mechanical clock ក៏ត្រូវបានបង្កើតឡើង។ ការបង្កើតនាឡិកាជួយឲ្យមនុស្សកាន់តែមានភាពងាយស្រួលជាងមុន ដោយមិនចាំបាច់ត្រូវទៅមើលព្រះអាទិត្យដើម្បីដឹងពីពេលវេលាទៀតនោះទេ ព្រោះនាឡិកាមានទ្រនិចដែលជាអ្នកចង្អុលបង្ហាញពេលវេលាឲ្យយើងស្រាប់។ មិនថានាឡិកាប្រភេទដាក់ជាប់ជញ្ជាំង នាឡិកាដៃ ឬ នាឡិកាប្រភេទផ្សេងៗ ជាធម្មតា ទ្រនិចនាឡិកាតែងវិលពីឆ្វេងទៅស្ដាំ។ អ្នកធ្លាប់ដែលឆ្ងល់ ឬអត់ថា ហេតុអ្វីបានជាទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ? ហេតុអ្វីបានជាវាមិនវិលពីស្ដាំទៅឆ្វេងវិញទៅ?

គួររំ៎ឮកថា នាឡិកាមេកានិច ឬ ជាភាសាអង់គ្លេសថា Mechanical Clock ត្រូវបានបង្កើតឡើងក្នុងអំឡុង ឆ្នាំ ១២៧១ ដែលត្រូវនឹងចុងសតវត្សទី ១៣ បើតាមលោក Lynn Thorndike (1943) បានលើកឡើងក្នុងអត្ថបទ Invention of The Mechanical Clock about 1271 A.D.។

ឆ្លើយតបទៅនឹងសំណួរថា ហេតុអ្វីទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ? មានការលើកឡើងតៗគ្នាជាច្រើនថា នាឡិកាមេកានិច គឺត្រូវបានបង្កើតឡើង​នៅអឌ្ឍគោលខាងជើង ហើយនៅអឌ្ឍគោលខាងជើង ព្រះអាទិត្យផ្លាស់ទីលើមេឃពីឆ្វេងទៅស្តាំ ដូច្នេះអ្នកបង្កើតចង់ឲ្យឧបករណ៍នេះដើរតាមចលនារបស់ព្រះអាទិត្យ ទើបទ្រនិចរបស់នាឡិកាត្រូវបានធ្វើឡើងដើម្បីធ្វើតាមចលនារបស់ព្រះអាទិត្យ គឺពីឆ្វេងទៅស្តាំ ឬ អ្វីដែលត្រូវបានគេស្គាល់ជាទូទៅថាមុំនាឡិកា ឬ ជាភាសាអង់គ្លេសថា Clockwise។

មួយវិញទៀត តាមអត្ថបទ In-Depth: Why Clocks Run Clockwise (And Some Watches And Some Clocks That Don’t) ដែលដកស្រង់ចេញពីគេហទំព័ររបស់ទស្សនាវដ្ដី Hodinkee បានលើកឡើងថា ប្រសិនបើយើងស្ថិតនៅអឌ្ឍគោលខាងជើង ហើយឈរនៅមុខផ្លូវរបស់ព្រះអាទិត្យនៅលើមេឃ យើងនឹងឃើញដំណើររបស់វាដើរតាមទិសរបស់មុំនាឡិកា ឬ ជាភាសាអង់គ្លេសថា clockwise។ ហើយពេលយើងដាក់ នាឡិកាព្រះអាទិត្យ[1] ឬ ជាភាសាអង់គ្លេសថា Sundial នៅពីក្រោមពន្លឺព្រះអាទិត្យ ពេលដែលពន្លឺព្រះអាទិត្យជះចំឧបករណ៍នោះ យើងនឹងឃើញស្រមោលទ្រនិចរបស់នាឡិកាព្រះអាទិត្យនោះដើរតាមទិសដូចមុំនាឡិកា។ ដូច្នេះទើបគេគិតថា នាឡិកាដែលគេបង្កើតមុនដំបូង គឺធ្វើតាមចលនាជាក់ស្ដែងរបស់ព្រះអាទិត្យ (​the apparent motion of the sun) និងទិសរបស់ព្រួញចង្អុលបង្ហាញនៃនាឡិកាព្រះអាទិត្យ។

នាឡិកាព្រះអាទិត្យ រូបភាពពីប្រភព https://someinterestingfacts.net/facts-sundials-shadow-clocks/

ការលើកឡើងរបស់ទស្សនាវដ្ដី Hodinkee នេះមិនបានបញ្ជាក់ថាវាត្រឹមត្រូវ ១០០% ទេ ប៉ុន្តែគេជឿជាក់ថា​ វាជាហេតុផលដ៏សមស្របមួយដែលអាចបញ្ជាក់ថា នាឡិកាដែលយើងប្រើប្រាស់សព្វថ្ងៃ ទ្រនិចរបស់វាមានទិសដៅដូចទ្រនិចរបស់នាឡិកាព្រះអាទិត្យ ឬ sundial នេះឯង។

ស្របគ្នានេះដែរ មានសំណួរមួយដែលបានលើកឡើងក្នុងទស្សនាវដ្ដី BBC Focus Magazine ថា Why do clocks go clockwise? (ហេតុអ្វីបានជាទ្រនិចនាឡិកាដើរតាមទិសដៅទ្រនិចនាឡិកា?)។ ការបកស្រាយទៅលើសំណួរនេះក៏បានលើកឡើងស្របគ្នានឹងទស្សនាវដ្ដី Hodinkee ដែរ គឺកាលពីមុន គេប្រើនាឡិកាព្រះអាទិត្យដើម្បីមើលពីពេលវេលា ហើយនៅអឌ្ឍគោលខាងជើង ស្រមោលនៃមុខនាឡិកាមានទិសដៅដូចនឹងទិសដៅរបស់ព្រះអាទិត្យ។ ដូចនេះ នាឡិកាដែលគេបង្កើតមកក្រោយៗទៀត ទ្រនិចវាមានទិសដៅដូចទ្រនិចនាឡិកាព្រះអាទិត្យដែរ។

សរុបសេចក្ដីមក ការលើកឡើងរបស់ប្រភពមួយចំនួនខាងលើមានលក្ខណៈស្របគ្នា ដែលថាទ្រនិចនាឡិកាដែលវិលពីឆ្វេងទៅស្ដាំ ដោយសារវាមានទិសដៅស្របគ្នាជាមួយចលនារបស់ព្រះអាទិត្យពេលដែលយើងមើលពីផែនដីទៅ និងទិសដៅរបស់ទ្រនិចនាឡិកាព្រះអាទិត្យ។ យ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាការលើកឡើងពីប្រភពផ្សេងៗគ្នាប៉ុណ្ណោះ។ អ្នកអាចធ្វើការស្រាវជ្រាវ និងពិចារណាបន្ថែមទៅលើហេតុផលទាំងនោះ។

………..

[1] ឧបករណ៍ដែលត្រូវបានគេប្រើប្រាស់កាលពីសម័យមុន ដើម្បីបង្ហាញពីពេលវេលា។ ពេលឧបករណ៍នេះត្រូវពន្លឺព្រះអាទិត្យ ស្រមោលរបស់ព្រួញនៅលើនោះ នឹងចាំងលើបន្ទះដើម្បីសម្គាល់ម៉ោង។

ឯកសារយោង

In-Depth Why Clocks Run Clockwise (And Some Watches And Clocks That Don’t)

Why do clocks go clockwise?

Invention of the Mechanical Clock about 1271 A.D.

List of years

 

 

សត្វ និងរុក្ខជាតិជានិមិត្តរូបនៃប្រទេសកម្ពុជា

នៅតាមប្រទេសនីមួយៗ យើងអាចសម្គាល់អត្តសញ្ញាណជាតិរបស់គេបានតាមរយៈការសង្កេតមើលវត្ថុដែលជារបស់តំណាងជាតិ។​ តួយ៉ាងក្នុងប្រទេសកម្ពុជា  ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិអាចឲ្យជាតិដទៃកំណត់បានថាជាជាតិខ្មែរ។​ ក្រៅពីនេះ គេអាចកំណត់អត្តសញ្ញាណជាតិខ្មែរបានយ៉ាងច្បាស់តាមរយៈសត្វ និងរុក្ខជាតិមួយចំនួនមានដូចជា គោព្រៃ សត្វត្រយ៉ង អណ្ដើកហ្លួង ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងចេកពងមាន់។

១. គោព្រៃ​ (Bos sauveli)

  • សត្វចតុប្បាទដែលត្រូវបានចាត់ទុកជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាដោយបានទទួលស្គាល់ដោយព្រះរាជក្រឹត្យ។
  • ឈ្មោះជាភាសាជាតិ៖ គោព្រៃ​
  • ឈ្មោះជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង៖ Kouprey
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Bos sauveli
  • លក្ខណៈ​ ៖ ប្រវែងដងខ្លួនពី ២,១ ទៅ ២,៣ ម៉ែត្រ កម្ពស់ពី ១,៧ ទៅ ១,៩ ម៉ែត្រ និងមានទម្ងន់ពី ៧០០​ ទៅ ៩០០គីឡូក្រាម។​ គោព្រៃ​មាន​រូបរាង​ស្រ​ដៀង​នឹង​ទន្សោង មាន​បួរ​វែង​ធ្លាក់​ចុះ​ដល់​ជង្គង់ និង​ហៀរ​ស្ទើរតែ​ដល់​ដី​ចំពោះ​គោ​ឈ្មោល។ ស្នែង​គោព្រៃ​ឈ្មោល​ និង​ញី មាន​លក្ខណៈ​ប្លែក​គ្នា ដោយ​ស្នែង​ឈ្មោល​ធំ​ជាង ដុះ​ចេញ​កោង​ទៅ​មុខ និង​ងើបឡើង​លើ​ព្រមទាំង​មាន​ព្រុយ​ចុង​ស្នែង។ ស្នែង​ញី​ដុះ​មក​ខាង​មុខ​រាង​ងើប​បន្តិច ហើយ​កួច​រមួល​ឡើង​លើ​។ ចាប់ពី​ជើង​ក្រោម​ជង្គង់​ចុះ​មក​មាន​ពណ៌​ស ឬ ​ប្រផេះ និង​ប្រផេះ​ចាស់ នៅ​ពេល​មាន​អាយុ​ច្រើន។

ការយកគោព្រៃមកធ្វើជាសត្វនិមិត្តរូបរបស់ប្រទេសកម្ពុជា គឺដើម្បីចង់បង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិ។​ វា​ត្រូវបានប្រទះឃើញជាលើកដំបូងនៅឆ្នាំ ១៩៣៧។​ គោព្រៃភាគច្រើនរស់នៅតាមវាល និងព្រៃភ្នំនៃភាគខាងជើងនៃប្រទេសកម្ពុជា។ គោព្រៃ​ជា​ថនិកសត្វ​ស្លូត រស់នៅ​ជា​ហ្វូង​ៗ  អាច​ឃើញ​មាននៅ​លាយ​ជាមួយ​ហ្វូង​ទន្សោង ខ្ទីង ឬ ប្រើស។ វាជា​សត្វ​វាងវៃ រហ័សរហួន​ ឆាប់​ភ្ញាក់ផ្អើល​ជាង​ប្រភេទ​សត្វ​ក្នុង​ត្រកូល​គោ​សាទិសដូច​គ្នា​ ពូកែ​ស្រង់ក្លិន និង​គេចវេស​ចេញពី​មនុស្ស មាន​កម្លាំង​ខ្លាំងពូកែ ធន់​នឹង​កម្ដៅថ្ងៃ អត់ធន់​នឹង​ចំណីអាហារ​ដែល​មានគុណ​ភាព​ទាប និង​ធន់​នឹង​ជំងឺ​គោ​ឆ្កួត។ កាលពី​សម័យ​មុន​សង្គ្រាម គោព្រៃ​ត្រូវ​ហាម​បរបាញ់​តាម​រយៈ​ប្រកាស​លេខ​១៩១ ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​១៩៦០។ ក្រោយ​របប​ប៉ុ​លពត គោព្រៃ​ក៏​ត្រូវ​ហាម​បរបាញ់​ម្តងទៀត តាម​រយៈ​ប្រកាស​លេខ​៣៥៩ ក​សក​.​ប្រក ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​១៩៩៤ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ គោព្រៃ​ត្រូវ​ហាមឃាត់​មិន​ឲ្យធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​បាន​ចុះ​ក្នុង​បញ្ជី​ឧ​ប​សម្ព័ន្ធ I នៃ​អនុ​សញ្ញា CITES និង​អនុសញ្ញា Convention on Migratory Species។ ពិភពលោក​បាន​ចាត់​ទុក​គោព្រៃ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត (Critical Endangered) ដោយ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម IUCN។

២.​ សត្វត្រយ៉ង (Pseudibis gigantean)

  • បក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ ត្រយ៉ង​ ឬ ក្ងយក្ស ឬ ឪលើក
  • ឈ្មោះភាសាអង់គ្លេស៖ Giant Ibis
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Pseudibis gigantean​
  • លក្ខណៈ​ ៖ សម្បុរប្រផេះក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និងប្រវែងដងខ្លួន ១០៦ សង់ទីម៉ែត្រ។​

សត្វត្រយ៉ង ​ត្រូវ​បានការពារ​ដោយ​ប្រកាស​លេខ ​៣៥៩ ក​សក​.​ប្រក ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​១៩៩៤ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ពិភពលោក​ក៏​បាន​ចាត់​ទុក​ត្រយ៉ង​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត (Critical Endangerd) ដោយ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម IUCN ដូច​គ្នា​នឹង​គោព្រៃ​ដែរ​។ សត្វត្រយ៉ងដើមឡើយមានរាយប៉ាយនៅតាមទូទាំងតំបន់អាស៊ីអាគ្នេយ៍​ ប៉ុន្តែបច្ចុប្បន្ននេះមាននៅតែក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជាប៉ុណ្ណោះ។ ចំណីរបស់សត្វនេះគឺសត្វឥតឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជា ជន្លេន​ ខ្យង​ ក្ដាម ។ល។ វាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត មានតំបន់ដីសើមច្រើន (ទន្លេ បឹង​ ត្រពាំង)។​ វារកចំណីលើដី និងទំលើដើមឈើដើម្បីសម្រាក និងគេចពួនពីសត្រូវ។ សត្វនេះត្រូវបានរកឃើញថ្មីៗនៅខេត្តព្រះវិហារមិនតិចជាង ១០០​ ក្បាលឡើយ ដែលជារបាយច្រើនជាងគេ បន្ទាប់ពីពិភពលោកអះអាងថាបានផុតពូជ។ ប្រទេសកម្ពុជា ជាប្រទេសទីមួយក្នុងពិភពលោក ដែលបានផ្ដល់រូបថតនៃប្រភេទសត្វត្រយ៉ងនេះ​ ហើយត្រូវបានទស្សនាវដ្ដី National Geographic Magazine នៃសហរដ្ឋអាមេរិក ផ្សព្វផ្សាយទូទាំងពិភពលោក។ អនុក្រឹត្យបានចែងឲ្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ ខេត្តព្រះវិហារ ក្នុងគោលបំណងអភិរក្សសត្វត្រយ៉ងនេះជាចម្បង។​ សត្វនេះជាប្រភេទជិតផុតពូជបំផុត ដែលត្រូវបានអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ផ្ដល់ជំនួយការពារ។

៣. អណ្ដើកហ្លូង (Batagur baska)

  • ឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ អណ្ដើកសរសៃ ឬ អណ្ដើកហ្លួង
  • ឈ្មោះជាភាសាអង់គ្លេស៖ Royal Turtle
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Batagur baska
  • លក្ខណៈ ៖ ភ្នែកពណ៌ស និងច្រមុះបះឡើង ស្នូករបស់វាមានប្រវែងរហូតដល់ ៦០ សង្ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬ ខ្មៅទាំងអស់។ ម្រាមជើងមុខធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំ​៤ ខុសពីអណ្ដើតធម្មតាមានក្រញាំ៥។

អណ្ដើកហ្លួងត្រូវបានហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្ដរជាតិ ដោយបានចុះក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ អណ្ដើកនេះត្រូវបានចាត់ទុកជាប្រភេទសត្វទទួលការគំរាមកំហែងជាសកល (Globally Threaten) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហមរបស់ IUCN។​ អណ្ដើកនេះត្រូវបានចាត់ទុកជាសម្បត្តិរាជវង្ស និងមានប្រវត្តិការពារដោយរាជក្រឹត្យកាលពីបុរាណ។ គេហៅអណ្ដើកនេះថា អណ្ដើកហ្លួង មកដល់សព្វថ្ងៃ ដោយសារតែពេលប្រមូលបានពងអណ្ដើកនេះ គេយកទៅថ្វាយតែចំពោះរាជរង្សសោយតែប៉ុណ្ណោះ។ ក្រោយមក ពេលប្រជារាស្រ្ដចាប់បានអណ្ដើកនេះ គេតែងយកមកតុបតែង លាបម្សៅ និមន្ដព្រះសង្ឃមកសូត្រធម៌បួងសួងសុំសេចក្ដីសុខ រួចដោះលែងទៅវិញ។ វាចូលចិត្តរស់នៅតាមពាមសមុទ្រ មានព្រែកតូចៗ ឬ មានព្រៃកោងកាង និងស៊ីអាហារគ្រប់យ៉ាង មានស្លឹកឈើ ពន្លករុក្ខជាតិ ផ្លែកោងកាង និងសត្វតូចៗផ្សេងទៀត។ អណ្ដើកនេះត្រូវបានគេជឿថាផុតពូជពីកម្ពុជាទៅហើយក្នុងអំឡុងសតវត្ស៍ទី ៨០​ និង ៩០ តែត្រូវបានរកឃើញវិញក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងអំឡុងឆ្នាំ ១៩៩៥ ហើយនៅឆ្នាំ ២០០២​​ នាយកដ្ឋានជលផលសហការជាមួយអង្គការ WCS ភ្ញាស់បាន ៣២ ក្បាល ហើយលែងទៅក្នុងធម្មជាតិវិញ។

៤. ត្រីគល់រាំង (Catlocarpio Siamensis)

  • មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ ត្រីកាហោ ឬ ត្រីក្បាលឡាន ឬ ត្រីគល់រាំង
  • ឈ្មោះជាភាសាអង់គ្លេស៖ Giant Mekong Barb
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Catlocarpio Siamensis
  • លក្ខណៈ ៖ ប្រភេទត្រីធំជាងគេក្នុងប្រទេសកម្ពុជា មានស្រកាធំៗគ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយ។ សម្បុរលើដងខ្លួនមានពណ៌ ២ ដាប់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ស្រកានៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។

ប្រភេទត្រីគល់រាំងនេះជាប្រភេទត្រីទឹកសាប មានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងរស់នៅតាមដងទន្លេមេគង្គ ពិសេសសម្បូរជាងគេនៅបឹងទន្លេសាប ហើយត្រូវបានការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្ដីពីការគ្រប់គ្រងវិស័យជលផល ក្នុងជំពូក២ មាត្រា១៨។ ចាប់ពីឆ្នាំ ២០០០​ មក នាយកដ្ឋានជលផលបានសហការជាមួយគម្រោងគ្រប់គ្រងនេសាទទឹកសាបកម្ពុជា ធ្វើការលែងត្រីគល់រាំងដែលនេសាទបាន ដោយដាក់សញ្ញាសម្គាល់ដើម្បីតាមដានចរាចរណ៍ និងការលូតលាស់របស់វា។ ត្រីគល់រាំងត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ កាលពីបុរាណ ស្រការបស់វាត្រូវបានគេយកមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរ។

៥. ​ដើមត្នោត (Borassu flabellier)

  • រុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ ត្នោត
  • ឈ្មោះជាភាសាអង់គ្លេស៖ Sugar Palm
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Borassu flabellier
  • លក្ខណៈ ៖ ប្រភេទរុក្ខជាតិស្ថិតក្នុងតាលព្រឹក្សខ្ពស់ មានដើមទាល គល់ធំ ដុះត្រង់ឡើងទៅលើ កម្ពស់ពី ១០-២៥ម៉ែត្រ ឫសវាមានលក្ខណៈជាឫសយោង និងគ្មានឫសកែវ។ តួដើមមានភាពគគ្រើមពណ៌ក្រម៉ៅ អង្កត់ផ្ចិតពី ២០-៦០ សង្ទីម៉ែត្រ ដោយប្រែប្រួលទៅតាមគុណភាពដី។ កន្សោមស្លឹកមានរាងដូចផ្លិត ប្រមូលផ្ដុំគ្នានៅផ្នែកចុងកំពូលនៃដើម។​ ធាងត្នោត​រលោង​ក្រាស់ មាន​ពណ៌​លឿង​បៃតង​ពេល​នៅ​ខ្ចី និង​លឿង​ត្នោត​ពេល​មាន​អាយុ​ចាស់ ព្រមទាំង​មា​នប​ន្លា​នៅ​គែម​សងខាង​​ សណ្ឋាន​ដូច​ជា​ធ្មេញរណារ​។ ត្នោត​ញី ​និង​ឈ្មោល​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា តាម​ការ​សម្គាល់​លើ​ផ្កា​របស់​វា។ ផ្កាត្នោត​ឈ្មោល​មាន​រាង​មូល​ទ្រវែង ទំហំ​ពី ​២-៤​សង្ទីម៉ែត្រ ប្រវែង​ពី​ ៣០-៥០​សង្ទីម៉ែត្រ។ រីឯ​ផ្កាត្នោត​ញី​មាន​សណ្ឋាន​ជា​ពក​មូល​ៗ​ប្រវែង​ពី​ ៥០-៧០​សង្ទីម៉ែត្រ ដែល​អាច​ផ្តល់​ផ្លែ​ចំនួន​ពី ​២០-៥០​គ្រាប់។ ផ្លែ​ត្នោត​មាន​រាង​មូល​ពណ៌​ត្នោត​ក្រមៅ នៅ​ភាគ​ខាងក្រោម និង​ពណ៌​បែ​តង​នៅ​ភាគ​ខាងលើ​នៃ​ផ្លែ ហើយ​ប្រែ​ពណ៌​ទៅ​ជា​លឿងទុំ​ក្រមៅ​ពេល​វា​ចាស់ទុំ។ ផ្លែ​ត្នោត​មាន​អង្កត់ផ្ចិត​ប្រមា​ន ​១៣-២០​សង្ទីម៉ែត្រ ដែល​ប្រែប្រួល​ទៅ​តាម​គុណភាព​ដី ការ​កៀប​យក​ទឹក និង​អាយុ​កាល​របស់​ដើម។

ត្នោតជារុក្ខជាតិប្រជាប្រិយតំណាងឲ្យសង្គមខ្មែរ និងជាអត្តសញ្ញាណដែលប្រជាជនខ្មែរសម្គាល់នូវទេសភាពទឹកដីរបស់ខ្លួន តាំងពីបុរាណមកដល់បច្ចុប្បន្នស្របតាមពាក្យស្លោកថា “ដើមត្នោតជាជម្រកផ្ទះខ្មែរ”។ កាលពី​ឆ្នាំ​២០០៣​កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​វិធានការ​ទប់ស្កាត់​កុំ​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ធម្មជាតិដែលមានដើម​ត្នោត​ជាដើម ​បន្ទាប់​មក ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​នូវ​សារាចរ​ណែនាំ​លេខ​៤៨១ សរណ​ន​. ក​សក ចុះ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០០៣ ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន និង​ធ្វើ​អាជីវកម្ម​ដើម​ត្នោត។ ដើម​ត្នោត​មាន​សារសំខាន់​ច្រើន​យ៉ាង​ណាស់​ដូច​ជា ឫស​ត្នោត និង​ផ្កាត្នោត​ឈ្មោល​ជា​ឱសថ​បុរាណ​សម្រាប់​កែរោគ។ ដើម​ត្នោត​អាចយ​កមក​ប្រើប្រាស់​នៅ​ក្នុង​សំណង់​។ ស្លឹក​សម្រាប់​ប្រក់ និង​ធ្វើ​ជញ្ជាំង​ផ្ទះ ត្បាញកន្ទេល មួក ស្មុគ និង​ពេល​ខ្លះ​អាច​ប្រើប្រាស់​ស្លឹក​ត្នោត​សម្រាប់​ចារ ឬ ​សរសេរ​ជំនួស​ស្លឹក​ទ្រាំង​បាន​ទៀត​ផង។ ផ្លែ​ត្នោត និង​ទឹកត្នោត មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ពិសា។ ការ​ផលិត​ស្ករត្នោត​ដោយ​រំងាស់​ពី​ទឹកត្នោត គឺជា​ប្រពៃណី​របស់​ប្រជារាស្ដ្រ​ខ្មែរ​តាំងពី​បុរាណ​រហូត​ដល់​បច្ចុប្បន្ន ។

៦. ផ្ការំដួល (Mitrella mesnyi)

  • ផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ រំដួល
  • ឈ្មោះជាភាសាអង់គ្លេស៖ Rumdul
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Mitrella mesnyi
  • លក្ខណៈ ៖ មានកម្ពស់ពី ៨-១៣ម៉ែត្រ និងមានអង្កត់ផ្ចិតពី ២០-៣០សង្ទីម៉ែត្រ។ ដើមមានសម្បកពណ៌ត្នោត-លឿង ស្លឹកជាប្រភេទ​ស្លឹក​ទោល​ដុះ​ឆ្លាស់​គ្មាន​ខ្នាយ​ស្ទប ទម្រង់​បន្ទះ​ស្លឹក​រាង​ទ្រវែង មាន​ទំហំ​២-៤ x ៦-១០​សង្ទីម៉ែត្រ​។ ផ្ការំដួល​មាន​ពណ៌​លឿង​-​ស មាន​ក្លិនក្រអូប​សាយ​បាន​ឆ្ងាយ ចោល​ក្លិន​នៅ​ពេល​រសៀល និង​ពេល​ព្រ​លប់​។ ផ្លែ​ជា​ចង្កោម ពេល​ទុំ​មាន​ពណ៌​ក្រហម​ក្រម៉ៅ​អាច​បិ​រ​ភោគ​បាន។

រំដួល​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ប្រជាជននិយម​យក​មក​ដាំ​លម្អ​តាម​គេហដ្ឋាន និង​សួន​សាធារណៈ​។ ដោយ​មាន​ក្លិន​ប្រ​អូ​ប​ ខ្មែរ​​ពី​បុរាណកាល​និយម​ប្រើប្រាស់​វា​ជា​គ្រឿងផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី។ ដើម​រំដួលក៏​អាច​កែ​ច្នៃ​ប្រើប្រាស់​ជា​គ្រឿងសំណង់​បន្ទាប់បន្សំ និង​ប្រើ​ជា​អុស​សម្រាប់​ដុត។ នៅ​រដូវ​ផ្លែ​រំដួល​ទុំ ប្រជាជន​តែងតែ​បេះ​ផ្លែ​រំដួល​យក​មក​លក់​។ ដោយសារ​ផ្ការំដួល​មាន​ក្លិន​ដ៏​ក្រអូប ជាទី​ទាក់ទាញ​អារម្មណ៍​របស់​មហាជន​ទូទៅ ហេតុនេះ​បានជា​គេ​ច្រើន​ប្រដូច​នារី​ខ្មែរ​ទៅ​នឹង​ផ្ការំដួល រហូត​ដល់​មាន​កវីនិពន្ធ​ខ្មែរ​ខ្លះ​បាន​បន្សល់​ទុក​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជាៈ រំដួល​ក្រចេះ និង​រំដួល​ពោធិ៍សាត់​ជាដើម។

៧.​ ចេកពងមាន់ (Musa aromatica)

  • ផ្លែឈើនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • ឈ្មោះជាភាសាជាតិ៖ ចេកពងមាន់
  • ឈ្មោះជាភាសាអង់គ្លេស៖ Chicken Egg Banana
  • ឈ្មោះវិទ្យាសាស្រ្ដ៖ Musa aromatica

ចេក​ត្រូវ​គេ​និយម​បរិភោគ និង​ប្រើប្រាស់​ជា​ទូទៅ​ដោយ​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ។ គេ​អាច​បរិភោគ​ផ្លែ​ចេកទុំ ឬ ​កែ​ច្នៃ​ជា​តំណាប់ ចេក​បន្ទះ ចេកឆាប​ជាដើម។ ក្រៅពី​នេះ អាចយក​ប្រើប្រាស់​ជា​សំណែន ឬ​ ជំនូន​គ្រប់​ពិធី​ផ្សេង​ៗ ដែល​សូ​ម្បី​តែ​សម្រាប់​ថ្វាយ​គោរព​បូជា​ទេវតា​រាល់​ថ្ងៃសីល​ផង​ដែរ។ ចេកពងមាន់​ភាគច្រើន​ត្រូវ​គេ​ដាំ​នៅ​តាម​ដីសណ្ដ​ទន្លេមេគង្គ ជា​ពិសេស​នៅ​តំបន់​កោះ​ដុះ​ថ្មី។ ចេក​គេ​ដាំ​នៅ​កម្ពុជា​ជា​យូរលង់​ណាស់​មក​ហើយ ថ្វី​ដ្បិតតែ​ជា​ដំណាំ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​ក៏​ដោយ ។ ដំណាំ​ចេក​ជា​ដំណាំ​ប្រើ​បាន​ច្រើន​មុខ​ទៀត​ដូច​ជា គល់​របស់​វា​ជា​ប្រភព​ជាតិ​ម្សៅអាមីដុង ​ដើម​វា​អាច​ហាន់​ជា​ចំណី​ជ្រូក គោ ក្របី។​ល​។ ធ្វើ​ជា​បាយសី​ក្នុង​ពិធីសែនព្រេន​នានា ស្លឹក​ប្រើ​ជា​សម្ភារៈ​វេច​ខ្ចប់​នំចំណី និង​ត្រយូង​ប្រើ​ជា​បន្លែស្រស់ ឬ​​ យកមកស្ល។

ឯកសារយោង

  1. https://law-asia.blogspot.com/2017/03/animals-and-plants-as-national-symbols.html
  2. https://kohsantepheapdaily.com.kh/article/128748.html
  3. http://cambodiadocument.blogspot.com/2017/10/blog-post_49.html
  4. http://www.everyday.com.kh/mobile/article/32449.html

មេរៀនជីវិតល្អៗដែលអាចសិក្សាបានពី Mr. Bean

ខ្ញុំជឿថា មនុស្សភាគច្រើនប្រាកដជាធ្លាប់បានទស្សនាការសម្ដែងកំប្លែងរបស់ Mr. Bean រួចហើយ។ ប្រាកដណាស់ កំប្លែងគ្រប់វគ្គរបស់ Mr. Bean ពិតជាបានធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍រីករាយ។ ប៉ុន្តែអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថា ការសម្ដែងរបស់ Mr. Bean ថែមទាំងបានបង្កប់នូវអត្ថន័យអប់រំមេរៀនជីវិតយ៉ាងច្រើន។

Mr. Bean animated
ប្រភពរូបភាព brandchanne

មុននឹងចូលទៅដល់អត្ថន័យអប់រំនៅក្នុងរឿង យើងគួរក្រឡេកមកមើលពីជីវប្រវត្តិសង្ខេបៗរបស់តារាកំប្លែងមួយរូបនេះសិន។ តារាកំប្លែង និងអ្នកនិពន្ធ Mr. Bean មានឈ្មោះពិតថា Rowan Sebastian Atkinson ជាជនជាតិអង់គ្លេស កើតនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៥៥ នៅទីក្រុង Consett នៃរដ្ឋ Durham ប្រទេសអង់គ្លេស។ លោក Atkinson (ឬ Mr. Bean) បានសិក្សានៅសាកលវិទ្យាល័យ Newcastle និងសាកលវិទ្យាល័យ Oxford រួចបានបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មអគ្គិសនី។ មនុស្សជាច្រើនមានចង្ងល់ថា ហេតុអ្វីគាត់សិក្សាអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី តែបែរជាទៅធ្វើតារាកំប្លែងទៅវិញ? ដើមឡើយ គាត់គ្រាន់តែសម្ដែងតាមកម្មវិធីក្នុងសាលាធម្មតាប៉ុណ្ណោះ។ ប៉ុន្តែការសម្ដែងយូរទៅ ធ្វើឲ្យគាត់ចាប់អារម្មណ៍ផ្នែកសម្ដែងកាន់តែខ្លាំង រហូតធ្វើឲ្យគាត់បោះបង់ចោលគោលបំណងដែលចង់បន្តការសិក្សាថ្នាក់បណ្ឌិត ហើយបែរជាទៅចាប់យកអាជីពជាតារាសម្ដែងទៅវិញ។ នេះក៏យើងអាចយកជាមេរៀនបានដែរថា មិនប្រាកដថាយើងរៀនអ្វី ត្រូវតែប្រកបអាជីពដែលយើងរៀននោះទេ។ មនុស្សគឺត្រូវចេះបទបែនតាមកាលៈទេសៈ ហើយជ្រើសរើសយកអ្វីដែលខ្លួនចង់ធ្វើ។ នៅឆ្នាំ ១៩៧៩ Mr. Bean បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី Not the Nine O’clock News បន្ទាប់មកគឺកម្មវិធី The Black Adder រួចមកក៏សម្ដែងជា Mr. Bean។ ក្រោយពីបានដឹងពីប្រវត្តិខ្លះរបស់ Mr. Bean យើងត្រលប់មកមើលមេរៀនដែលយើងអាចសិក្សាពីរឿងកំប្លែងរបស់ Mr. Bean ម្ដង។

១. ការដោះស្រាយបញ្ហា

ក្នុងភាគកំប្លែងរបស់ Mr. Bean យើងតែងតែឃើញថា រាល់ពេលដែល Mr. Bean ជួបបញ្ហា គាត់តែងតែរិះរកវិធីគ្រប់ប្រភេទមកដោះស្រាយបញ្ហា ទោះបីជាដំណោះស្រាយខ្លះមើលទៅដូចជាមិនសូវប្រក្រតីបន្ដិចក៏ដោយ ក៏គ្មានបញ្ហាណាដែលគាត់មិនអាចដោះស្រាយបាននោះទេ។ ឧទាហរណ៍ ដូចក្នុងភាគកំប្លែងមួយរបស់គាត់ ពេលនោះក្នុងវ៉ាលីគាត់មិនអាចដាក់បន្ថែមខោជើងវែងចូលមួយទៀតទេ គាត់ក៏យកកន្រ្ដៃមកកាត់ខោនោះឲ្យខ្លី ហើយដាក់វាចូលវ៉ាលីបានយ៉ាងងាយស្រួល។ ពេលគាត់គ្មានជក់លាបពណ៍ជញ្ជាំងផ្ទះគាត់ គាត់យកតុក្កតាខ្លាឃ្មុំរបស់គាត់មកប្រើជំនួសឲ្យជក់។ យើងអាចសិក្សាបានថា មនុស្សត្រូវមានភាពច្នៃប្រឌិត និងរិះរកដំណោះស្រាយពេលជួបបញ្ហា។ វិធីដោះស្រាយមានច្រើនបែប វាត្រូវការតែមនុស្សមានគំនិតក្នុងការប្រើប្រាស់វា ឬ អត់ប៉ុណ្ណោះ។

២. ធ្វើជាខ្លួនឯង កុំខ្វល់ពីសម្ដីអ្នកដទៃ

មនុស្សមួយចំនួនមានហ៊ានក្នុងការបង្ហាញពីភាពជាខ្លួនឯងពិតប្រាកដឲ្យអ្នកដទៃឃើញនោះទេ ដោយហេតុថាខ្លាចត្រូវបានមនុស្សក្នុងសង្គមវាយតម្លៃមកលើអាកប្បកិរិយារបស់ខ្លួន។ ផ្ទុយទៅវិញ Mr. Bean គាត់ធ្វើអ្វីដែលគាត់គិតថាសប្បាយចិត្តដោយមិនខ្វល់ថាមនុស្សក្នុងសង្គមគិតយ៉ាងម៉េចមកលើគាត់។ នេះអាចបញ្ជាក់ឲ្យឃើញថា ភាពរីករាយគឺស្ថិតនៅលើខ្លួនយើង មិនស្ថិតនៅលើអ្នកដទៃ ឬ គំនិតរបស់អ្នកដទៃនោះទេ។

៣. ភាពរីករាយជាជម្រើសរបស់យើង

ក្នុងរឿងកំប្លែង យើងតែងតែឃើញ Mr. Bean រីករាយស្ទើរតែគ្រប់ពេល ហើយបើសិនជាគាត់មិនសប្បាយចិត្តទេ គាត់តែងរកគ្រប់វិធីដើម្បីធ្វើឲ្យខ្លួនគាត់សប្បាយចិត្ត។ យើងអាចសន្និដ្ឋានបានថា ភាពរីករាយមិនមែនចេះតែកើតឡើងឯងៗនោះទេ តែយើងត្រូវចេះបង្កើតវាឡើង។

៤. ធ្វើច្រើនជាងនិយាយ

បើតាមរយៈរឿងកំប្លែងរបស់ Mr. Bean គាត់មិនសូវជានិយាយប៉ុន្មានទេ តែគាត់ប្រើកាយវិការច្រើនជាងនិយាយ។ ទោះជាគាត់មិននិយាយ តែគ្រប់រឿងកំប្លែងរបស់គាត់ គាត់ប្រើកាយវិការ ដែលទោះបីជាជាតិសាសន៍ណាក៏អាចមើលរឿងកំប្លែងរបស់គាត់យល់ដែរ។ ចំនុចនេះក៏អាចបញ្ជាក់បានថា មិនប្រាកដថាការដែលនិយាយច្រើនជារឿងដែលល្អនោះទេ បើគ្មានសកម្មភាពជាក់ស្ដែងមកបញ្ជាក់។ ដូចទៅហ្នឹងពាក្យមួយឃ្លាជាភាសាអង់គ្លេសថា “Actions speak louder than words” ។

ក្រោយពីបានស្វែងយល់ពីជីវប្រវត្តិ និងមេរៀនជីវិតមួយចំនួនដែលបានដកស្រង់ចេញពីការសម្ដែងរបស់ Mr. Bean រួចមក សង្ឃឹមថាអ្នកទាំងអស់គ្នាអាចយកវាជាបទពិសោធ ក៏ដូចជាមេរៀនក្នុងជីវិត ហើយយកវាទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានផងដែរ។

សូមអានបន្ថែម៖

  1. https://www.biography.com/people/rowan-atkinson-9191636
  2. https://www.totalphase.com/blog/2016/04/mr-bean-electrical-engineer/
  3. https://gineersnow.com/engineering/rowan-atkinson-electrical-engineering-worldwide-comedy

បុគ្គលិកលក្ខណៈក្នុងភាពជាអ្នកដឹកនាំរបស់​លោក លី ក្វាន់ យូ

មនុស្សភាគច្រើនប្រាកដជាបានស្គាល់នាយករដ្ឋមន្ដ្រីទីមួយរបស់ប្រទេសសិង្ហបុរីគឺ លោក លី ក្វាន់ យូ(Lee Kuan Yew)។ លោក លី ក្វាន់ យូ កើតនៅក្នុងគ្រួសារចិនដែលជាអ្នកមានទ្រព្យរស់នៅក្នុងប្រទេសសិង្ហបុរីតាំងពីសតវត្សរ៍ទី ១៩ ហើយបន្ទាប់ពីសង្រ្គាមលោកលើកទី ២ លោកបានទៅសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យ Fitzwilliam នៅ Cambridge ចក្រភពអង់គ្លេស។ ថ្វីត្បិតតែគាត់បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ ប៉ុន្តែកិត្តិស័ព្ទរបស់លោកនៅតែត្រូវបានគេទទួលស្គាល់ស្ទើរគ្រប់ទីកន្លែង ដោយសារតែគាត់ជានាយករដ្ឋមន្រ្ដីដែលកាន់តំណែងយូរបំផុត(១៩៥៩-១៩៩០) ហើយបានធ្វើឲ្យប្រទេសសិង្ហបុរីក្លាយជាប្រទេសដែលរីកចម្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ យើងអាចសិក្សាពីភាពជាអ្នកដឹកនាំរបស់គាត់តាមរយៈ ៖

ប្រភព៖ ក្របសៀវភៅ The Singapore Story: Memoirs of Lee Kuan Yew

១. ភាពស្មោះត្រង់

គុណសម្បត្តិដ៏លេចធ្លោបំផុតរបស់គាត់គឺ ភាពស្មោះត្រង់។ គាត់មិនដែលភ័យខ្លាចពេលដែលគាត់និយាយពាក្យពិត ទោះបីជាវាអាចប៉ះពាល់ដល់អ្នកណាក៏ដោយ។ គាត់ក៏ធ្លាប់បាននិយាយថា “I have been accused of many things in my life, but not even my worst enemy has ever accused me of being afraid to speak my mind.” ដែលមានន័យថា “ខ្ញុំត្រូវបានគេចោទប្រកាន់ពីរឿងជាច្រើនក្នុងមួយជីវិតរបស់ខ្ញុំ ប៉ុន្តែសូម្បីតែសត្រូវដ៏អាក្រក់របស់ខ្ញុំក៏មិនដែលធ្លាប់បានចោទខ្ញុំពីការភ័យខ្លាចក្នុងការនិយាយពីគំនិតរបស់ខ្ញុំនោះទេ។”

ពិតណាស់ដែលអ្នកខ្លះប្រហែលជាមានការអាក់អន់ចិត្តជាមួយនឹងការរិះគន់ចំៗពីយើង ប៉ុន្តែនេះក៏ជាហេតុដែលធ្វើមនុស្សជាច្រើនជឿទុកចិត្តលើយើង ហើយវាជាគន្លឺះសម្រាប់មេដឹកនាំផងដែរ ។

២. ការរៀបចំផែនការ

ដោយការមើលឃើញពីសារៈសំខាន់មួយចំនួន លោក លី ក្វាន់ យូ បានរៀបចំគោលដៅរយៈពេលវែងសម្រាប់ការដឹកនាំប្រកបដោយភាពជោគជ័យបន្សល់ទុកដល់អ្នកជំនាន់ក្រោយមុនពេលដែលគាត់លាលែងពីតំណែងជានាយករដ្ឋមន្រ្តី។ ជាការពិត ភាពជោគជ័យគឺមិនមានទេ បើគ្មានអ្នកស្នងតំណែង។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ គួរតែមានចិត្តទូលាយក្នុងការចែករំលែកបទពិសោធន៍ និងដំបូន្មានដល់អ្នកជំនាន់ក្រោយ ដើម្បីបន្តការរីកចម្រើនទៅមុខទៀត។

រូបថតរបស់ Eric Tay។
ប្រភព៖ អនាមិក

៣. មិនងាយចុះចាញ់

លោក លី ក្វាន់ យូ ធ្លាប់បានឆ្លងកាត់ដំណាក់កាលដ៏លំបាកកំឡុងពេលនៃការបែងចែករវាងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ ទោះជាជូបការបរាជ័យ គាត់មិនបានបោះបង់ចោលដែរ ប៉ុន្តែគាត់ថែមទាំងបានពង្រឹងការតាំងចិត្តរបស់គាត់ និងបន្តជឿជាក់ថាគាត់នឹងអាចអភិវឌ្ឍប្រទេសសិង្ហបុរីឲ្យបានតាមការរំពឹងទុករបស់គាត់។ វាពិតណាស់ដែលមេដឹកនាំត្រូវមានការបេ្ដជ្ញាចិត្តយ៉ាងមុតមាំ មិនថាក្នុងកាលៈទេសៈណាទេ។ នរណាក៏អាចដឹកនាំបានដែរ ប៉ុន្តែអាចក្លាយជាអ្នកដឹកនាំល្អ ឬ អត់ វាអាស្រ័យលើការតស៊ូមិនចុះចាញ់ទោះមានឧបសគ្គលំបាក។

៤. ការផ្ដល់ឱកាសសម្រាប់មនុស្សគ្រប់គ្នា

វិសមភាពនៅក្នុងសង្គមនៅតែជាកត្តាដែលមិនអាចជៀសបាន ប៉ុន្តែលោក លី ក្វាន់ យូ បានប្រកាន់គោលជំហរថា មនុស្សជនជាតិណាក៏មានឱកាសក្លាយទៅជាមនុស្សដែលមានសក្ដានុពល ក្លាយជាចំណែកមួយរបស់ប្រទេសសិង្ហបុរីដែរ។ គាត់មិនអនុញ្ញាតឲ្យការប្រកាន់ពូជសាសន៍កើតមាននៅក្នុងប្រទេសរបស់គាត់នោះទេ ដោយគាត់ជឿជាក់ថា ក្នុងសង្គមមួយ មនុស្សមិនគួរត្រូវបានគេឲ្យតម្លៃយោងទៅលើពូជសាសន៍ ធនធានទ្រព្យសម្បត្តិនោះទេ ប៉ុន្តែគួរតែត្រូវបានគេឲ្យតម្លៃអាស្រ័យលើការចូលរួមចំណែករបស់ពួកគេនៅក្នុងសង្គមដោយកម្លាំងកាយ និងប្រាជ្ញាស្មារតី។

លោក លី ក្វាន់ យូ ពិតជាបុគ្គលដ៏គួរឲ្យកោតសរសើរ មិនថាចំណេះដឹង ឬ របៀបនៃការដឹកនាំរបស់គាត់ ដែលយើងអាចយកគាត់ជាគំរូ ជាពិសេសគឺ ភាពជាអ្នកដឹកនាំរបស់គាត់។ មិនថាការដឹកនាំប្រទេស សង្គម គ្រួសារ យើងអាចយករបៀបដឹកនាំរបស់គាត់មកធ្វើជាគំរូបាន។

ឯកសារយោងមួយចំនួនដែលអ្នកអាចចូលអានបន្ថែមបាន៖

  1. Key Leadership Lessons from the Late Mr. Lee Kuan Yew | (2018). Justlogin. Retrieved from https://justlogin.com/key-leadership-lessons-from-the-late-mr-lee-kuan-yew-the-visionary-leader-who-fashioned-singapore-as-we-know-it/
  2. Lee Kuan Yew – Leadership Transformed Singapore – BUSINESS & LEADERSHIP. (2018). BUSINESS & LEADERSHIP. Retrieved from https://www.businessandleadership.com/leadership/item/lee-kuan-yew-leadership-transformed-singapore/
  3. Yew, L. (2018). Lee Kuan Yew. Biography. Retrieved from https://www.biography.com/people/lee-kuan-yew-9377339

 

 

ប្រភព៖ Channel News Asia

មច្ចុរាជតាមដងផ្លូវ

ខ្ញុំមានសេចក្តីតក់ស្លុតជាខ្លាំងនៅពេលណាខ្ញុំបើកបណ្តាញសង្គមហ្វេសប៊ុកម្តងៗបានឃើញពត៌មានគ្រោះថ្នាក់ចរាចរណ៍ខ្លះដាច់ក្បាលដាច់ខ្លួន ចោរឆក់កាបូបដួលស្លាប់ក្នុងថ្លុកឈាមពាសពេញផ្លូវ បើកបរបញ្ច្រាស់ទិស បើកបរក្នុងស្ថានភាពស្រវឹង បើកឡានដេញវាយគ្នាដូចក្នុងរឿងភាគហុងកុង។

វាជារឿងដ៏គួរឲ្យសង្វេគជាខ្លាំងដែលយុវជនយុវនារីរបស់យើងដែលធ្វើដំណើរតាមដងផ្លូវមកត្រូវរងគ្រោះដោយសារមច្ចុរាជឥតប្រណីបែបនេះ។ តាមពិតទៅ សុវត្ថិភាពផ្លូវថ្នល់គួរត្រូវបានធានាដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបមានសន្តិភាពផ្លូវចិត្តនៅពេលចេញចរយាត្រាជិតឆ្ងាយម្តងៗ។ ជាអកុសល មានជនរងគ្រោះជាច្រើនបានស្លាប់បាត់បង់ជីវិត ខ្លះពិការអស់មួយជីវិតដោយសារតែយមរាជតាមផ្លូវថ្នល់នេះឯង។ យើងសង្កេតឃើញថា បច្ចុប្បន្នមានការរឹតបណ្ដឹងច្បាប់ចរាចរណ៍ ដូចជា បង្កើនការយាមល្បាតតាមដងផ្លូវ ពីសំណាក់សមត្ថកិច្ចចរាចរណ៍ផ្លូវគោក ការតម្លើងភ្លើងសញ្ញាចរាចរណ៍ថ្មីតាមស្ដុបនីមួយៗ ការគូសគំនូសខណ្ឌចែកផ្លូវជាដើម ដើម្បីរក្សាសុវត្ថិភាព និងបង្កភាពងាយស្រួលជូនអ្នកដំណើរ។ ស្របពេលដែលការរឹតបណ្តឹងច្បាប់មានការកើនឡើង ករណីដូចជា ការមិនពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់នៅតែកើតមាន។ នេះក៏ជាហេតុដែលបង្កឲ្យអ្នកបើកបរដែលមិនគោរពច្បាប់ភាគច្រើន អាចជួបគ្រោះថ្នាក់ដល់ខ្ឡួនឯង​ និងអ្នកដទៃដោយសារ​ការគេចវេសពីសមត្ថកិច្ចដែលឈរត្រួតពិនិត្យ​ទៅលើអ្នកបើកបរតាមដងផ្លូវ។

បើតាមការចេញផ្សាយរបស់កាសែតភ្នំពេញបុស្តិ័ និងកម្ពុជាថ្មីបានឲ្យដឹងថារយៈពេលបួនឆ្នាំចុងក្រោយបានករណីគ្រោះថ្នាក់ចរាចរណ៍លើសពី ៣០០០ករណីក្នុងមួយឆ្នាំៗដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសរាប់ពាន់នាក់ផងដែរ (រូបភាពទី១) ដែលនេះជាអត្រាគ្រោះថ្នាក់ដល់ខ្ពស់បំផុតមួយលើពិភពលោក។​  បើតាមការចុះផ្សាយរបស់វីអូអេ ដោយស្រង់យកលទ្ធផលសិក្សារបស់ Handicap International ក្នុងឆ្នាំ ២០១៣ គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យរាជរដ្ឋាភិបាលកម្ពុជាខាតបង់ ៣៣៧ លានដុល្លាក្នុងឆ្នាំនោះ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP)។

រូបភាពទី១ របាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ទិន្នន័យដកស្រង់ពី A) កាសែរកម្ពុជាថ្មី និង B) ភ្នំពេញបុស្តិ៍។

មានមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនដូចជា ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការបើកប្រជែង បើកបរក្នុងស្ថានភាពស្រវឹង បត់មិនប្រយ័ត្ន បញ្ហាសុខភាព កត្តាយានយន្ត កត្តាផ្លូវ និងកត្តាផ្សេងៗជាច្រើនទៀត (រូបភាពទី ២)។

រូបភាពទី ២ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ទិន្នន័យដកស្រង់ពី A) កាសែតកម្ពុជាថ្មី។

គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែអាចបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈ ហើយត្រូវចំណាយលើការព្យាបាលផ្សេងៗទៀតផង។​បើជិះម៉ូតូ សូមពាក់មួកសុវត្ថិភាព មើលឆ្វេងស្តាំមុននឹងបត់ កុំជិះទន្ទឹមគ្នាដែលនាំឲ្យប៉ះដៃចង្កូតគ្នាដួល ហើយបើសិនជាអាចចូរប្រយ័ត្នប្រយែងបើមានកាបូបយួរដៃ ឬពាក់គ្រឿងអលង្ការ។ ចំពោះអ្នកជិះរថយន្ត ឬរឺម៉កកុំអាងខ្លួនធំមិនគិតពីអ្នកដទៃ កុំបើកបរក្នុងស្ថានភាពស្រវឹង។ ដូច្នេះហើយ សូមបងប្អូនមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ ហើយសូមបើកបរដោយមានទំនួលខុសត្រូវ ចៀសវាងបង្កគ្រោះថ្នាក់មិនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកដទៃដែលមិនអ្វីសោះនោះទទួលនូវផលលំបាកដោយសារយើងផងដែរ។

អត្ថបទដោយ៖

លោក  អ៊ុក សុវណ្ណារ៉ា, និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ  (TIT)

កញ្ញា ពុធ សម្ផស្សចរិយា, និស្សិតវិទ្យាស្ថានភាសាបរទេស (IFL)

ឯកសារយោង

A. http://kampucheathmey.com/kpt/?p=120579

B. https://www.phnompenhpost.com/national/nearly-1800-die-roads-2017

C. https://www.voanews.com/a/traffic-accidents-are-leading-cause-of-death-in-cambodia/3403777.html