Tag Archives: ប្រឡង

ខំប្រឹងរៀន ប៉ុន្តែអ្នកប្រឡងមិនសូវបានពិន្ទុច្រើនមែនទេ?

 

នៅក្នុងថ្នាក់រៀនតែងតែមានសិស្សដែលខំប្រឹងរៀននិងមិនសូវខិតខំរៀន ហើយនៅពេលប្រឡង ពួកគេតែងតែមិនសប្បាយចិត្តនឹងពិន្ទុរបស់ខ្លួនទៅលើការឆ្លើយសំនួរត្រិះរិះ (open questions)។ មានប្រភេទសិស្សមួយដែលខំប្រឹងរៀនហើយ នៅតែបានពិន្ទុទាប ជួនកាលពួកគេឆ្ងល់ថាហេតុអ្វីសិស្សដែលមិនសូវខំរៀនដូចខ្លួនបែរជាប្រឡងបានពិន្ទុច្រើនជាងខ្លួនទៅវិញ។ ទាំងនេះមានមូលហេតុ៣យ៉ាងដែលសិស្សខំរៀនមើលរំលង៖

មូលហេតុទី១៖

អក្សរដៃស្អាត គឺជាកត្តាសំខាន់បំផុតនៅពេលប្រឡង ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការអានដល់លោកគ្រូអ្នកគ្រូនៅពេលពួកគាត់កំពុងកែ។ សិស្សដែលខំរៀនមួយចំនួន រៀនពូកែប៉ុន្តែមិនមានអក្សរដៃស្អាត ដែលជាហេតុធ្វើឲ្យពួកគេអាចបាត់បង់ពិន្ទុមួយចំនួន ចំណែកឯសិស្សមិនសូវខិតខំរៀនវិញអាចទទួលបានពិន្ទុច្រើនសមល្មម ប្រសិនបើពួកគេមានអក្សរដៃស្អាតចេះសរសេរអោយគ្រូងាយស្រួលយល់។ ប្រសិនបើអ្នកចង់ឆ្លើយសំនួរត្រិះរិះបានពិន្ទុច្រើនជាពិសេសអ្នកដែលរៀនមុខវិជ្ជាវិទ្យាសាស្រ្តសង្គម គួរតែព្យាយាមកែរអក្សរដៃរបស់ខ្លួនដែលមិនស្អាត។

មូលហេតុទី២៖

ការប្រើប្រាស់ទម្រង់សំនេរពិភាក្សាដោយមាន ហេតុ (premise) និង ការសន្និដ្ឋាន (conclusion) បានល្អ គឺជាសំនេរដ៏ល្អបំផុតសម្រាប់ធ្វើឲ្យគ្រូជឿលើការពិភាក្សារបស់អ្នក។ សិស្សខំរៀនមួយចំនួនពូកែរៀន (getting input) ប៉ុន្តែមិនពូកែពន្យល់ (output expression) អ្វីដែលខ្លួនបានរៀន។ នេះជាហេតុដែលធ្វើឲ្យពួកគេប្រឡងបានពិន្ទុមិនសូវច្រើន។ សូមមើលគំរូទម្រង់សំនេរពិភាក្សាខាងក្រោម៖

 

មូលហេតុទី៣៖

ការឆ្លើយចំចំនុចដែលគ្រូចង់បាន ក៏ជាកត្តាចាំបាច់ផងដែរ។ មានគ្រូពីរប្រភេទដែលអ្នកត្រូវដឹង។ ប្រភេទគ្រូទី១ជាប្រភេទគ្រូដែលរំពឹងថាសិស្សនឹងឆ្លើយសំនួរនូវអ្វីដែលពួកគាត់បានបង្រៀន និងប្រភេទទី២ជាប្រភេទគ្រូដែលចង់ឲ្យសិស្សសិក្សាស្រាវជ្រាវខ្លួនឯងបានច្រើននិងឆ្លើយសំនួរដោយមានគំនិតថ្មីគួរឲ្យចាប់អារម្មណ៍និងត្រឹមត្រូវ។

សន្មត់ថាអ្នកពូកែអានសៀវភៅច្រើននិងខិតខំរៀនស្រាវជ្រាវខ្លួនឯងបានច្រើន អ្នកនឹងប្រឡងបានពិន្ទុច្រើនជាមួយប្រភេទគ្រូទី២នៅពេលអ្នកប្រើចំណេះដឹងលើសអ្វីដែលគាត់បានបង្រៀន ប៉ុន្តែបើសិនអ្នករៀនជាមួយប្រភេទគ្រូទី១វិញ អ្នកត្រូវប្រយ័ត្នបន្តិចទៅលើការប្រើប្រាស់ ពាក្យគន្លឹះ (key terms) ចំៗដូចអ្វីដែលអ្នកបានរៀនពីពួកគាត់។ បើសំនេររបស់អ្នកមិនដូចអ្វីដែលពួកគាត់បានបង្រៀននោះទេ ទោះជាអ្នកប្រើចំណេះដឹងប្រភពក្រៅបានច្រើនប៉ុណ្ណាក៏ដោយ អ្នកមិនអាចយកពិន្ទុច្រើនឡើយ។

មានសិស្សដែលខំប្រឹងរៀនមួយចំនួនចូលចិត្តប្រើប្រភពចំណេះដឹងដែលខ្លួនបានរៀនពីខាងក្រៅយកមកសរសេរជាចម្លើយច្រើន ដែលនេះមិនគួរយកមកប្រើប្រាស់ជាមួយគ្រូប្រភេទទី១ឡើយ។ ដូចនេះអ្នកត្រូវស្វែងយល់ពីគ្រូរបស់អ្នកឲ្យបានច្រើន ហើយព្យាយាមសរសេរនូវអ្វីដែលគ្រូរបស់អ្នកបានបង្រៀនផង និងបន្ថែមចំណេះដឹងថ្មីទៀតនោះ អ្នកនឹងឆ្លើយសំនួរដែលបានពិន្ទុច្រើនជាមិនខាន។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

 

 

តើធ្វើយ៉ាងណាទើបអាចទទួលបានជោគជ័យក្នុងការប្រឡង?

សិស្ស ឬនិស្សិតស្ទើរតែគ្រប់រូបតែងតែជួបប្រទះនូវបញ្ហាស្រ្តេសកំឡុងពេលខំប្រឹងរៀនត្រៀមប្រឡង។ អ្នកខ្លះប្រឹងរៀនដាច់យប់ ចំណែកឯអ្នកខ្លះទៀតប្រឹងរៀនរហូតដល់ឈឺក៏មាន។​ ប៉ុន្តែអ្នកត្រូវចាំថា ការសម្រុករៀនខ្លាំងពេកមិនធ្វើឲ្យអ្នកទទួលបានលទ្ធផលល្អនោះទេ ដូច្នេះហើយអ្នកត្រូវដឹងពីរបៀបរៀនយ៉ាងណាមិនធ្វើឲ្យធុញ ព្រមទាំងអាចធ្វើឲ្យទទួលបានលទ្ធផលល្អនៅពេលប្រឡង។

១. កុំពន្យារពេល៖

កុំអូសបន្លាយពេលវេលា កុំទុកអ្វីដែលត្រូវរៀនរហូតជិតដល់ពេលវេលាត្រូវប្រឡង។ ខួរក្បាលរបស់អ្នកមិនមែនម៉ាស៊ីននោះទេ ដូច្នេះហើយវាមិនអាចផ្ទុកមេរៀនច្រើនលើសលប់នៅក្នុងរយៈពេលខ្លីនោះឡើយ។ អ្នកគួររៀនជារៀងរាល់ថ្ងៃ តាមកាលវិភាគដែលបានកំណត់ទុក។

២. រៀបចំកាលវិភាគ៖

អ្នកគួរធ្វើកាលវិភាគមួយដែលច្បាស់លាស់ ព្រោះវាជួយឲ្យអ្នកមានទាំងទម្លាប់ល្អ និងជួយឲ្យអ្នកទទួលបានលទ្ធផលល្អនៅពេលប្រឡង។

៣. រៀបចំកន្លែងរៀនឲ្យស្អាត៖

កន្លែងរៀនរបស់អ្នកគួរតែរៀបចំឲ្យមានរបៀបរៀបរយជាប្រចាំ ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ និងរៀនឆាប់ចូល។

៤. ងើបដើរនៅពេលដែលមានអារម្មណ៍ស្រ្តេស៖

ពិតណាស់ប្រសិនបើអ្នកអង្គុយរៀនយូរ ហើយមានអារម្មណ៍ថាតានតឹង ឬស្រ្តេស អ្នកគួរតែងើបឡើងដើម្បីដើរឲ្យបាន១០​ទៅ១៥នាទី វាជួយសម្រួលដល់ដៃ ជើង និងជួយធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរឡើង។

៥. គេងឲ្យបានគ្រប់គ្រាន់៖

អ្នកសិក្សាខ្លះអាចមើលរំលងចំណុចនេះ ប៉ុន្តែត្រូវចាំថាការគេងឲ្យបានគ្រប់គ្រាន់ជាកត្តាសំខាន់បំផុតដើម្បីឲ្យខួរក្បាលបានសម្រាក និងមានភាពជ្រះថ្លានៅពេលភ្ញាក់ឡើង នាពេលនោះយើងក៏អាចនឹកឃើញចម្លើយល្អៗនៅក្នុងពេលប្រឡងផងដែរ។

៦. ស្វែងរកចំណុចសំខាន់នៃមេរៀន៖

យើងត្រូវចេះក្តោបយកចំណុចសំខាន់នៅក្នុងមេរៀននីមួយៗ ព្រោះការធ្វើបែបនេះវាជួយឲ្យយើងបានចំណេញពេលវេលាមើលមេរៀនផង ព្រមទាំងមានឱកាសទទួលបានពិន្ទុល្អលើសគេផងដែរ។