Tag Archives: US in World War II

ហេតុអ្វីសហរដ្ឋអាមេរិច ដំបូងបដិសេធ រួចហើយសម្រេចចិត្តលូកដៃចូលសង្គ្រាមលោកលើកទី២វិញ?

សហរដ្ឋអាមេរិចសព្វថ្ងៃមិនដូចសហរដ្ឋអាមេរិចកាលពីមុនទេ។ សព្វថ្ងៃសហរដ្ឋអាមេរិចជាប្រទេសមហាអំណាច មានសង្គ្រាមត្រង់ណា ទោះបីមិនចង់ក៏ត្រូវសហគមន៍អន្តរជាតិបង្ខំអោយចេញមុខអន្តរាគមន៍ដើម្បីសន្តិភាពពិភពលោកដែរ។ ប៉ុន្តែអ្នកធ្លាប់បានដឹងទេថាសហរដ្ឋអាមេរិចមិនចង់លូកដៃចូលសង្គ្រាមលោកលើកទី២នោះទេ។

តើមកពីសហរដ្ឋអាមេរិចខ្លាចកងទ័ពអាល្លឺម៉ង់មែនទេ?

មានមូលហេតុ៣យ៉ាងដែលសហរដ្ឋអាមេរិចដំបូងឡើយសម្រេចចិត្តមិនចូលសង្គ្រាម។

មូលហេតុទី១៖ គោលនយោបាយផ្តាច់ខ្លួន​ (isolationism)

នៅឆ្នាំ១៩៣៩ ប្រធានាធិបតី Franklin Delano Roosevelt របស់សហរដ្ឋអាមេរិច​ បានកោះហៅមន្ត្រីប្រជុំពិភាក្សាលើសង្គ្រាមលោកលើកទី២នៅអឺរ៉ុប ហើយបានសម្រេចចិត្តថាមិនលូកដៃចូលសង្គ្រាមនេះទេ ព្រោះសហរដ្ឋអាមេរិចមិនមានផលប្រយោជន៍ច្រើនពីសង្គ្រាម។ បើត្រូវលូកដៃចូលក្នុងភ្លើងសង្គ្រាមនោះ ប្រទេសនឹងបាត់បង់ជីវិតកងទ័ពជាច្រើននាក់ទៀតមិនខាន ព្រោះសហរដ្ឋអាមេរិចទើបតែបានបាត់បង់កងទ័ពជាច្រើនក្នុងសង្គ្រាមលោកលើកទី១នៅអឺរ៉ុប។ គោលនយោបាយរបស់លោក Roosevelt គឺគ្រាន់តែចង់បន្តធ្វើប្រទេសមហាអំណាចនៅក្នុងទ្វីបអាមេរិចប៉ុណ្ណោះ ហើយមិនចង់រវល់នឹងជំលោះក្នុងទ្វីបដទៃនោះទេ។ បើសង្គ្រាមលោកលើកទី២កើតនៅអឺរ៉ុប ទុកអោយប្រទេសដណ្តើមអំណាចទាំងនោះប្រកួតគ្នាចុះ។ ជំហរនេះត្រូវបានគាំទ្រដោយប្រជាជនអាមេរិចស្ទើរតែ៩០ភាគរយ។

មូលហេតុទី២៖ វិបត្តិសេដ្ឋកិច្ច (Great Depression)

នៅក្នុងទសវត្សឆ្នាំ១៩៣០ ពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិចគឺជាប្រទេសមួយដែលរងនូវឥទ្ធិពលនោះ ដូចនេះបើចូលក្នុងសង្គ្រាម គឺត្រូវចំណាយថវិកាជាតិតបន្ថែមទៀត។ គំនិតនេះប្រាកដជាធ្វើអោយប្រជាជនមិនសប្បាយចិត្ត ព្រោះគ្មានមូលហេតុអ្វីដែលត្រូវចំណាយទាំងជីវិតមនុស្ស និងថវិកា ទៅជួយប្រទេសដទៃនៅអឺរ៉ុប។ ទាល់តែមានបុព្វហេតុ ទើបសង្គ្រាមអាចកើតមាន។ ដូចនេះវិបត្តិសេដ្ឋកិច្ចជាមូលហេតុមួយ។

មូលហេតុទី៣៖ យោធាខ្សោយជាងអាល្លឺម៉ង់

សហរដ្ឋអាមេរិចបានដឹងយ៉ាងច្បាស់ថាអាល្លឺម៉ង់មានកងទ័ពច្រើនណាស់ ហើយអាមេរិចមិនតិចជាង រីឯសពាវុធគឺមិនសូវទំនើបដូចអាល្លឺម៉ង់ដែលទើបតែបង្កើតថ្មី។ ភាគច្រើនសពាវុធគឺប្រើបច្ចេកវិទ្យាសល់ពីសង្គ្រាមលោកលើកទី១។​ ដូចនេះបើប្រៀបកំលាំង ក៏អាចដឹងថាសហរដ្ឋអាមេរិចត្រូវពលីធំណាស់ បើចង់ចូលសង្គ្រាម។

មូលហេតុសហរដ្ឋអាមេរិចចូលក្នុងសង្រ្គាមលោកលើកទី២

ថ្វីត្បិតតែសហរដ្ឋអាមេរិចមិនចូលសង្គ្រាមលោកលើកទី២ ប៉ុន្តែសហរដ្ឋអាមេរិចចង់ការពារប្រទេសអង់គ្លេស និងចង់អោយអាល្លឺម៉ង់ចាញ់សង្គ្រាម។ នៅក្នុងឆ្នាំ១៩៤០ មានតែប្រទេសអង់គ្លេសប៉ុណ្ណោះដែលអាចទប់ទល់ជាមួយអាល្លឺម៉ង់បាន ក្រៅពីនោះប្រទេសដែលចាញ់ទ័ពអាល្លឺម៉ង់មានស្ទើរតែទាំងអស់ទៅហើយដូចជា បារាំង ប៉ូញឡូញ ណវេ ដាណឺម៉ាក ហូឡង់ និងបេលហ្សិក។ នៅឆ្នាំ១៩៤១ សហរដ្ឋអាមេរិចចុះកិច្ចព្រមព្រៀង Lend-Lease Act ជាមួយអង់គ្លេស ដែលសភាអាមេរិចអនុញ្ញាតអោយផ្តល់ជំនួយយោធាដល់ប្រទេសខាងក្រៅប្រយុទ្ធដើម្បីផលប្រយោជន៍សន្តិសុខអាមេរិចផងដែរ។ ជំនួយនេះហាក់បីដូចជាសហរដ្ឋអាមេរិចចូលសង្គ្រាមពាក់កណ្តាលអីចឹង ប៉ុន្តែអាមេរិចនៅតែប្តេជ្ញាមិនចូលសង្គ្រាមដាច់ខាត។ កិច្ចព្រមព្រៀងនេះបានដឹងដល់កងទ័ពណាស៊ីសអាល្លឺម៉ង់ និងហ្វាស៊ីសជប៉ុន ហើយអាល្លឺម៉ង់ក៏ប្រកាសសង្រ្គាមជាមួយសហរដ្ឋអាមេរិច។ ទោះជាយ៉ាងណាក៏ដោយក៏សហរដ្ឋអាមេរិចមិនបានប្រកាសចូលសង្រ្គាមឡើយ ទោះមានការគម្រាមពីអាល្លឺម៉ង់ក្តី។

នៅខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានបញ្ជូនយន្តហោះចម្បាំងចំនួន៣៦០គ្រឿងទំលាក់គ្រាប់បែកនៅកំពង់ផែ Pearl (Pearl Harbor) នៅរដ្ឋ ហាវៃ ដើម្បីកំទេចជំនួយយោធារបស់សហរដ្ឋអាមេរិច និងសំលាប់នាវិករបស់អាមេរិចចំនួន២៣០០នាក់។ ការស្លាប់ប្រជាជនរបស់សហរដ្ឋមេរិចនៅ Pearl Harbor នេះហើយដែលបង្កើតអោយមានបុព្វហេតុ សម្រាប់ប្រទេសមហាអំណាចនេះចូលសង្គ្រាមលោកលើកទី២ដែរ។ ភ្លាមនោះប្រជាជនអាមេរិចបានងាកមកគាំទ្រសង្គ្រាមវិញ ព្រោះដឹងថាអាល្លឺម៉ង់មានចេតនាសម្លាប់មនុស្ស និងជនជាតិអាមេរិច។ ដោយមានការគាំទ្រពីគណបក្សប្រឆាំងផងនោះ សភាអាមេរិចបានយល់ព្រមអោយបញ្ចេញកងទ័ព។

ក្រោយសហរដ្ឋអាមេរិចចូលក្នុងសង្គ្រាម នៅឆ្នាំ១៩៤៣ កងទ័ពសហរដ្ឋអាមេរិចនិងអង់គ្លេសបានយកឈ្នះទ័ពអ៊ីតាលីនិងអាល្លឺម៉ង់នៅទ្វីបអាហ្រិក។ សហភាពសូវៀតបានបែកបាក់ជាមួយនឹងអាល្លឺម៉ង់ហើយឆ្លៀតឱកាសវាយអាល្លឺម៉ង់នៅពេលកងទ័ពណាស៊ីសកំពុងទប់ទល់នឹងកងទ័ពសហរដ្ឋអាមេរិចនិងអង់គ្លេស។ អាល្លឺម៉ង់ចាញ់សង្គ្រាមនៅខែឧសភាឆ្នាំ១៩៤៥ ហើយហ៊ីត្លែបានធ្វើអត្ថឃាតខ្លួនឯងនៅលានដ្ឋានប៊ែកឡាំង។ នៅខែបន្ទាប់ជប៉ុនបានសុំចុះចាញ់បន្ទាប់ពីសហរដ្ឋអាមេរិចទំលាក់គ្រាប់បែកនុយក្លេអ៊ែរចំនួន២គ្រាប់នៅ Hiroshima និង Nagasaki ក្នុងខែសីហាឆ្នាំ១៩៤៥។

Article contributed by Sor Virakdara (translated briefly into Khmer)