Tag Archives: Hitler

ហេតុអ្វីហ៊ីត្លែរចង់បានសង្គ្រាមលោកនៅអឺរ៉ុប?

មូលហេតុទី១៖ ភាពអាម៉ាស

បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី១ វាជាការអាម៉ាសជាទីបំផុតសម្រាប់ជនជាតិអាល្លឺម៉ង់ ដែលត្រូវគេបន្ទោសជេស្តី ទទួលរ៉ាប់រងការខូចខាតសង្គ្រាមលោកលើកទី១ និងត្រូវប្រទេសដទៃត្រួតត្រាលើកងទ័ពរបស់ខ្លួន។ សន្ធិសញ្ញាទីក្រុង វឺសៃ (Treaty of Versailles) បានបង្ខំអោយប្រទេសអាល្លឺម៉ង់ទទួលយកកិច្ចព្រមព្រាង៤ចំណុចដែលប្រជាជនអាល្លឺម៉ង់មិនអាចទទួលយកបាន នោះគឺ៖

ទី១៖ អាល្លឺម៉ង់គួរតែទទួលកំហុសថាខ្លួនជាអ្នកចាប់ផ្តើមសង្គ្រាមលោកលើកទី១។

ទី២៖ អាល្លឺម៉ង់មិនអនុញ្ញាតអោយមានកងទ័ពច្រើនឡើយ។ មិនអោយប្រើ រថពាសដែក យន្តហោះចម្បាំង និងនាវាមុជទឹក។ ហើយតំបន់ រីនលែន (Rhineland) ត្រូវតែដកទ័ពចេញ។

ទី៣៖ អាល្លឺម៉ង់ត្រូវបង់ថ្លៃខូចខាតដោយសារសង្គ្រាមចំនួន ៦៦០០ លានផោន។

ទី៤៖ ទឹកដីដែលអាល្លឺម៉ង់បានយកពីប្រទេសដទៃត្រូវសងអោយគេវិញ ហើយមិនអោយរួបរួមជាមួយ អូទ្រីស។

លក្ខណ្ឌទាំងនេះធ្វើអោយប្រជាជនអាល្លឺម៉ងមិនសប្បាយចិត្តជាខ្លាំងព្រោះក្រោយសង្រ្គាមលោកលើកទី១ ប្រទេសអាល្លឺម៉ង់ជួបវិបត្តិសេដ្ឋកិច្ច និងមានអតិផរណាខ្ពស់។ ហេតុដូចនេះហើយ នៅពេលហ៊ីត្លែឡើងកាន់អំណាច គាត់បានសន្យាថានឹងលុបបំបាត់ភាពអាម៉ាសនេះអោយប្រទេសអាល្លឺម៉ង់ និងពង្រឹងកងទ័ពឡើងវិញ។ មិនតែប៉ុណ្ណោះ គាត់មានបំណងចង់អោយជនជាតិអាល្លឺម៉ង់ដែលជាពូជអម្បូរអារីយ៉ាន ពង្រីកអំណាចឡើងវិញនៅអឺរ៉ុប។

មូលហេតុទី២៖ ជាតិនិយម

បន្ទាប់ចាញ់សង្គ្រាមលោកលើកទី១ ជាតិនិយមបានធ្វើអោយជនជាតិអាល្លឺម៉ង់ពង្រឹងអំណាចនិងគាំទ្រហ៊ីត្លែជាខ្លាំង។ ក្នុងនោះហ៊ីត្លែមានបំណងចង់ដណ្តើមទឹកដីដែលបាត់ត្រឡប់មកវិញ និងសងសឹកជនជាតិដែលបានប្រមាថអាល្លឺម៉ង់។ ក្រោយអាល្លឺម៉ង់ចាញ់សង្គ្រាមលោកលើកទី១ ហ៊ីត្លែបានទទួលយកគំនិតស្អប់ជនជាតិ Jewish ជាខ្លាំងព្រោះគាត់យល់ថាអាល្លឺម៉ង់ចាញ់សង្គ្រាមដោយមានមនុស្សក្បត់ពីក្រោយ គឺចលនាបដិវតកុម្មុយនីសរបស់ជនជាតិ Jewish ដែលបានក្បត់អាល្លឺម៉ង់ក្នុងទឹកដីរបស់ខ្លួន។ ក្រៅពីនេះ ហ៊ីត្លែក៏មានគំនិតបែងចែកពូជសាសន៍ថាជនជាតិអាល្លឺម៉ង់គឺជាជនជាតិអស្ចារ្យជាងគេលើជនជាតិដទៃនៅអឺរ៉ុប។

មូលហេតុទី៣៖ ភាពឈឺចាប់របស់ខ្លួន

ក្រោយចាញ់សង្រ្គាមលោកលើកទី១ ដោយសារតែហ៊ីត្លែធ្វើការរើបំរាស់ប្រឆាំងនឹងការទទួលយកសន្ធិសញ្ញាទីក្រុងវឺសៃ ដែលផ្តល់ភាពអាម៉ាសដល់អាល្លឺម៉ង់ និងធ្វើរដ្ឋប្រហារប្រឆាំងរបបសាធារណរដ្ឋ វេម៉ា (Weimar Republic) ហ៊ីត្លែត្រូវបានចាប់ខ្លួននឹងដាក់ពន្ធធនាគារអស់រយៈពេល៥ឆ្នាំ។ ថ្វីត្បិតហ៊ីត្លែមិនបានជាប់គុកដល់៥ឆ្នាំមែន ប៉ុន្តែក្នុងឆ្នាំដែលគាត់កំពុងនៅក្នុងគុក គាត់បានសរសេរសៀវភៅមួយក្បាលឈ្មោះថា Mein Kampf ដែលមានន័យថា My Struggle (ការរើបំរាស់របស់ខ្ញុំ) ហើយក្នុងសៀវភៅនោះបានបង្កប់នូវឃ្លានិងទ្រឹស្តីស្អប់ខ្ពើមជនជាតិ Jewish និងប្រកាន់ជាតិសាសន៍ដទៃ។ ការជាប់គុករឹតតែធ្វើអោយហ៊ីត្លែមានកំហឹង និងចងគំនុំជាខ្លាំងលើជនជាតិដែលនៅជុំវិញអាល្លឺម៉ង់។

មូលហេតុទី៤៖ ឱកាសពង្រីកអំណាចឡើងវិញ

ហ៊ីត្លែបានប៉ានស្មានថា បើគាត់ចេះប្រើនយោបាយការបរទេសបានល្អ និងមើលស្ថានភាពបដិវត្តកុម្មុយនីសក្នុងទ្វីបអឺរ៉ុបជាប់លាប់ គាត់អាចឆ្លៀតឱកាសពង្រីកទ័ពឡើងវិញ។ ក្រោយចាញ់សង្គ្រាមលោកលើកទី១ ប្រទេសអង់គ្លេស និងបារាំង គិតថាអាល្លឺម៉ង់បានចុះទន់ខ្សោយហើយ។ ហ៊ីត្លែបានយកលេសពង្រីកកងទ័ព ដើម្បីប្រឆាំងនឹងបដិវត្តកុម្មុយនីសប៉ុណ្ណោះ ហើយប្រទេសអង់គ្លេសនិងបារាំងក៏យល់ព្រម។ នៅខែកញ្ញា ១៩៣៩ ហ៊ីត្លែបានចូលវាយដណ្តើមយកទឹកដី Sudentenland ពីប្រទេសឆេកូស្លូវ៉ាគីវិញ ដោយទង្វើនេះក៏ចង់សាកល្បងចិត្តរបស់រដ្ឋាភិបាលអង់គ្លេសនិងបារាំងផងដែរ។ នៅពេលអង់គ្លេសនិងបារាំងមិនហ៊ានប្រើទ័ពលើអាល្លឺម៉ង់ តែបែជាចរចារទៅវិញ នេះបានធ្វើអោយហ៊ីត្លែកាន់តែមានសង្ឃឹម។ ហ៊ីត្លែបានរៀបគម្រោងចងសម្ព័ន្ធមិត្តជាមួយប្រទេសអ៊ីតាលី ជប៉ុន និងរុស្ស៊ី ក្នុងគោលបំណងជួយទ័ពណាស៊ីសរបស់អាល្លឺម៉ង់។ ប្រទេសប៉ូញឡូញគឺជាប្រទេសភូមិសាស្រ្តនៅទ្វីបអឺរ៉ុប បានសេចក្តីថាប្រសិនបើអាល្លឺម៉ង់អាចយកប៉ូញឡូញបាន នោះអំណាចរបស់អាល្លឺម៉ង់នឹងកាន់តែខ្លាំង។ ដោយសារតែបែបនេះហើយទើបហ៊ីត្លែចូលវាយប៉ូញឡូញ ដែលធ្វើអោយប្រទេសអង់គ្លេសនិងបារាំងប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ និងចាប់ផ្តើមសង្គ្រាមលោកលើកទី២។

Article by Sor Virakdara (Translated into Khmer by Ahladang)