Tag Archives: United Nations

សៀវភៅ៖ ពីក្រុងភ្នំពេញ ទៅញូវយ៉ក តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?

«ពីក្រុងភ្នំ​ពេញ​​ ទៅញូវយ៉ក ​តើ​គេ​​ធ្វើ​អ្វី​ខ្លះ​​​នៅអង្គការសហប្រជាជាតិ?» គឺជាចំណងជើងនៃសៀវភៅមួយដ៏ថ្មីស្រឡាង ត្រូវបានចេញផ្សាយជាសាធារណៈហើយ កាលពីថៃ្ងអង្គារ៌ ពុធនេះ ។

លោក យោងចាន់ សុភារ ជាអ្នកការទូតវ័យក្មេងមួយរូប ប្រចាំនៅអង្គការសហប្រជាជាតិ បានចំណាយពេលជិត២ឆ្នាំ ទម្រាំសរសេរសៀវភៅមួយក្បាលនេះចប់។

​នៅក្នុងសៀវភៅដែលមានរំលេចក្របខាងមុខ ដោយស្លាកអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ លោក យោងចាន់ សុភារ បាន​និយាយប្រាប់ថា ក្រៅពីរៀបរាប់ពីការងារការទូត​ និងកិច្ចការដ៏ចាក់ស្រេះនៅអង្គការ​សហ​ប្រជាជាតិ លោកក៏បានបរិយាយ​ពី​ការប្រជែងអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិរវាងរដ្ឋាភិបាល​កម្ពុជា​​ពេល​នោះ និងក្រុមខ្មែរ​ក្រហម អំពីដំណើរការក្តីក្តាំនៃប្រាសាទព្រះវិហារជាមួយថៃ និងការ​សុំខ្ចី​ផែនទីកម្ពុជានៅ UN មក​ផ្ទៀង​ផ្ទាត់​នៅភ្នំពេញ ដែលរូបលោកផ្ទាល់បានសួរនាំនៅបណ្ណាល័យ Dag Hammarskjold នៅក្រុង​ញូវយ៉ក តាមការណែនាំពីរាជរដ្ឋាភិបាលក្រុងភ្នំពេញ។

លោក​បានបន្ថែមថា បើចង់ដឹងថា ការជ្រើសរើសអគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិ​យ៉ាងដូចមេ្តច តើគាត់មា​ន​អំណាច​ដូចជា នាយករដ្ឋមន្រ្តីនៃប្រទេស​មួយ​ដែរឬទេ? និងបើចង់ដឹងថា សេចក្តីសម្រេចនៅមហាសន្និបាត និងនៅក្រុម​ប្រឹក្សាសន្តិសុខ មានទម្ងន់ដូចគ្នាឬទេ? និងបោះឆ្នោតគេយកសំឡេងបែបម៉េច? ចរចាបែបណា និង​ពាក់ព័ន្ធ​អ្វីខ្លះសំរាប់កម្ពុជា និងកម្ពុជាមានបានដាក់បេក្ខភាពអ្វីខ្លះ​នៅ​អង្គការ​សហ​ប្រជាជាតិ? សូមស្វែង​រក​​អាន​​សៀវ​ភៅខាង​លើនេះ។

លោក យោងចាន់ សុភារ បានឆ្លងកាត់ជាអ្នកការទូតទៅបំពេញបេសកកម្ម នៅក្រុងញូយ៉កអស់ រយៈពេល៦ឆ្នាំ​ បូករួម​ទាំងអណ្ណតិទី១ កាល​ពីឆ្នាំ២០០៥។ បច្ចុប្បន្នលោក ជាប្រធាននាយកដ្ឋាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ និងលោកក៏ជា​សាស្រ្តាចារ្យ​ក្រៅម៉ោង ​នៅ​សាកល​វិទ្យា​ល័យភូមិន្ទ​​ភ្នំពេញ នៃដេប៉ាតដឺម៉ង់សិក្សា​អន្តរជាតិ។

លោក សុភារ ថានិយាយថា មូលហេតុដែលលោកសម្រេចចិត្តសរសេរសៀវភៅមួយក្បាលនេះ ព្រោះលោក «ចង់ឲ្យអ្នកអាន អ្នក​សិក្សា​ខ្មែរយើងមាន​ចំណេះ​ទូលាយ យល់ដឹងពីអ្វីដែលគេបាននិងកំពុងធ្វើលើឆាកអន្តរជាតិ និងថា ការ​យល់​ដឹងពីការវិវឌ្ឍ​ក្នុង​ប្រទេស​តែមួយមុខមិនគ្រប់គ្រាន់ទេ យើងត្រូវបើកចក្ខុវិស័យឱ្យទូលាយ​ទៅកាន់​កិច្ចការ​ពិភព​លោក ដែល​កំពុង​វិវឌ្ឍន៍យ៉ាងលឿនស្លេវនាពេលបច្ចុបន្ននេះ»។

លោក សំណូមពរមិត្តអ្នកអាន ស្វែងរកជាវសៀវភៅច្បាប់ដើម និងគួរជៀសវាងការលួចថតចម្លងចែកចាយ ដែលជាអំពើខុសច្បាប់ទៅនឹងកម្មសិទ្ធបញ្ញា៕

ពីភ្នំពេញទៅកាន់ក្រុងញូវយ៉ក៖ តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?

សៀវភៅដែលមានចំណងជើងថា “ពីភ្នំពេញទៅកាន់ក្រុងញូវយ៉ក៖ តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?” គឺជាសៀវភៅដែលបានសរសេរឡើងដោយមានការស្រាវជ្រាវដោយលោក យោង ចាន់សុភា ដែលមានបទពិសោធន៍ជាច្រើនលើការងារក្នុងអង្គការសហប្រជាជាតិ។

សៀវភៅនេះមានបំណងអោយមិត្តអ្នកអាន អ្នកសិក្សាខ្មែរយើងមានចំណេះដឹងទូលាយអំពីកិច្ចការការទូតដែលគេកំពុងធ្វើលើឆាកអន្តរជាតិ និងឥទ្ធិពលមកលើកម្ពុជាដែលជាប្រទេសតូច។

សៀភៅនេះចាត់ទុកជាឯកសារសំខាន់មួយ ដែលមានតម្លៃយូរអង្វែងសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយៗទៀតអំពីអង្គការពិភពលោកដ៏ធំមួយនេះ។ សៀវភៅនេះបានរៀបរាប់ពីការជ្រើសរើសលោកអគ្គលេខាធិការ កិច្ចការដែលចាក់ស្រេះនៅអង្គការសហប្រជាជាតិ រហូតដល់ការប្រជែងអសនៈកម្ពុជានៅអ.ស.ប និងដំណើរការក្តីនៃប្រសាទព្រះវិហាជាមួយប្រទេសថៃ។ល។

លោកយោង ចាន់សុភា បច្ចុប្បន្នជាប្រធាននាយកដ្ឋាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាសាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស (IFL) ផងដែរ។ លោកទើបតែបញ្ចប់បេសកកម្មការទូតដោយជោគជ័យនាពាក់កណ្តាលឆ្នាំ២០១៧កន្លងទៅនេះ ដោយមានតំណែងជាអគ្គរាជទូតតំណាងអចិន្ត្រៃយ៍រងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំក្រុងញូវយ៉ក ។

(សៀវភៅនេះមានជាភាសាខ្មែរ និងអង់គ្លេស ទើបតែបោះពុម្ភ និងដាក់លក់តាមបណ្តាសាកលវិទ្យាល័យ)

 

ក្រោយខ្នងនៃការបង្កើតអង្គការសហប្រជាជាតិ (United Nations)

មុននឹងមានការបង្កើត United Nations ក្នុងឆ្នាំ១៩៤៥ ពិភពលោកមានអង្គការអន្តរជាតិមួយបង្កើតមុនអង្គការសហប្រជាជាតិរួចទៅហើយ។ អង្គការនោះមានឈ្មោះថា League of Nations (សម្ព័ន្ធប្រជាជាតិ)។ ដោយសារមូលហេតុដែល League of Nations ដួលរលំ ហើយមិនអាចទប់ស្កាត់សង្គ្រាមលោកលើកទី២បាន ទើបបណ្តាប្រទេសសម្ព័ន្ធមិត្តមាន សហរដ្ឋអាមេរិច អង់គ្លេស បារាំង សហភាពរុស្ស៊ី និងចិន ប្តេជ្ញាបង្កើត United Nations ឡើងដើម្បីទប់ស្កាត់ប្រទេសមហាអំណាចលោភលន់ឈ្លានពានដូចជា អាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលី បន្ទាប់សង្គ្រាមលោកលើកទី២បានបញ្ចប់។ ដូចនេះ គោលបំណងចម្បងនៃការបង្កើតអង្គការសហប្រជាជាតិ គឺដើម្បីមានសន្តិភាពពិភពលោក។

ប៉ុន្តែបន្ទាប់ពីបានបង្កើតអង្គការអន្តរជាតិនេះឡើងមក អ្នកនយោបាយជាច្រើនថ្វីត្បីតយល់ស្របនឹងមូលហេតុទប់ស្កាត់សង្គ្រាមនិងរក្សាសន្តិភាព ក៏មានការបកស្រាយជាច្រើនទៀតដែរ។

ទី១៖ អំណាចលើប្រទេសដទៃ

ការបង្កើតអង្គការសហប្រជាជាតិ ត្រូវបានផ្តួចផ្តើមដោយប្រទេសសហរដ្ឋអាមេរិច អង់គ្លេស បារាំង សហភាពរុស្ស៊ី និងចិន។ ដូចនេះប្រទេសទាំង៥ បានក្លាយទៅជាសមាជិកអចិន្ត្រៃយ៍ (5 permanent members) ដែលមានសិទ្ធវេតូ (veto) រាល់ការសម្រេចចិត្តលើកិច្ចការពិភពលោកបាន។ រហូតមកដល់ពេលនេះ ប្រទេសទាំង៥មិនមានឆន្ទះ បន្ថែមសមាជិកអចិន្ត្រៃយ៍ទៀតឡើយ។ នេះបង្ហាញថាប្រទេសទាំង៥ អាចប្រើប្រាស់អង្គការសហប្រជាជាតិដើម្បីបំរើផលប្រយោជន៍សន្តិសុខ និងនយោបាយរបស់ប្រទេសខ្លួន។

ទី២៖ បំរើមនោគមន៍វិជ្ជារបស់ប្រទេសមហាអំណាច

ក្រោយចប់សង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥ សង្គ្រាមត្រជាក់បានកើតឡើងក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ ដោយមានសហរដ្ឋអាមេរិច អង់គ្លេស បារាំងខាងមនោគមន៍វិជ្ជាប្រព័ន្ធសេរី និងសភាពរុស្ស៊ី និងចិនខាងមនោគមន៍វិជ្ជាកុម្មុយនីស។ ចុងក្រោយអង្គការសហប្រជាជាតិនៅតែមិនអាចទប់ស្កាត់សន្តិភាពបាន ដោយសង្គ្រាមត្រជាក់ត្រូវបានប្រើប្រាស់ដោយប្រទេសមហាអំណាចទាំងនោះ លើប្រទេសតូចៗដែលបង្ករអោយមានសង្គ្រាមក្នុង ប្រទេសវៀតណាម កម្ពុជា កូរេ បណ្តាប្រទេសនៅអឺរ៉ុបខាងកើត អាមេរិចឡាទីន និងតំបន់អាហ្រិក ជាដើម។ ដូចនេះ អស់ជាច្រើនទសវត្ស អ្នកសិក្សានយោបាយបានឃើញថា ប្រទេសសមាជិកអចិន្ត្រៃយ៍ បានប្រើប្រាស់អង្គការសហប្រជាជាតិបម្រើផលប្រយោជន៍របស់ពួកគេប៉ុណ្ណោះ។ នៅពេលអង្គការសហប្រជាជាតិបញ្ចេញសកម្មភាព នោះបានន័យថាសកម្មភាពជួយពិភពលោកមិនមានផលប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសទាំង៥នោះទេ។ នៅពេលដែលអង្គការសហប្រជាជាតិ មិនអាចសម្រេចចិត្តលើកិច្ចការណាមួយ បានន័យថាកិច្ចការនោះប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសទាំង៥។ នៅក្នុងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាកំពុងជួបប្រទះអំពើប្រល័យពូជសាសន៍ ប៉ុន្តែមិនមានប្រទេសសមាជិកអចិន្ត្រៃយ៍មួយណាចេញមុខការពារឡើយ ព្រោះវាមានជាប់ពាក់ព័ន្ធនឹងសហភាពរុស្ស៊ី និងប្រទេសចិន រីឯអាមេរិចទើបតែចាញ់សង្គ្រាមវៀតណាមលែងសំលឹងមើលផលប្រយោជន៍លើតំបន់ឥណ្ឌូចិនទៀត។​

ទី៣៖ ជួយកសាងរដ្ឋអោយប្រទេសតូច

មានប្រទេសជាច្រើនដែលទើបរួចផុតពីអាណានិគម និងប្រទេសដែលត្រូវបានបំផ្លាញដោយសង្គ្រាមលោកលើកទី២។ យើងអាចនិយាយបានថា នេះជាភាពជោគជ័យជាងគេរបស់អង្គការសហប្រជាជាតិលើការជួយបង្កើតរដ្ឋាភិបាលថ្មីដល់ប្រទេសទន់ខ្សោយទាំងនោះ។ ប្រទេសទន់ខ្សោយទាំងនោះភាគច្រើនមាននៅអឺរុបខាងកើត អាស៊ី និងអាហ្រិក។ ប្រទេសកម្ពុជាក៏ទទួលបានការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិបង្កើតរដ្ឋាភិបាលដោយមានការបោះឆ្នោតសេរីក្នុងឆ្នាំ១៩៩៣​ផងដែរ (សម័យ UNTAC)។

ទី៤៖ ផលប្រយោជន៍ សេដ្ឋកិច្ច vs បរិស្ថាន និងសិទ្ធិមនុស្ស

បន្ទាប់ពីសង្គ្រាមត្រជាក់បញ្ចប់នៅឆ្នាំ១៩៨៩ កិច្ចការពិភពលោកបានប្តូរទិសដៅពីបញ្ហាសន្តិសុខ និងនយោបាយខ្លាំង ទៅរកបញ្ហាថ្មីៗដូចជា ការផ្តោតសំខាន់លើអំណាចសេដ្ឋកិច្ច កត្តាធនធានដូចជា រ៉ែ ប្រេង ព្រៃ និងបញ្ហាសិទ្ធមនុស្សវិញម្តង។ ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងត្រូវការប្រើប្រាស់ឧស្សាហកម្មខ្លាំង ហើយប្រទេសដែលបំពុលបរិស្ថានច្រើនជាងគេគឺប្រទេសចិន និងសហរដ្ឋអាមេរិច ដែលជាប្រទេសផ្តោតលើឧស្សាហកម្មផលិតកម្មច្រើន ដើម្បីនាំចេញ។ ដោយសារផលប្រយោជន៍សេដ្ឋកិច្ចនេះ ទើបប្រទេសសមាជិកអចិន្ត្រៃយ៍ទាំងនោះមិនសូវមានឆន្ទះក្នុងការដោះស្រាយវិបត្តិបរិស្ថាន ដូចជាការ​កើនឡើង​កំ​ដៅ​ភព​ផែនដី ជាដើម ហើយផលប៉ះពាល់អាចជះដល់ពិភពលោកទាំងមូល។ បើនិយាយពីបញ្ហាសិទ្ធមនុស្ស ប្រទេសចិន និងរុស្ស៊ី មិនសូវអើពើឡើយ ព្រោះរដ្ឋាភិបាលទាំង២ ក៏មានការប្រើប្រាស់កំលាំងយោធាដើម្បីទប់ស្កាត់ជនជាតិដែលចង់រើបំរាស់ពីការគ្រប់គ្រងរបស់ខ្លួនដែរ។ នៅក្នុងឆ្នា២០០៣ សហរដ្ឋអាមេរិចបានចូលឈ្លានពានប្រទេស អ៊ីរ៉ាក់ ដោយគ្មានសេចក្តីយល់ព្រមពីអង្គការសហប្រជាជាតិ ហើយអ្នកនយោបាយជាច្រើនបានលើកឡើងថា ប្រេង គឺជាកត្តាចម្បងដែលសហរដ្ឋអាមេរិចលើកទ័ពពលីក្នុងប្រទេអ៊ីរ៉ាក់។ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ាក់នោះ ក៏មានការលើកឡើងនូវបញ្ហាបំពានសិទ្ធមនុស្សដោយសហរដ្ឋអាមេរិចផងដែរ ដូចជា ធ្វើទារុណកម្មសួរចម្លើយ និងការប្រើប្រាស់ដ្រូនបញ្ជាបាញ់គ្រាប់ដែលអាចសម្លាប់ប្រជាជនធម្មតាផងដែរ។